ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តី បានអោយដឹងថានៅរសៀលថ្ងៃទី១៧ខែវិច្ឆិកានេះថា រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយអំពីបញ្ហាលិចទឹកដោយផ្តោតទៅភាគខាងលិចរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដោយលោកអភិបាលរង ដែលទទួលបន្ទុកលើកិច្ចការងារលូទឹក សាធារណការ និងមន្ទីរជំនាញពាក់ព័ន្ធ។
លោកបន្តថា ក្នុងខណ្ឌចំនួន៤ដែលមានភាពពាក់ព័ន្ធជាមួយនឹងការលិចទឹកប៉ែនខាងលិចរាជធានីភ្នំពេញ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ នៅប៉ែកខាងលិចឆៀងខាងជើង និងខណ្ឌដង្កោ និងខណ្ឌមានជ័យ នៅប៉ែកខាងលិចឆៀងខាងត្បូង។ ហើយកន្លែងដែលលិចទឹកច្រើនជាងគេ គឺតំបន់សាលាក្តីខ្មែរក្រហម តំបន់មុខព្រលានយន្តហោះ តំបន់ដងនង្គ័ល តំបន់ខាងក្រោយ ព្រលានយន្តហោះ ដូចជាផ្លូវដូងងៀបជាដើម ។ នេះជាតំបន់ធំៗដែលប្រឈមនឹងការលិចលង់ក្នុងឆ្នាំនេះ ហើយកិច្ចប្រជុំដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើនេះក្នុងគោលបំណងរួមធំតែមួយ ដើម្បីធានាបានថានៅក្នុងឆ្នាំក្រោយ បើសិនមិនមានករណីភ្លៀងធំ និងមិនមានព្យុះដូចក្នុងឆ្នាំនេះទេ យើងនឹងអាចរំដោះនិងដោះស្រាយបញ្ហាលិចទឹក ប៉ែកខាងលិចរាជធានីភ្នំពេញ មិនឲ្យមានការលិចលង់ដូចឆ្នាំនេះទៀត។
លោកបានបន្តថា មូលហេតុនេះហើយ យើងបានពិភាក្សានិងសិក្សាហើយថា បញ្ហាលិចទឹកដោយសារតែតំបន់ដែលរងពីការលិចលង់នោះគឺមិនមានចរន្តទឹកហូរបានល្អ បានន័យថាមានឧបសគ្គនៃលំហូទឹក ។ ឧបសគ្គនៃលំហូទឹកនេះបានចែកចេញជាពីរផ្នែក ដោយតំបន់ខ្លះគ្មានការតភ្ជាប់ ដោយតំបន់លិចទឹកទាំងនោះរកផ្លូវអត់មាន ហើយតំបន់លិចទឹកខ្លះទៀត មានការតភ្ជាប់និងមានសសៃរលំហូ តែមិនមានលក្ខណៈសមស្រប ដែលធ្វើឲ្យទឹកហូរយឺតដូចជាផ្លូវទឹកមានទំហំតូច មិនសមមាត្រនៃទំហំទឹកដែលហូរ។
លោកបញ្ជាក់ថា បញ្ហាប្រឡាយ និងលូ ដែលជាបញ្ហាធំដែលយើងត្រូវគិត សម្រាប់រំដោះទឹក និងបានដើរតួនាទីសម្រាប់ ជាផ្លូវទឹក សម្រាប់រំដោះទឹកចេញពីតំបន់ដែលកំពុងតែមានការលិចលង់ ក្នុងនោះដែរតំបន់ខ្មែរក្រហមត្រូវរំដោះទឹកទៅតាមប្រឡាយទួលពង្រ ដែលហ្នឹងត្រូវរៀបចំឲ្យបានល្អប្រសើរជាងមុន ។ តំបន់ដងនង្គ័លត្រូវរំដោះទឹកទៅប្រឡាយទួលសំពៅរហូតដល់ទំនប់កប់ស្រូវ ។ ដោយឡែកប៉ែកខាងត្បូងក្នុងតំបន់ផ្លូវ២០០៤និងផ្លូវដួងងៀបត្រូវបញ្ចេញទឹកតាមប្រឡាយបារាំង ប្រឡាយដើមស្លែង និងអាចញែកជាពីរទៅខាងប្រឡាយលូប្រាំ និងប្រឡាយស្ទឹងមានជ័យ។
ប្រឡាយលូប្រាំ នឹងត្រូវរៀបចំជាស្ថានីយ៍បូមទឹកមួយទៀត ទើបអាចធ្វើការរំដោះទឹកបាន ពីព្រោះថាយើងបានធ្វើផ្លូវខ្សែទឹករហូតដោយធ្វើការដាក់លូនិងជីកធ្វើជាប្រឡាយដោយមកបញ្ចប់ត្រឹមស្ថានីយ៍បូមទឹកលូប្រាំ។ បើសិនជាលូប្រាំមិនដាក់ស្ថានីយ៍បូមទឹកទេ ទឹកនេះហ្នឹងមិនអាចហូរចេញពីតំបន់នេះបានទេ ទោះបីជាទឹកហូរមកពីកន្លែងណាមកចាល់កន្លែងលូប្រាំនេះ ហើយទឹកបានចាល់ឡើងទៅលើវិញ ធ្វើលិចលង់ដដែល ដូច្នេះស្ថានីយ៍បូមទឹកលូប្រាំត្រូវតែរៀបចំនិងបន្តយកទឹកចេញពីលូប្រាំមកតំបន់ជើងឯក តាមប្រឡាយម័រ ។
តាមរយៈការលម្អិត ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ដាក់ផែនការឲ្យអភិបាលរងទទួលតាមផ្នែកនីមួយៗ ត្រូវប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញបន្ថែមទៀត ដើម្បីសិក្សា ហើយក្នុងនោះដែរ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានតួសំខាន់ជាងគេ នៅក្នុងបញ្ហារំដោះទឹក និងបញ្ហាប្រឡាយលូ ត្រូវធ្វើការសិក្សាជាកញ្ចប់ពីព្រោះថាប្រឡាយនិងលូទឹក មិនដូចផ្លូវថ្នល់ទេ បានន័យថា ផ្លូវថ្នល់បើខូចកន្លែងណានឹងមានបញ្ហាតែកន្លែងនោះហើយធ្វើការជួសជុលគឺចង់បញ្ហាហើយប៉ុន្តែបើមិនមានការជួសជុលទេគឺខូចតែកន្លែងហ្នឹង ។
ដោយឡែកលូទឹកវិញ មានការតភ្ជាប់គ្នា ហើយបើសិនជាមានការរាំងស្ទះក្នុងកន្លែងណាមួយ នឹងអាចធ្វើឲ្យជន់លិចលង់រហូតដល់តំបន់ផ្សេងជាច្រើនទៀត ហើយត្រូវសិក្សាជាកញ្ចប់តែម្តង ដើម្បីឲ្យលំហូទឹកដែលកំពុងលិចលង់ក្នុងតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ថាតើយើងត្រូវធ្វើយ៉ាងម៉េច ត្រូវដោះរបៀបម៉េច ជាពិសេសប្រឡាយទឹកដែលគេរំលោភត្រូវតែធ្វើការបើកប្រឡាយនោះឡើងវិញ ហើយប្រឡាយរងដោយភក់ល្បាប់សំរាម យើងត្រូវជីកស្តារឡើងវិញឲ្យបានធំ ហើយបើមានលូហើយតែលូនោះតូច យើងត្រូវដូរលូដាក់លូខ្នាតធំ និងលូប្រអប់ជាដើម ដើម្បីឲ្យសមមាត្រជាមួយនឹងទឹកហូរ៕ ដោយ៖កូឡាប