ខេត្តស្វាយរៀង ៖ ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្ថាបនាស្ពានតាហោរ ដែលកំពុងដំណើរការសាងសង់ សម្រេចបានប្រមាណជា ៣០% ។
អញ្ជើញអមដំណើរលោកអភិបាលខេត្តស្វាយរៀងនាឱកាសនោះមានលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានចុះពិនិត្យមើលការដ្ឋានស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច និងការដ្ឋានសាងសង់ស្ពានតាហោ (ស្ពានបេតុង) ស្ថិតនៅសង្កាត់ពោធិ៍តាហោរ ក្រុងស្វាយរៀង ដែលកំពុងដំណើរការសាងសង់ដោយកងវិស្វកម្ម ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជួបសំណេះ សំណាល និងបានជំរុញឲ្យក្រុមជាងដែលទទួលបន្ទុកការងារសាងសង់ ឲ្យបន្តខិតខំបំពេញការងារទាំងពីរនេះឲ្យបានកាន់តែល្អថែមទៀត ជាពិសេសធ្វើយ៉ាងណាឲ្យបានសម្រេចរួចរាល់ជាស្ថាពរឲ្យបានឆាប់រហ័សប្រកបដោយគុណភាពនូវស្ពានតាហោរថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា រហូតដល់ពេលបច្ចុប្បន្ននេះ ស្ពានតាហោរ ដែលមានបណ្តោយ ៧៣ម៉ែត្រ និងទទឹង ១២ម៉ែត្រ បានដំណើរការសាងសង់ដោយបុកគ្រឹះ និងចាក់ជើងតាង សម្រេចទើបតែបានប្រមាណជា ៣០% ប៉ុណ្ណោះគឺមានរយៈពេលជិតមួយឆ្នាំទៅហើយក្រោយពីស្ពានចាស់ត្រូវបានរុះរើ៕ វ៉ៃកូ