Wednesday, November 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែតលោក ផាត់ ហ៊ន និងលោក ខាន់ សារ័ត្ន ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំ

ក្រោយកិច្ចប្រជុំនៅមន្ទីរព័ត៌មានខេត្តស្វាយរៀង នាវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ អ្នកកាសែត ២នាក់ ឈ្មោះ ផាត់ ហ៊ន និងខាន់ សារ័ត្ន ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង នាំខ្លួនទៅសួរនាំ ពាក់ព័ន្ធនឹងការប្រើកាយវិការមិនសមរម្យ បៀតបៀនទៅលើនារីជនជាតិវៀតណាមម្នាក់ ដែលជាអ្នកផ្តល់អាវុធទៅឱ្យឧក្រិដ្ឋជន នៅក្នុងតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នកកាសែតអនឡាញ២នាក់ប្រចាំខេត្តស្វាយរៀង ត្រូវបាននគរបាលនាំខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយនៅមន្ទីរព័ត៌មានខេត្តស្វាយរៀងនាថ្ងៃត្រង់ ១៩.១១.២៥ នេះ ។ គេថា អាចទាក់ទងទៅនឹងសំណុំរឿង បៀតបៀនជាសាធារណៈទៅលើនារីជនជាតិវៀតណាម ដែលជាជនសង្ស័យក្នុងរឿងរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង។

សួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។

តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។

បន្ថែមលើនេះ នៅព្រឹកនេះ មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×