ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើលោក ជួង ជូងី ជាមេធាវីរបស់អតីតគណបក្សសង្គ្រោះជាតិ (គណបក្សប្រឆាំង) ពាក់ព័ន្ធករណីអំពាវនាវ កុំឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ។
នេះបើយោងតាមការឲ្យដឹងពី គណបក្សប្រជាជនកម្ពុជា និងលោកមេធាវី គី តិច នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។
លិខិតស្នើសុំរបស់គណបក្សប្រជាជនកម្ពុជាដែលបានដាក់ទៅ គ.ជ.ប បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងបន្ដរហូតមកដល់បច្ចុប្បន្ននេះ ឈ្មោះ ជួង ជូងី ដែលមានអាសយដ្ឋានស្នាក់នៅផ្ទះលេខ១២បេ ផ្លូវ១៩៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយ តាមបណ្ដាញសង្គម Facebook របស់ខ្លួន ប្រព្រឹត្តអំពើទុច្ចរិត រំលោភបំពានលើបញ្ញត្តិមាត្រា១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ សកម្មភាពរបស់ឈ្មោះ ជួង ជូងី នេះគឺពិតជាមានចេតនា និងគោលបំណងច្បាស់លាស់ ក្នុងការបំផុសគំនិតទប់ស្កាត់ និងរារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោកមេធាវី គី តិច បានរៀបរាប់ពីដំណើររឿងថា ក្រោយលោក សម រង្ស៊ី ប្រធានចលនាសង្ក្រោះជាតិ បានធ្វើការអំពាវនាវប្រជាពលរដ្ឋឲ្យធ្វើពហិការ មិនទៅចូលរួមការបោះឆ្នោត ដោយចោទប្រកាន់ថា ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ជាការបោះឆ្នោតក្លែងក្លាយ និងជាឆាកល្ខោន និងការបំផុសជាបន្តបន្ទាប់អំពីយុទ្ធនាការម្រាមដៃស្អាត ហើយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក ជួង ជូងី បានបង្ហោះវីដេអូខ្លីបមួយដែលមានរយៈពេល៧៖៣៣វិនាទី នៅលើគណនី Facebook របស់ខ្លួន ដោយបាននិយាយថា ការបោះឆ្នោតជាការបោះឆ្នោតក្លែងក្លាយ ឬជាឆាកល្ខោន ។
បើតាមលោកមេធាវី គី តិច សកម្មភាពរបស់មេធាវីអតីតគណបក្សប្រឆាំងរូបនេះ នឹងធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងភាន់ច្រឡំលើភាពស្របច្បាប់ នៃស្ថាប័នដែលកើតចេញពីការបោះឆ្នោត។ ការភាន់ច្រឡំនេះ នឹងបង្កឲ្យកើតមាន ការតវ៉ាប្រឆាំងនឹងរដ្ឋអំណាច ដែលជាកត្តាធ្វើឲ្យមានភាពអសន្តិសុខសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចនាំឲ្យកើតកលិយុគជាតិ។ សកម្មភាពញុះញង់នេះ បង្ហាញពីការរៀបចំជាអង្គការចាត់តាំង ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ព្រោះថាក្រោយមានការអំពាវនាវ របស់មេចលនាសង្គ្រោះជាតិរួចមក ក៏កើតមានព្រឹត្តការណ៍ប្រឆាំងការបោះឆ្នោតជាបន្តបន្ទាប់៕ ដោយ៖បញ្ញាស័ក្តិ