ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។
នៅព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរដល់បងប្អូនកម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន អបអរសាទរដល់បងប្អូនកម្មករ និយោជិតទាំងអស់ ដែលទទួលបាននូវការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៤ដុល្លារបន្ថែម ស្មើនឹង ២០៤ ដុល្លារក្នុងមួយខែ ដែលជាប្រាក់ខែគោល ដោយនឹងអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២៤ តទៅ។ ជាមួយនឹងការអបអរសាទរនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំចរចា និងបង្កើនប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ជាមួយនឹងក្រុមប្រឹក្សាភិបាលជាតិប្រាក់ឈ្នួលអប្បបរមា ដែលមាន ៣ ភាគី៖ (១) តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, (២) តំណាងនិយោជក និង (៣) តំណាងសហជីព ។ ក្នុងកាលៈទេសៈនេះ យើងលំបាកទាំងអស់គ្នា ក៏ប៉ុន្តែដោយឈរលើគោលការណ៍ “ចែកគ្នារស់ និងជួយគ្នារស់” ទើបយើងអាចរួមគ្នា និងយោគយល់គ្នាខ្ពស់ ហើយឈានដល់ការសម្រេចចេញបាននូវការដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ៤ ដុល្លារនេះ បើទោះបីជាតិច ប៉ុន្តែហោចណាស់យើងទទួលបានពិត ជាពិសេសយើងក៏អាចបន្តរក្សាការងារបានទៅមុខទៀត ដោយកម្មករ និយោជិត បន្តមានការងារធ្វើដោយមានប្រាក់ខែកើន ហើយរោងចក្រ សហគ្រាស ក៏អាចនឹងបន្តដំណើរការបាន និងបន្តជ្រើសរើសកម្ពុជា ជាដៃគូរសហការក្នុងការវិនិយោគផងដែរ នៅក្រោមការដឹកនាំ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ។

ជាមួយនឹងសមិទ្ធផល និងការសាទររីករាយខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ អំពីគោលការណ៍ និងការគិតគូររបស់រាជរដ្ឋាភិបាលចំពោះវិស័យពន្ធដារ ដែលកំពុងត្រូវបានមហាជនមានការចាប់អារម្មណ៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ៖ ១) ពន្ធដែលមានស្រាប់ គឺមិនមានតំឡើងអត្រាពន្ធ, ២) នឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងពន្ធដារ បន្ទាប់ពីកិច្ចប្រជុំជាមួយវិស័យឯកជននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ និង ៣) រាជរដ្ឋាភិបាលបន្តគោលការណ៍ក្នុងការមិនយកពន្ធលើ៖ ដីកសិកម្ម ដីស្រែ ជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារៈកសិកម្ម, ពន្ធកសិផលកសិកម្ម, ពន្ធអចលនទ្រព្យ តម្លៃទាបជាង ២ម៉ឺន៥ពាន់ដុល្លារ , ពន្ធប្រថាប់ត្រា អចលនទ្រព្យ ទាបជាង ៧ម៉ឺនដុល្លារ , ពន្ធប្រថាប់ត្រាពី ឳពុកម្តាយ មកកូន, យាយតាមកចៅ ប្រពន្ធ និងប្តី សម្រាប់អំណោយ តែ ១ លើក និងមរតក, ពន្ធផ្លូវសម្រាប់ទោចក្រយានយន្ត និងការអនុញ្ញាតឱ្យម្ចាស់តូបអាជីវកម្មទាំងផ្សាររដ្ឋ និងឯកជនអាចមានសិទ្ធិក្នុងការផ្ទេរកម្មសិទ្ធិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






