នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ គេហទំព័រ Hk01 បានរាយការណ៍ថា ថ្មីៗនេះមានវីដេអូឃ្លីបរបស់នារីវ័យក្មេងម្នាក់ ត្រូវបានគេចែករំលែកជាមួយនឹងការរិះគន់យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហុងកុង បន្ទាប់ពីស្រីស្អាតរូបនេះ បានចេញមកបាញ់កាំជ្រួចនៅតាមផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់ និងការខូចខាត រហូតធ្វើឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកទស្សនា មុនពេលអត្តសញ្ញាណពិតរបស់នាងត្រូវបានគេបង្ហាញ គឺជាមនុស្សដែលគេស្គាល់យ៉ាងច្បាស់នៅតាមបណ្ដាញសង្គម ហើយទីបំផុតនាងត្រូវបានប៉ូលិសចាប់ខ្លួន។
យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី៣០ ខែកញ្ញា នៅលើចិញ្ចើមផ្លូវខាងក្រៅអគារលំនៅដ្ឋានមួយកន្លែង ក្នុងសង្កាត់ Yuan Long ទីក្រុងហុងកុង។ ស្រីស្អាតនោះស្លៀកស៊ិចស៊ី បានឈរនៅខាងមុខផ្ទះ កាន់កាំជ្រួចដុតលេង ដើម្បីភាពសប្បាយរីករាយ ខណៈជុំវិញនាងមានមនុស្សថតលេងសើចយ៉ាងសប្បាយ។
ទន្ទឹមនឹងនេះដែរ ផ្កាភ្លើងបានហោះចេញពីកាំជ្រួច ហើយធ្លាក់ទៅលើផ្លូវ។ នៅពេលនោះ គេក៏បានឃើញបុរសម្នាក់កំពុងជិះកង់នៅទីនោះ គាត់ពិតជាភ្ញាក់ផ្អើលចំពោះស្ថានភាពនៅចំពោះមុខគាត់។ គាត់បានបត់កង់របស់គាត់យ៉ាងលឿនទៅកណ្តាលផ្លូវ ដើម្បីបញ្ចៀសការផ្ទុះកាំជ្រួចដែលគាត់បានឃើញ។
ក្រោយវីដេអូឃ្លីបនៃហេតុការណ៍នេះ ត្រូវបានគេចែកចាយតាមអ៊ីនធឺណិត វាបានក្លាយជាប្រធានបទក្តៅ មនុស្សរិះគន់អាកប្បកិរិយារបស់នាង។ ទោះជាយ៉ាងណា មនុស្សមួយចំនួនដែលធ្លាប់ចាំថានាងជានរណា បានទម្លាយថា នាងជាមនុស្សស្រីដែលគេស្គាល់តាមបណ្តាញសង្គម ដែល Instagram របស់នាងមានអ្នកតាមដានប្រហែល 21,000 ហើយនាងតែងតែបង្ហោះវីដេអូខ្លីៗអំពីជីវិតប្រចាំរបស់នាង។ ចំណុចពិសេស គឺនាងចូលចិត្តស្លៀករ៉ូបសិចស៊ីដូចក្នុងឃ្លីប និងលេង skateboard ។
ក្រោយមក នៅថ្ងៃទី៣ ខែតុលា ប៉ូលិសមូលដ្ឋានបានទទួលដំណឹងថា នារីវ័យក្មេងម្នាក់នេះបានដុតកាំជ្រួចនៅកន្លែងសាធារណៈដោយខុសច្បាប់ បង្កើតបញ្ហាដល់ប្រជាពលរដ្ឋ ក្រោយការស៊ើបអង្កេត ស្រីស្អាតអាយុ២៤ឆ្នាំរូបនេះ ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប្រើប្រាស់កាំជ្រួច ឬផាវដោយខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពមនុស្ស និងទ្រព្យសម្បត្តិ។ បច្ចុប្បន្ននាងត្រូវបានឃុំខ្លួនដើម្បីសាកសួរ។
យោងតាមច្បាប់ហុងកុង កាំជ្រួច និងផាវត្រូវបានចាត់ថ្នាក់ជាវត្ថុគ្រោះថ្នាក់។ ជនណាដែលផលិតដោយខុសច្បាប់ រក្សាទុក ដឹកជញ្ជូន ឬប្រើប្រាស់សម្ភារៈគ្រោះថ្នាក់ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១២ ខែ និងពិន័យជាប្រាក់ចំនួន 200,000 ដុល្លារហុងកុង (ប្រហែល ២៥០០ ដុល្លារ) ។ ប្រសិនបើជនណាម្នាក់បាញ់កាំជ្រួចដោយចៃដន្យ ឬដោយធ្វេសប្រហែសរហូតបង្កឱ្យមានការខូចខាត ឬគ្រោះថ្នាក់ដល់អ្នកដទៃ ត្រូវទទួលទោសជាប់ពន្ធនាគារជាអតិបរមា ៣ ខែ និងពិន័យជាប្រាក់ ២.០០០ ដុល្លារ ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
Video from Facebook