ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៣, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី“គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយនេះឱ្យបានទូលំទូលាយក្នុងស្មារតីជំរុញការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងសុន្ទរកថាថា “ខ្ញុំនៅចាំបានថា កាលពីខែ មេសា ឆ្នាំ ២០២២, ខ្ញុំបានធ្វើជាអធិបតី ក្នុងសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី «គោលនយោបាយ និង ទិសដៅនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ កម្ពុជា», ដែលកាលនោះ, ក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ទើបចាប់ផ្ដើមធ្វើការពិគ្រោះយោបល់ និង ប្រមូលធាតុចូលល្អៗ ពីគ្រប់តួអង្គពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការតាក់តែងឯកសារគោលនយោបាយនេះ ។ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨», ដែលយើងបាន ចាយពេលអស់ប្រមាណមួយឆ្នាំ ដើម្បីរៀបចំបានចប់សព្វគ្រប់, ពេញលេញ និង គ្រប់ជ្រុង- ជ្រោយ, រហូតត្រូវបានដាក់ផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃនេះ, គឺជាសមិទ្ធផលមួយដ៏មាន សារៈសំខាន់ គួរជាទីមោទនៈ សម្រាប់ជាមគ្គទេសក៍ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុ ដែលត្រូវបានហៅកាត់ថា៖ «បច្ចេកវិទ្យាហិរញ្ញវត្ថុ» ឬ «FinTech» ជាភាសាអង់គ្លេស, សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង ផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅ រួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យកាន់តែមាន ភាពរស់រវើក “។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា តាមរយៈ នយោបាយឈ្នះ-ឈ្នះ, កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផល ធំៗជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង បានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ តាមរយៈការអនុវត្ត ប្រកបដោយជោគជ័យ នូវ យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត ចតុកោណ, ទាំងបួនដំណាក់កាល, ព្រមទាំងគោលនយោបាយ និង ផែនការយុទ្ធសាស្ត ពាក់ព័ន្ធផ្សេងទៀត ។ អគ្គបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ, មុតស្រួច និង ទាន់ពេល បានជំរុញឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត ប្រមាណ ៧% ជាមធ្យម ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ មុនការ- មកដល់នៃជំងឺកូវីដ-១៩ ។ លើសពីនេះ, ជាមួយនឹងមូលដ្ឋានសង្គម-សេដ្ឋកិច្ចដ៏រឹងមាំ ប្រកប ដោយចីរភាព, បរិយាប័ន្ន, សមធម៌ និង ធន់នឹងវិបត្តិ, សេដ្ឋកិច្ចជាតិបាន និង កំពុងបន្ត ងើបឡើងវិញ បន្ទាប់ពីទទួលរងនូវការបង្អាក់ ដោយវិបត្តិជាសកលនៃជំងឺកូវីដ-១៩ និង ទោះបីជាកម្ពុជា ត្រូវបន្តជួបប្រឈមនឹងសភាពការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ រួមមាន៖ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយ, ពិសេស សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន, និង កំណើនយឺតនៃសេដ្ឋកិច្ចសកល, ព្រមទាំងការថមថយ នៃតម្រូវការនៅតាមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ជាដើម ។
សមិទ្ធផលទាំងនេះក៏បាន និង កំពុងជំរុញ និង លើកទឹកចិត្តដល់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំប្រកបដោយជវភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក- រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និង សម្លឹងឆ្ពោះទៅមុខ ប្រកបដោយក្តីសង្ឃឹម, ភាពជឿជាក់ និង ឆន្ទៈមោះមុត ក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

ក្នុងយុគសម័យបដិវត្ត ឧស្សាហកម្មថ្មី ៤.០, បច្ចេកវិទ្យាឌីជីថលបានបោះជំហាន យ៉ាងលឿន និង បានក្លាយជាកត្តាគន្លឹះ ជំរុញការគ្របដណ្តប់ និង ការតភ្ជាប់សង្គម និង សេដ្ឋកិច្ចនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតល្មួត, ខិតជិតគ្នា និង ពឹងគ្នាទៅវិញទៅមក ។ បច្ចុប្បន្ន, គ្រប់វិស័យនៃសេដ្ឋកិច្ច និង តំបន់ភូមិសាស្ត្រ, ទាំងទីប្រជុំជន និង ជនបទ; ព្រមទាំងបុគ្គល, ទាំងវ័យក្មេង និង វ័យចំណាស់, សុទ្ធសឹងកំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា,
ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលបាន និង កំពុង៖ (១)-កែប្រែរបៀបក្នុងការធ្វើធុរកិច្ច ឬ ម៉ូដែលធុរកិច្ច; (២)-ផ្លាស់ប្តូរទម្លាប់រស់នៅ ឬ ជីវិតប្រចាំថ្ងៃ ក្នុងការប្រាស្រ័យទាក់ទង និង ការបំពេញការងារ; និង (៣)-ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង ប្រសិទ្ធភាពការងារ ។ មិនថាមានការអភិវឌ្ឍក្នុងកម្រិតណានោះទេ, ប្រទេសដែលមានសេដ្ឋកិច្ច កំពុងលូតលាស់ ឬ ប្រទេសកំពុងអភិវឌ្ឍ អាចចាប់យកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីផ្លាស់ប្ដូរពីឧស្សាហកម្មបែបប្រពៃណី ទៅឧស្សាហកម្មទំនើបបាន ក្នុងរយៈពេលខ្លី តាមរយៈ៖ (១)-ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាវិស័យចន្ទល់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច; (២)-ការប្រែក្លាយបច្ចេកវិទ្យាឌីជីថលជាកាតាលីករ ក្នុងការគាំទ្រ និង ជំរុញវិស័យផ្សេងៗ នៃសេដ្ឋកិច្ច; និង (៣)-ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់លទ្ធភាពឱ្យធុរជន និង វិនិយោគិនក្នុងស្រុក អាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផលិតកម្មតំបន់ និង សកល ក៏ដូចជា ស្វែងរកភាពច្នៃប្រឌិត ក្នុងការផលិតទំនិញ និង ការផ្តល់សេវាកម្ម ។
ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅរកការសម្រេចបាន នូវចក្ខុវិស័យរយៈពេលវែង របស់ខ្លួន និង ដោយមើលឃើញពីសក្តានុពលនៃវិស័យបច្ចេកវិទ្យាឌីជីថលនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥» ដែលជាផែនទីបង្ហាញផ្លូវ និង ជាក្របខណ្ឌការងារនៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការទាញយកប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍសង្គម និង សេដ្ឋកិច្ច ។ ជាងនេះទៀត, រាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក៏បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ត្រូវបានរំលេចយ៉ាងច្បាស់ ដោយត្រូវបានកំណត់ក្នុងបញ្ចកោណទី ៥ ហើយ ការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាមុំមួយ ក្នុងចំណោមមុំទាំង ៥ នៃបញ្ចកោណទី ៥ ។

នៅមុននេះបន្តិច, សុន្ទរកថាគន្លឹះរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានផ្ដោតលើទិដ្ឋភាពវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និង សុន្ទរកថាគន្លឹះរបស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ដែលបានផ្តោតលើទិដ្ឋភាពហិរញ្ញវត្ថុ ក្នុងវិស័យធនាគារ, បានឆ្លុះបញ្ចាំងឱ្យឃើញ ពីសន្ទុះនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, ទាំងវិស័យធនាគារ និង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ។ ក្នុងនោះ, បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍ វិស័យទាំងពីរនេះ មានសន្ទុះវិវឌ្ឍយ៉ាងរហ័ស, ទាំងទំហំ និង វិសាលភាព, ជាពិសេស តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើត និង ធ្វើឱ្យកាន់តែប្រើសើរ នូវសេវា និង ផលិតផលហិរញ្ញវត្ថុ ។

ដើម្បីចាប់យកកាលានុវត្តភាព និង សក្តានុពលដ៏ធំធេង ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ក្នុង ការដឹកនាំ និង ការសម្របសម្រួល ដើម្បីរៀបចំ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែង ប្រកបដោយ មហិច្ឆតា និង ភាពប្រាកដនិយម គឺ «អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃ ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ការជំរុញនវានុវត្តន៍ ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង ផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាដ៏រស់រវើក» ដោយឈរលើគោលការណ៍ធំៗចំនួន ៣ រួមមាន៖ (១)-ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ; (២)-ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ; និង (៣)-ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។

ក្នុងទិសដៅនេះ, «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា. ២០២៣- ២០២៨» បានកំណត់គោលដៅចម្បងចំនួន ៤ ដោយចាត់ទុកការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាដើមឈើមួយដើម ឬ ហៅថា ដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Tree) ដោយរួម បញ្ចូលនូវ៖ (១)-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ដែលតំណាងដោយ «ដី»; (២)-ការអភិវឌ្ឍថ្នលឌីជីថលគ្រឹះ ដែលតំណាងដោយ «ឫស»; (៣)-ការជំរុញ ការប្រើប្រាស់ និង ការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ ដែលតំណាងដោយ «ដើម»; និង (៤)-ការជំរុញការអភិវឌ្ឍ និង នវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលតំណាងដោយ«មែក» ។
ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះ សម្រេចបានជោគជ័យ, វិធានការគោលនយោបាយ សរុបចំនួន ៥២ ត្រូវបានដាក់ចេញ ដោយការអនុវត្តវិធានការគោលនយោ- បាយទាំងអស់នេះ ត្រូវគោរពតាមអភិក្រមចំនួន ៣ គឺ៖ ទី១)-ការចាប់យក (Adoption);
សុន្ទរកថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣
ទី២)-ការកែសម្រប (Adaptation); និង ទី៣)-ការធ្វើនវានុវត្តន៍បន្ថែម (Further Innovation) ដោយឈរលើគោលជំហរ «ថែទាំដើមឈើឱ្យលូតលាស់ល្អ និង អាស្រ័យ ផលបាន ត្រូវការដីមានជីជាតិដែលអំណោយផលដល់ការស្រូបយករបស់រឹងមាំ និង ច្រើន ដែលអាចស្រូបយកជីជាតិបានល្អ សម្រាប់ទ្រទ្រង់ដល់ភាពរឹងមាំរបស់ដើម; ដើម រឹងមាំសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ល្អរបស់មែក និង មែកបែកសាខា ប្រកបដោយផ្លែផ្កា ច្រើន ដែលអាចអាស្រ័យផលបាន» ។ ជាការពិតណាស់, ដោយសម្លឹងឃើញការវិវឌ្ឍ យ៉ាងរហ័សនៃវិស័យបច្ចេកវិទ្យា ដែលពិបាកប៉ាន់ប្រមាណ, ឯកសារគោលនយោបាយនេះ ត្រូវបានចាត់ទុកជា «ឯកសាររស់» ដែលជាកម្មវត្ថុនៃការកែសម្រួលបន្ថែម នាអនាគត អនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ និង និន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាក់ស្ដែង ។
ដើម្បីសម្រេចចក្ខុវិស័យ និង គោលបំណងនៃគោលនយោបាយនេះ និង ដើម្បីឱ្យ វិធានការគោលនយោបាយដែលត្រូវបានដាក់ចេញ អាចសម្រេចបានប្រកបដោយប្រសិទ្ធភាពខ្ពស់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមស្នើឱ្យក្រសួង-ស្ថាប័ន និង គ្រប់តួអង្គពាក់ព័ន្ធ យកចិត្តទុកដាក់លើការងារ សំខាន់ៗចំនួន ៥ ដូចខាងក្រោម៖
ទី១-ក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ត្រូវរៀបចំផែនការ សកម្មភាពការងារជាក់ស្ដែង ហើយគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ត្រូវបន្ត សហការជាមួយក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធ ដើម្បីរៀបចំយន្តការក្របខណ្ឌតាមដាន និង វាយតម្លៃ ដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ឱ្យបានច្បាស់លាស់ ។
ទី២-ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចូលរួមឱ្យបានពេញលេញ ក្នុងការអនុវត្តគោលនយោបាយនេះ ប្រកបដោយស្មារតីបុរេសកម្ម, ភាពម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់ ។
ទី៣-ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវដកស្រង់ពិសោធន៍ និង រៀនសូត ជាប់ជាប្រចាំ ដោយត្រូវពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន ឱ្យបានកាន់តែប្រសើរ ដើម្បី មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាញយកប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាដែលកំពុង លេចឡើងថ្មីៗទាំងនេះ ។
ទី៤-គ្រប់តួអង្គពាក់ព័ន្ធ, ទាំងរដ្ឋ និង ឯកជន, នៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបន្តកិច្ចសហការជិតស្និទ្ធ, ចូលរួមដោយសកម្ម និង ធ្វើការបំពេញឱ្យគ្នាទៅវិញទៅមក, ដើម្បីបង្កើតសហថាមពល (Synergy) និង បរិស្ថានអំណោយផល ដល់ការអភិវឌ្ឍបច្ចេក- វិទ្យាហិរញ្ញវត្ថុដ៏រស់រវើក ។
ទី៥-គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ត្រូវបន្តកិច្ចសហការជិតស្និទ្ធ ជាមួយធនាគារជាតិនៃកម្ពុជា, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, សមាគម, វិស័យ ឯកជន និង គ្រប់តួអង្គពាក់ព័ន្ធទាំងអស់, ដើម្បីរួមគ្នារៀបចំជាវេទិការថ្នាក់ជាតិ ឬ អន្តរជាតិ ស្ដីពីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាប្រចាំឆ្នាំ, ដោយមានការចូលរួមទាំងវិស័យធនាគារ និង មិន មែនធនាគារ, ដើម្បីបង្កើតទំនាក់ទំនង, ពិភាក្សា និងចែករំលែកមេរៀន និង ពិសោធន៍ល្អៗ ក៏ដូចជាដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ឬ ក្តីកង្វល់នានា ដើម្បីស្វែងរកដំណោះស្រាយ តាមជាក់ស្ដែង ។
ដូចឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ក្នុងរបាយការណ៍មុននេះបន្តិច, ក្នុងសិក្ខាសាលានេះ នឹងមានការធ្វើបទបង្ហាញ ស្ដីពីខ្លឹមសារសង្ខេបនៃ «គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨» ព្រមទាំងមានកិច្ចពិភាក្សាស្តីពី ទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា និង ការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដែលជារបៀបវារៈបន្តក្នុងពិធីផ្សព្វផ្សាយ នាព្រឹកនេះ ។ ហេតុនេះ, ខ្ញុំសូមលើកទឹកចិត្តឱ្យអង្គពិធីទាំងមូល យកចិត្តទុកដាក់ស្ដាប់បទបង្ហាញ និង ចូលរួមវេទិកាពិភាក្សាឱ្យបានផុសផុល ដោយយកឱកាសនៃការជួបជុំគ្នា នាថ្ងៃនេះ ដើម្បី បង្កើតទំនាក់ទំនង, ចែករំលែកមេរៀន និង ពិសោធន៍ ដែលអាចនឹងរួមចំណែកបង្កើត សហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាមួយដ៏សកម្ម និងរស់រវើក នាអនាគត ។
អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអរគុណចំពោះក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ទាំងអស់, ជាពិសេស ធនាគារជាតិនៃកម្ពុជា និង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ដែលបានចូលរួមយ៉ាងសកម្ម និងបានផ្ដល់កិច្ចសហការជិតស្និទ្ធជាមួយគណៈកម្មាធិការ សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នាពេលកន្លងមក រហូតឯកសារគោលនយោបាយដ៏មាន សារៈសំខាន់នេះ ត្រូវបានបញ្ចប់ជាស្ថាពរ និង ត្រូវបានប្រកាសផ្សព្វផ្សាយ នាឱកាសនេះ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី