Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករុករក​រ៉ែ​មួយ​ក្រុម​បាន​រក​ឃើញ «ដុំ​ថ្ម​ពណ៌​មាស» ដ៏​ធំ សង្ស័យ​ថា​ជា​កំណប់ទ្រព្យ​មានតម្លៃ​រាប់​លាន​ដុល្លារ

ថ្មីៗនេះ រូបភាពរបស់អ្នករុករករ៉ែមួយក្រុម នៅភាគខាងត្បូងប្រទេសហ្គាណា បានធ្វើឲ្យមានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញឲ្យឃើញពួកគេបានជីកប្រទះថ្មដ៏ធំមួយ ហើយសង្ស័យថាជាដុំមាស ដែលប៉ាន់ស្មានអាចមានតម្លៃរាប់លានដុល្លារ។

តាមប្រភពព័ត៌មាន Supercarblondie បានឲ្យដឹងថា យុវជនខ្លាំងៗចំនួន ៦ នាក់ បានប្រើកម្លាំងរបស់ពួកគេដោយផ្ទាល់ ដើម្បីរុញដុំថ្មដ៏ធ្ងន់នោះចេញពីទីតាំងចាស់របស់វា។ ប៉ុន្តែបន្ទាប់​ពីសម្អាត​យក​ភក់​ចេញ ពួកគេ​សង្កេត​ឃើញ​ថា ថ្ម​នោះ​មាន​ពណ៌​មាស ដែលភាគច្រើនទំនងជាដុំមាសដ៏ធំតែម្តង។

ពួកគេទាំងអស់គ្នា​សប្បាយ​ចិត្ត​ជា​ខ្លាំង ​បាន​រាំ និង​ថត​រូប​ជា​ច្រើន​សន្លឹក ជាមួយដុំ​មាសនេះ។ រូបថត​និង​វីដេអូ​ដែល​ថត​បាន​បន្ទាប់​ពី​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមអ្នករុករករ៉ែនេះមិនមានអាជ្ញាប័ណ្ណទេ ហើយអ្វីដែលពួកគេធ្វើគឺខុសច្បាប់។

នៅប្រទេសហ្គាណា ការជីកយករ៉ែមាស គឺជាបញ្ហាចម្បងជាច្រើនឆ្នាំមកហើយ។ អ្នកជីករ៉ែខុសច្បាប់ជាច្រើននាក់ ត្រូវបានចាប់ខ្លួន ឬសូម្បីតែគ្រោះថ្នាក់ជាងនេះទៅទៀត បានបាត់បង់ជីវិតដោយសារការបាក់រលំអណ្តូងរ៉ែ។ អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ​ថា រូបភាព​ក្រុម​កម្មករ​នេះ នឹងសាភាយ​ទៅ​ដល់​អាជ្ញាធរ​ឆាប់ៗ ហើយពួកគេ​នឹង​រឹបអូស​យក​ «ដុំ​មាស» ​នោះ។ ខណៈអ្នកផ្សេងទៀត ក៏ចង់ដឹងអំពីតម្លៃរបស់ដុំមាសនេះផងដែរ។

បច្ចុប្បន្ននេះ មន្ត្រីមូលដ្ឋានក្នុងប្រទេសនេះ​ មិនទាន់បានផ្តល់ចម្លើយណាមួយ អំពីការរកឃើញបច្ចុប្បន្នរបស់អ្នករុករករ៉ែវ័យៗក្មេងទាំងនោះ និងក៏ដូចជាតម្លៃនៃ «ដុំមាស» នេះទេ។

គួររម្លឹកថា ដុំមាសដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន ដែលមានទម្ងន់ ៧២ គីឡូក្រាម ត្រូវបានគេរកឃើញនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ១៨៦៩។ ដុំ​មាស​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ប្រហែល ២ លាន​ដុល្លារ។ តាមរយៈនេះ ប្រសិនបើ «ដុំថ្មមាស» របស់ក្រុមអ្នករុករករ៉ែនៅប្រទេសហ្គាណា ត្រូវបានកំណត់ថាជារបស់ពិត នោះតម្លៃរបស់វាមិនអាចតិចជាង ១ លានដុល្លារនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×