ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយក្នុងផេករបស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិផ្តល់ព័ត៌មាន ផ្តល់វត្ថុតាងឱ្យសមត្ថកិច្ច ឬប្តឹងបរិហារ អំពីបទល្មើសនោះ។
លោក អេង ហ៊ី បានបញ្ជាក់ថា “ប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានពុំមានសិទ្ធិចូលរួមធ្វើការស៊ើបអង្កេតរឿងក្តីព្រហ្មទណ្ឌដូចជា ការស្តាប់ចម្លើយ ការសម្ភាសន៍ជនសង្ស័យ ឬក៏នីតិវិធីផ្សេងទៀតឡើយ។ ច្បាប់បានកំណត់ច្បាស់ណាស់ មានតែនគរបាលយុត្តិធម៌ តំណាងអយ្យការអមសាលាដំបូង និងចៅក្រមស៊ើបសួរនៃសាលាដំបូងទើបមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតរឿងក្តីព្រហ្មទណ្ឌបាន។
ហើយការស៊ើបអង្កេតជាការសម្ងាត់ អ្នកដែលមានសមត្ថកិច្ចចូលរួមក្នុងការស៊ើបអង្កេត ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈរបស់ខ្លួន”។
អ្នកនាំពាក្យ បានបន្ថែមថា “នាពេលកន្លងទៅនេះ យើងសង្កេតឃើញថា មានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមួយចំនួនតូច គាត់មិនយល់អំពីច្បាប់ គាត់បានទាមទារចូលរួមក្នុងកិច្ចការរបស់សមត្ថកិច្ច តាមពិតគាត់គ្មានសិទ្ធិនោះទេ ច្បាប់មិនបានអនុញ្ញាតឱ្យគាត់ចូលរួមទេ។ សូមធ្វើអ្វីត្រឹមសិទ្ធិរបស់ខ្លួនបានហើយ កាលណាធ្វើលើសអាចប្រឈមនឹងផ្លូវច្បាប់ជាមិនខាន”។
បើតាមអ្នកនាំពាក្យ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងមានករណីយកិច្ចដូចគ្នាទាំងអស់ ដែលព្រះរាជាណាចក្រកម្ពុជាយើងទទួលស្គាល់ និងគោរពសិទ្ធិដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ការប្រើសិទ្ធិសេរីភាពនេះ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។ ដោយ៖កូឡាប
សូមអានមាត្រាខាងក្រោម ដើម្បីឱ្យយល់ដឹងពីច្បាប់ ៖