Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។

លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មានថា
អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល កំពុងសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត។

សូមរំលឹកថា អ្នកស្រី ចិន ស្រីដា ដែល លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ជាកូនបំណុលប្តឹងឱ្យជាប់ពន្ធនាគារនោះ ពេលនេះ ត្រូវបានសាលាឧទ្ធរណ៍ខេត្តបាត់ដំបង សម្រេចដោះលែង ឱ្យនៅក្រៅឃុំវិញហើយ។

ចំណែក លោក សម្បត្តិ កុសល ដែលខ្ចីលុយគេទៅឡើងសក្តិ ហើយប្តឹងម្ចាស់លុយ ដាក់គុក ក៏ត្រូវបាន លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច
ផ្ទេរភារៈកិច្ច ពីស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ អោយមកបម្រើការងារ នៅនាយកដ្ឋានវិទ្យុទាក់ទងចំណុះអគ្គស្នងការនគបាលជាតិ វិញ។

សាលាដំបូងខេត្តបាត់ដំបង បានសម្រេចដោះលែងស្ដ្រីម្នាក់ឈ្មោះ ចិន ស្រីដា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីត្រូវបានសាលាដំបូងខេត្តសៀមរាបឃុំខ្លួន កាលពីពេលកន្លងទៅនេះ តាមបណ្ដឹងរបស់ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីបទ «គំរាមកំហែងហែកកេរ្ដិ៍»។

លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ជាកូនបំណុលរបស់ស្ដ្រីឈ្មោះ ចិន ស្រីដា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង បានអះអាងថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបងបានបើកសវនាការ ជាអសាធារណៈ ជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ (មុនអង្គសេក្ដី) លេខ ៣៣៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ នាពេលសវនាការរួចមក ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាអសាធារណៈនូវ សាលដីកា ព្រហ្មទណ្ឌ លេខ ០៤ «ច» ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយបានសម្រេចសេចក្ដី ដោះលែងជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ឲ្យមានសេរីភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×