ថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ខណៈបានឃើញរូបភាពចែករំលែកពីបងប្អូនប្រជាពលរដ្ឋបង្ហាញរណ្តៅផ្លូវដ៏ធំមួយកន្លែង ស្ថិតចំណុចផ្លូវបំណែកប្រឡាយលូ ក្រោមស្ពានអាកាស ឆ្ពោះទៅវត្តស្ទឹងមានជ័យ។ ទាក់ទងហេតុការណ៍បាក់ស្រុតផ្លូវនេះផងដែរ គេក៏ពុំបានដឹងថាបានកើតឡើងនៅពេលណានោះទេ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋជាអ្នកហាត់ប្រាណបានប្រទះឃើញនៅវេលាទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នេះ។
នេះបើតាមប្រជាពលរដ្ឋម្នាក់ជាអ្នកហាត់ប្រាណ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ouk Sam Oeurn បានបង្ហោះឲ្យដឹងថា៖ «ព្រឹកម៉ិញខ្ញុំដើរហាត់ប្រាណដល់ស្ពានអាកាសស្ទឹងមានជ័យ ក៏ឃើញរណ្ដៅផ្លូវបាក់ស្រុតខាងជើងវត្តស្ទឹងមានជ័យបន្តិចហើយ បងៗអ្នកហាត់ប្រាណ១ក្រុមឯទៀត កំពុងដាក់សញ្ញាដើម្បីឲ្យបងប្អូនអ្នកធ្វើដំណើរតាមផ្លូវនោះមានការប្រុងប្រយ័ត្ន។ ជាពិសេសបងប្អូនធ្វើដំណើរទិសដៅចុះពីលើស្ពានសំដៅទៅវត្ត ឬផ្សារស្ទឹងមានជ័យ សូមបន្ថយល្បឿន ដើម្បីជៀសវាងគ្រោះថ្នាក់»។
តែបើពិនិត្យមើលស្ថានភាពជាក់ស្តែង នោះទីតាំងផ្លូវនេះអាចនឹងបាក់ស្រុតបន្ថែម ខណៈប្រជាពលរដ្ឋខាងលើ ក៏បានបញ្ជាក់ប្រាប់តាមរយៈខមិន ឲ្យបងប្អូនធ្វើដំណើរឆ្លងកាត់មានការប្រុងប្រយ័ត្នថា៖ «ស្នាមប្រេះដល់ពាក់កណ្ដាលផ្លូវបារម្ភឡានដឹកអីវ៉ាន់ឆ្លងកាត់ អាចបង្កឲ្យបាក់ស្រុតបន្ថែមទៀត»។
ហេតុនេះ បងប្អូនដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ជាពិសេសរថយន្ត ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ ឬខូចខាតរបស់ទ្រព្យ។ ទោះជាយ៉ាងណា រូបភាពនេះប្រជាពលរដ្ឋជឿថា អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ នឹងបានឃើញ ហើយបន្តិចទៀត គេនឹងមកជួសជុលហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង