Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសម៉ាឡេស៊ី រៀបចំបិទសាលា និងបង្កើតទឹកភ្លៀង ដោះស្រាយគុណភាពខ្យល់សម្រាប់ពលរដ្ឋរបស់ខ្លួន

spot_img

រាជធានីគួឡាឡាំពួរ៖ ក្រោយពពកផ្សែងដ៏ក្រាស់ បាន និង កំពុងតែគ្របដណ្ដប់ មកលើដែនអាកាសរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់គុណភាពខ្យល់ដកដង្ហើមរួចមក អាជ្ញាធរម៉ាឡេស៊ី បានស្ដីបន្ទោស ទៅលើសកម្មភាពដុតព្រៃ ឈូសឆាយដីចម្ការដូងប្រេង នៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយឥឡូវ ប្រទេសអាស៊ានមួយនេះ កំពុងតែរៀបចំ បង្កើតទឹកភ្លៀងសិប្បនិមិត្ត  និងបិទសាលារៀនផងដែរ ដោយសារតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ដល់សុខភាពសាធារណៈ។

សារព័ត៌មានរបស់សិង្ហបុរី The Straits Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣ ខែតុលា ដោយដកស្រង់ពីលោក វ៉ាន់ អាប់ឌុល ឡាទីហ្វ វ៉ាន់ ចាហ្វហ្វា (Wan Abdul Latiff Wan Jaffar) អគ្គនាយក នាយកដ្ឋានបរិស្ថាន បានបញ្ជាក់ កាលពីយប់ ថ្ងៃចន្ទ (ទី២ ខែតុលា ) ថា បើតាមរយៈរូបភាពពីផ្កាយរណប នៃមជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន (ASMC) មានមូលដ្ឋាន នៅប្រទេសសិង្ហបុរី បានរកឃើញចំណុចក្តៅ ចំនួន១២១កន្លែង នៅកោះស៊ូម៉ាត្រា និង ១២២កន្លែង នៅកោះកាលីម៉ាតាន់ (Kalimantan) ប៉ុន្តែវាមិនមាននៅក្នុងប្រទេសម៉ាឡេស៊ី នោះឡើយ។

លោកអគ្គនាយក នាយកដ្ឋានបរិស្ថាន បានបន្ដ ថា បញ្ហាផ្សែងអ័ព្ទដ៏ក្រាសនេះ បានធ្វើឲ្យគុណភាពខ្យល់របស់ប្រទេសម៉ាឡេស៊ី កាន់តែយ៉ាប់យ៉ឺន ជាពិសេស នៅតំបន់ភាគខាងលិច នៃឧបទ្វីបម៉ាឡេស៊ី រួមជាមួយនឹងតំបន់ ចំនួន១១ផ្សេងទៀត ត្រូវបានកត់ត្រា អំពីសន្ទស្សន៍ នៃការបំពុលបរិយាកាសមិនល្អ (API)។ រីឯ គុណភាពខ្យល់ បានបន្តធ្លាក់ចុះដល់កម្រិតមិនល្អ នៅតាមទីតាំងជាច្រើនទៀតក្នុងប្រទេស ជាពិសេសឆ្នេរភាគខាងលិចនៃឧបទ្វីប។

នាយករដ្ឋានបរិស្ថានម៉ាឡេស៊ី បានបញ្ជាក់ ថា  រដ្ឋាភិបាលគួឡាឡាំពួរ នឹងព្យាយាមធ្វើឱ្យមានភ្លៀងធ្លាក់ ដោយការបណ្ដុះដុំពពក ហើយ រៀបចំបិទសាលារៀន ។ ការសម្រេចចិត្តបែបនេះ ដោយសារតែមានការព្រួយបារម្ភ អំពីគុណភាពខ្យល់ នៅតាមកន្លែងផ្សេងៗជាច្រើន កាន់តែយ៉ាប់យ៉ឺនឡើង ហើយវាបានបង្កើនការភ័យខ្លាច អំពីការបំពុលជាថ្មី បង្កឡើង ដោយសារតែភ្លើងឆេះព្រៃ។

អាជ្ញាធរម៉ាឡេស៊ី បានអះអាង ថា ស្ទើរតែរៀងរាល់រដូវប្រាំង ផ្សែងហុយចេញពីភ្លើងឆេះ នៅក្នុងកន្លែងឈូសឆាយដីចម្ការដូងប្រេង ចម្ការឈើ និង ចម្ការក្រដាស ស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី។ សកម្មភាពនេះ បានបង្កឲ្យពពកផ្សេងដ៏ក្រាស នៅលើផ្ទៃមេឃពាសពេញតំបន់ជាច្រើន ហើយវានឹងនាំមកនូវហានិភ័យដល់សុខភាពសាធារណៈ និង ជាការព្រួយបារម្ភ ដល់ប្រតិបត្តិករទេសចរណ៍ និង ក្រុមហ៊ុនអាកាសចរណ៍ ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×