ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់តាមផ្លូវ ខណៈប្រពន្ធបានដឹកតាមម៉ូតូបម្រុងយកប្ដីទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីព្រឹកថ្ងៃទី ៤ខែតុលាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
សពបុរសដែលបានស្លាប់ខាងលើនេះ មានឈ្មោះហ៊ាត់ ហោយី អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០០ ផ្លូវបេតុង ភូមិព្រៃពីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្ដីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺទឹកនោមផ្អែមលើសឈាម និងបេះដូង ហើយនៅមុនពេលកើតហេតុព្រឹកមិញនេះ ប្ដីគាត់បានមានអាការៈឈឺយ៉ាងធ្ងន់ធ្ងរ ដោយបងប្អូនប្រាប់ថាឲ្យប្រញាប់ដឹកគាត់ ទៅពេទ្យឲ្យទាន់ពេលព្រឹកកុំចាំដល់ថ្ងៃអី ហើយប្រពន្ធរបស់គាត់បានប្រាប់ឲ្យប្ដីរបស់គាត់ ជិះកង់បីទៅមន្ទីរពេទ្យកាល់ម៉ែតមុនទៅ ចាំគាត់ជិះម៉ូតូទៅតាមក្រោយ តែប្តីរបស់គាត់មិនព្រមទៅមន្ទីរពេទ្យមុននោះទេ គាត់រង់ចាំឲ្យប្រពន្ធរបស់គាត់ដឹកតាមម៉ូតូវិញ ខណៈពេលដែលប្រពន្ធដឹកប្ដីតាមម៉ូតូដល់ចំណុចមុខក្រសួងការពារជាតិ ស្រាប់តែប្ដីរបស់គាត់បានប្រាប់ប្រពន្ធថា គាត់មានអាការៈដូចជាមិនសូវស្រួល ហើយក៏បានឲ្យប្រពន្ធឈប់ម៉ូតូសិន ខណៈពេលដែលគាត់ចុះពីលើម៉ូតូក៏បានដាច់ផ្ងារតែម្ដង ដោយប្រពន្ធឃើញអាការៈប្ដីបែបនេះ ក៏បានស្រែកឲ្យគេជួយ តែជាប្ដីរបស់គាត់បានស្លាប់ផុតទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងកម្លាំងជំនាញនគរបាលខណ្ឌ ៧ មករា និងកម្លាំងការិយាល័យកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសពហើយក៏បានធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម



