ថ្មីៗនេះ ហេតុការណ៍យុវជនអាយុ ១៤ ឆ្នាំ បាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon ក្រុងបាងកក ប្រទេសថៃ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីមជ្ឈដ្ឋានមហាជន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ២០ នាទី ល្ងាចនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតំបន់ជាន់ទី២ នៃមជ្ឈមណ្ឌលផ្សារទំនើបនេះ។
ទោះបីវាបានកើតឡើងក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែ ករណីនេះបានបណ្តាលឲ្យមនុស្សស្លាប់គួរឲ្យសោកស្តាយ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ។ ជនរងគ្រោះដែលបានស្លាប់ គឺសុទ្ធតែជាភ្ញៀវទេសចរមកពីបរទេសចិន និងមីយ៉ាន់ម៉ា។ ក្រោយពីទទួលបានដំណឹងភ្លាម នគរបាលមូលដ្ឋានបានចុះទៅដល់ភ្លាមៗ ហើយបានធ្វើការត្រួតពិនិត្យ និងចាប់ខ្លួនជនសង្ស័យនៅនឹងកន្លែង។
Siam Paragon គឺជាកន្លែងដើរទិញឥវ៉ាន់ និងកម្សាន្តដ៏ធំ និងមមាញឹកបំផុតមួយនៅក្នុងទីក្រុងបាងកក។ ផ្សារទំនើបនេះមិនត្រឹមតែទាក់ទាញប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ អតិថិជនដ៏ធំបំផុតនៅទីនេះ ក៏ជាអ្នកទេសចរមកពីប្រទេសផ្សេងៗគ្នាជាច្រើនផងដែរ។ ហេតុដូច្នេះហើយ បានជាហេតុការណ៍នេះ បានធ្វើឱ្យភ្ញៀវទេសចរជាច្រើនមានការតក់ស្លុតជាខ្លាំង។
ជាក់ស្តែង វីដេអូដែលថតបានដោយនារីអ្នកទេសចរម្នាក់នៅខាងក្នុងផ្សារទំនើប នៅពេលដែលហេតុការណ៍បានកើតឡើង បានទាក់ទាញការទស្សនាយ៉ាងច្រើននៅលើបណ្តាញសង្គម។ នារីទេសចររូបនោះត្រូវបានដឹងថានាងមានឈ្មោះ Jini មកពីប្រទេសកូរ៉េ។ Jini តែងតែ Live សកម្មភាពរបស់នាងនៅលើផេកបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង ហើយលើកនេះ ក៏នាងមិនបោះបង់ការ Live ដែរ។
ក្នុងវីដេអូ បានបង្ហាញអ្នកទេសចរស្រីរូបនេះ កំពុង Live និយាយរៀបរាប់ពីនេះពីនោះ បន្ទាប់ទើបតែចូលភោជនីយដ្ឋានអាហារ ប៉ុន្តែ ខណៈនាងហៀបនឹងលើកកែវភេសជ្ជៈញ៉ាំ ស្រាប់តែសំឡេង (កាំភ្លើង) បានផ្ទុះឡើង ហើយភ្លាមៗនោះ មនុស្សម្នាក៏បានស្រែកឆោឡោឡើងនៅខាងក្រៅ បានធ្វើឱ្យ Jini ភ័យស្លន់ស្លោយ៉ាងខ្លាំង។
នាងបានប្រញាប់ទម្លាក់កែវភេសជ្ជៈចុះ ហើយចាប់យកទូរស័ព្ទរបស់នាងដែលកំពុង Live រត់ចេញយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។ ទិដ្ឋភាពទាំងមូលនៃសកម្មភាពរត់គេចពីមជ្ឈមណ្ឌលផ្សារទំនើបរបស់ Jini ក៏ដូចជាអ្នកផ្សេងជាច្រើនទៀត ត្រូវបានថតនៅក្នុងវីដេអូនោះ។ ភាពស្លន់ស្លោរបស់អ្នកទេសចរស្រីរូបនេះ អាចមើលឃើញយ៉ាងច្បាស់តាមរយៈល្បឿនរត់របស់នាង និងពាក្យស្រែករកព្រះជួយ។
ជាសំណាងល្អ តំបន់ដែល Jini កំពុងទៅលេងគឺនៅជាន់ទីមួយ ដូច្នេះហើយនាងបានរត់គេចខ្លួនយ៉ាងលឿន។ សាក្សីជាច្រើននាក់ទៀតបានរៀបរាប់ថា មនុស្សនៅជាន់ទី២ ដែលជាជាន់ដូចគ្នាជាមួយជនសង្ស័យ ត្រូវលាក់ខ្លួននៅក្នុងបន្ទប់ទឹក ព្រោះខ្លាចខ្លាំងណាស់។
ចែករំលែកជាមួយ Jiemian News សាក្សីជនជាតិចិនម្នាក់ទៀតដែលមានវត្តមាននៅកន្លែងកើតហេតុ បាននិយាយថា នាងកំពុងដើរទិញឥវ៉ាន់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ស្រាប់តែនាងបានឃើញបុគ្គលិកហាងចាប់ផ្តើមរត់ខ្ចាត់ខ្ចាយ ឆ្ពោះទៅរកច្រកចេញសង្គ្រោះបន្ទាន់។ ក្រោយដឹងថាមានការបាញ់ប្រហារភ្លាម នាងក៏បានរត់តាមសន្តិសុខទៅកាន់កន្លែងចតរថយន្ត។
លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេតថៃម្នាក់ ក៏បានបង្ហោះរឿងរ៉ាវទាក់ទងនឹងក្មេងស្រីភ្លោះពីរនាក់ដែលគេជឿថាជាកូនរបស់ស្រ្តីជនជាតិចិនជនរងគ្រោះដ៏អកុសលផងដែរ។ នារីម្នាក់នេះបាននិយាយថា “ថ្ងៃនេះជាថ្ងៃដ៏សោកសៅបំផុតនៃជីវិតរបស់ខ្ញុំ បន្ទាប់ពីបាញ់ប្រហាររួច ខ្ញុំបានរត់ចេញពី Siam Paragon ហើយបានជួបក្មេងជនជាតិចិនពីរនាក់ដែលមកសុំជំនួយ។ កុមារទាំងពីរនាក់បាននិយាយថាយពួកគេអាចរកម្តាយរបស់ពួកគេឃើញទេ។
នាងបន្តថា «ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយ និងប្រើទូរស័ព្ទនៅសល់តែថ្ម 1% ដើម្បីទាក់ទងទៅប៉ូលីសដើម្បីជួយស្វែងរកម្តាយរបស់ពួកគេ។ ទន្ទឹមនឹងនេះ ខ្ញុំបានលួងចិត្តកូនស្រីទាំងពីរនោះថា ម្ដាយប្រហែលជាគ្រាន់តែរងរបួស ហើយកុំបារម្ភខ្លាំងពេក។ ទោះបីជាយ៉ាងណាពេលប៉ូលិសមកដល់ ពួកគេបាននិយាយថា ម្តាយរបស់កូនស្រីភ្លោះទាំងពីរបានស្លាប់បាត់ទៅហើយ»។
Siam Paragon ត្រូវបានបង្ខំឱ្យបិទភ្លាមៗបន្ទាប់ពីការបាញ់ប្រហារបានកើតឡើង ដើម្បីបម្រើដល់ដំណើរការស៊ើបអង្កេត។ តែយ៉ាងណាមិញ បើតាមការប្រកាសចេញពីទំព័រផ្លូវការរបស់មជ្ឈមណ្ឌលលក់ទំនិញនៅវេលាម៉ោង ១០:០០ ព្រឹក។ នៅថ្ងៃទី៤ ខែតុលា (ម៉ោងក្នុងស្រុក) កន្លែងនេះបានបើកជាផ្លូវការឡើងវិញដើម្បីស្វាគមន៍អតិថិជន។ ក្រោយពេលកើតហេតុ ភ្ញៀវទេសចរជាច្រើនបានសម្រេចចិត្តត្រឡប់មកផ្ទះវិញទាន់ពេល ។ បុគ្គលិកជាច្រើននាក់ដែលធ្វើការនៅមជ្ឈមណ្ឌលផ្សារទំនើប ក៏បានឲ្យដឹងថា មិនមានមនុស្សច្រើនដូចជារៀងរាល់ថ្ងៃទៀតនោះទេ ចំនួនអ្នកមកកាន់ Siam Paragon នៅពេលបើកដំណើរការឡើងវិញ គឺមានភាពស្ងប់ស្ងាត់។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថ្មី ស៊្រីថា ថាវីស៊ីន បានចេញមុខធានាដល់ភ្ញៀវទេសចរចូលមកប្រទេសថៃ ដោយលោកបានសរសេរនៅលើ Twitter ថា៖ «ចាប់ពីពេលនេះតទៅ រដ្ឋាភិបាលថៃនឹងអនុវត្តវិធានការសុវត្ថិភាពខ្ពស់បំផុត សម្រាប់សុវត្ថិភាពអ្នកទេសចរទាំងអស់។
អាជ្ញាធរថៃក៏បានប្រកាសពីតម្រូវការក្នុងការរឹតបន្តឹង និងពង្រឹងមិនត្រឹមតែនៅមជ្ឈមណ្ឌលត្រួតពិនិត្យទំនិញ ដែលហេតុការណ៍នេះបានកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅគ្រប់ទីតាំងទិញទំនិញ ឬកន្លែងទេសចរណ៍ដែលមានមនុស្សច្រើនផ្សេងទៀត នៅក្នុងទីក្រុងបាងកកផងដែរ។ ជាពិសេស ការត្រួតពិនិត្យអាវុធមានសារៈសំខាន់ និងចាំបាច់បំផុត។
យោងតាមកាសែត The Straits Times នៅពេលអ្នកយកព័ត៌មានបានមកដល់ Siam Paragon នៅម៉ោង 10:00 ព្រឹក នៅថ្ងៃទី៤ ខែតុលា បុគ្គលិកសន្តិសុខបានឈរជើងនៅជិតឧបករណ៍រាវរកដែកនៅច្រកចូល និងត្រួតពិនិត្យកាបូប (ដែលមិនធ្លាប់តែងធ្វើពីមុនមក) នៅពេលមនុស្សភាគច្រើនចូលផ្សារទំនើប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង