ភ្នំពេញ ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកានេះ ។
សំណុំរឿងនេះ នឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី នៅម៉ោង ១ និង ៣០ នាទី ដើម្បីសម្រេចថា ឃុំខ្លួន ឬមិនឃុំខ្លួន។ ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរី ពីរនាក់យកទៅឃុំឃាំងនោះ គឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញ។
អតីតបុគ្គលិកអាស៊ីសេរី ២រូប គឺលោក អ៊ួន ឈិន និងលោក សុជាមេត្តា មកទល់ពេលនេះ កំពុងស្ថិតក្នុង ដំណាក់កាលសាកសួររបស់តុលាការក្រុងភ្នំពេញនៅឡើយ ក្រោយពីឃាត់ខ្លួនពួកគេកាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅក្នុងបន្ទប់ជួលនៃសណ្ឋាគារ ម៉ារ៉ាឌី ស្ថិតក្នុងខណ្ឌមានជ័យ ជិតគល់ស្ទឹងមានជ័យ ក្រុងភ្នំពេញ។
ការចុះចាប់ខ្លួនអតីតបុគ្គលិកអាស៊ីសេរី ទាំងពីររូបនេះ ដឹកនាំដោយសមត្ថកិច្ចចម្រុះ និងព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុំ សុភ័ក្រ៕ ដោយ៖បញ្ញាស័ក្តិ