Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើ​មូលដ្ឋានព្រះពុទ្ធសាសនា

ភ្នំពេញ ៖ កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើ​មូលដ្ឋានព្រះពុទ្ធសាសនា, ជាពិសេស វប្បធម៌កតញ្ញូ, មេត្តា, ករុណា និងអហិង្សា ជាគោលការណ៍​សំខាន់សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងគ្រួសារ និងសង្គមជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈ យន្តការចំនួន៣ គឺ៖ ១/​ ការអប់រំបង្កើន​មូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាព, ពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត, ២/ ការអប់រំបង្កើនសមត្ថភាពក្នុងការ​ធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងអភិវឌ្ឍ​ផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និង៣/ ការអប់រំជួយសម្រួលដល់ការផ្ទេរ​បច្ចេក​វិទ្យា និងចំណេះដឹងថ្មីៗដទៃទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងជំរុញកំណើន​សេដ្ឋកិច្ច។

ឆ្លៀតឱកាសនេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ការអប់រំ គឺជាគន្លឹះ​យ៉ាង​សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍ​ជីវិតខ្លួនឯង, គ្រួសារ និងសង្គមជាតិ។ ការរៀនមិនត្រឹមតែចំណេះដឹងផ្ទាល់ខ្លួនប៉ុណ្ណោះទេ គឺជាការបង្កើននូវភាពជឿជាក់លើខ្លួនឯង ហើយ ក៏​បានលើកតម្កើងនូវសមត្ថភាពយ៉ាងពេញលេញ​ក្នុងការបំពេញភារកិច្ច, ការងារ ក៏ដូចជាការរស់​នៅ​ក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានេះ, ​ចំណេះដឹង គឺត្រូវមានទាំងផ្នែករឹង (Hard Skill) និងផ្នែកទន់ ​(Solf Skill) ដែលតម្រូវឱ្យអ្នកសិក្សាត្រូវមានទាំងចំណេះ ជំនាញ និងសតិ​អារម្មណ៍, សីលធម៌ និងគុណធម៌នៃការរស់នៅប្រចាំថ្ងៃផងដែរ។ សម្តេចបវរធិបតីនាយរដ្ឋមន្ត្រី បាន​បន្ថែមថា៖ ការអប់រំរបស់មនុស្ស និងសង្គមនីមួយៗ ត្រូវដើរទន្ទឹមគ្នា គឺប្រៀបបាននឹងការ​អភិវឌ្ឍ​វិស័យសាសនា ដែលត្រូវដើរព្រមគ្នាទាំងអាណាចក្រ និងពុទ្ធចក្រ។ ដូចនេះ, រាជរដ្ឋាភិ​បាលត្រូវ​ធានា​ទាំង​ពីរ ទាំងអាណាចក្រ និងពុទ្ធចក្រ ដោយត្រូវដើរទន្ទឹមគ្នា ហើយមិនមានការផ្ទុយគ្នារវាងសាសនា និងវិទ្យាសាស្ត្រនៃការរីកចម្រើមនោះទេ ដែលតម្រូវឱ្យឥរិយាបទរបស់មនុស្ស ត្រូវតែមានការអប់រំ និងបង្កើនជាប់ជាប្រចាំ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីការគ្រប់គ្រងនៃ​ការវិវត្ត​យ៉ាងជឿនលឿននៃបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដោយត្រូវឈរលើការយកច្បាប់មកអនុវត្ត, ផ្សារភ្ជាប់នឹងការអប់រំ ដោយបណ្តុះបណ្តាលតម្លៃក្នុងខ្លួនមនុស្សជាអាទិភាព។ ក្នុងន័យនេះ, យើងទាំងអស់គ្នា​បានដឹងថាការវិវត្តនៃសង្គម រួមទាំងឧបករណ៍ទំនាក់ទំនង ពិតជាបានដើរតួនាទីយ៉ាងសកម្ម ក្នុង​ជីវភាពរស់នៅ និងឥទ្ធិពលក្នុងសង្គម​ តួយ៉ាងការប្រើប្រាស់បណ្តាញសង្គម។ បើប្រើប្រាស់ត្រូវ គឺជួយ​ផ្តល់ផលល្អ និងវិជ្ជមាន​ក្នុង​សង្គម បង្កើតការចេះគិតគូរ, អំណត់, ថ្លឹងថ្លែង, ពិចារណា មុននឹង​ធ្វើសកម្មភាពអ្វីមួយ។ ដូចនេះ, ការសាងសង់សាលា និងអគារអន្តេវាសិកដ្ឋាននាថ្ងៃនេះសម្រាប់ផ្តល់ជូននិស្សិត ស្នាក់នៅ និងសិក្សារៀនសូត្រ គឺជាការកសាងសម្រាប់ការបណ្តុះបណ្តាលអប់រំមនុស្ស ក្នុងការរួម​ចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ការរៀបចំ និងធានាបាននូវការបណ្តុះបណ្តាល គឺជាការផ្តល់នូវ​សង្គមមួយដែលប្រកបដោយសុខដុមនីយកម្ម ដែលកើតដោយការអប់រំ ទាំងក្នុងសាលា និងសាសនា ដែលមិនអាចត្រឹមតែយកច្បាប់ទៅក្របដណ្តប់ និងអនុវត្តដាច់មុខនោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×