វីដេអូឃ្លីបមួយ ដែលកំពុងត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ បង្ហាញពីទិដ្ឋភាពគ្រួសារជិះរទេះគោទាំងទឹកមុខសប្បាយរីករាយ ធ្វើដំណើរឆ្ពោះទៅវត្តអារាម ដើម្បីធ្វើបុណ្យសន្សំកុសល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងនឹកស្រណោះនូវគ្រាមួយនេះជាខ្លាំង ត្បិតសកម្មភាពបែបនេះ គឺខកខានមិនបានឃើញជាង ២០, ៣០ ឆ្នាំ មកហើយ ខណៈសព្វថ្ងៃនេះមនុស្សម្នាបានងាកមើលធ្វើដំណើរតាមមធ្យោបាយម៉ូតូ គោយន្ត ឬយានយន្តទំនើបៗអស់រលីងបាត់ទៅហើយ។
យ៉ាងណាមិញ វីដេអូកំពុងការចាប់អារម្មណ៍នេះ ត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកមួយឈ្មោះ «Hea Heng» កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលបានភ្ជាប់រូបភាពជាច្រើនសន្លឹក ជាមួយ Caption ៣ម៉ាត់យ៉ាងថា៖ «តោះទៅវត្ត»។ ពិតណាស់ តាមរយៈវីដេអូ បានបង្ហាញគ្រួសារមួយមានប្តីប្រពន្ធ ម្តាយ និងកូនស្រី២នាក់ ដែលស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន បានកំពុងតែបរ និងជិះរទេះគោ ខណៈជជែកគ្នាបណ្តើរ ក្នុងដំណើរឆ្ពោះទៅសាងបុណ្យសន្សំកុសល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌទាំងទឹកមុខរីករាយ នៅវត្តចំបក់ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ក្រោយពីបានឃើញសកម្មភាពដ៏កម្រនេះ មហាជនជាច្រើន បានបង្ហាញអារម្មណ៍រំភើបចិត្ត និងផ្តល់សញ្ញាបេះដូងព្រោងព្រាត ព្រោះម្នាក់ៗខកខានបានឃើញប្រជាពលរដ្ឋខ្មែរយើង ជិះរទេះគោទៅវត្តដូចសម័យកាលពីដើមបែបនេះទៀតនោះទេ។
ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គម ក៏បានអំពាវនាវប្រជាពលរដ្ឋខ្មែរ បើអាចគួរតែរក្សានូវទំនៀមទម្លាប់ជិះរទេះគោ ជាមធ្យោបាយធ្វើដំណើរ ទៅធ្វើបុណ្យនាឱកាសរដូវបុណ្យភ្ជុំបិណ្ឌ កុំឲ្យបាត់បង់ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ខ្លះផង ថ្វីត្បិតសព្វថ្ងៃនេះកម្រឃើញមានគ្រួសារណាធ្វើដំណើរតាមរទេះគោទៅណាមកណាដូចមុនទៀត ទោះបីជាបច្ចុប្បន្ន គ្រួសារខ្លះនៅមានគោ និងរទេះនៅឡើយក៏ដោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង