នៅល្ងាចថ្ងៃទី១៥ ខែតុលា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី TV show The New Mentor បានប្រព្រឹត្តទៅ ដោយបេក្ខនារី Le Thu Trang មកពីក្រុម Lan Khue បានគ្រងតំណែងជើងឯក។ នៅវគ្គផ្តាច់ព្រ័ត្រនោះផងដែរ សមាជិកក្រុម Lan Khue បានដើរបង្ហាញម៉ូដនៅលើឆាក ដែលមានតារាម៉ូដែល Minh Tu និង Vu Thu Phuong ចូលរួមជាភ្ញៀវកិត្តិយស។
ពេលឡើងឆាកជាមួយតារាម៉ូដែល Lan Khue នាង Minh Tu បានស្លៀករ៉ូបរាត្រីពណ៌លឿង ដែលមានរាងខ្ពស់គួរឱ្យទាក់ទាញ។ តែអ្វីដែលធ្វើភ្ញាក់ផ្អើលខ្លាំងនោះ គឺគ្រាន់តែបោះជំហានឡើងដល់លើឆាក Minh Tu ស្រាប់តែជួបគ្រោះថ្នាក់ «រអិលជើង» ដួលមួយទំហឹងនៅលើឆាកតែម្តង។
ជាក់ស្តែង ក្នុងវីដេអូចាប់ពីមុំទស្សនិកជន អ្នកអាចមើលឃើញ Minh Tu បោះជំហានឡើងដល់លើឆាក ហើយក៏បានដួលភ្លាមៗ។ ពិតណាស់ មនុស្សជាច្រើនបានគិតថា តារាម៉ូដែលស្រីរូបនេះប្រហែលជាឈឺចាប់ខ្លាំង បន្ទាប់ពីដួលខ្លាំង ខណៈនាងខំស្រវាងើបឡើងបន្តដើរទាំងទឹកមុខស្ងួតគួរឲ្យអាណិត។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការសម្តែងនៅលើឆាកនោះ Minh Tu បានក្រោកឈរឡើងយ៉ាងរហ័ស ហើយបន្តបញ្ចប់ការដើរបង្ហាញម៉ូតរបស់នាងយ៉ាងស្វាហាប់។ ទស្សនិកជនដែលមានវត្តមានលើឆាក ក៏បានផ្តល់ការទះដៃអបអរសាទរដល់នាងយ៉ាងកងរំពង។
ភ្លាមៗ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង Minh Tu បានចែករំលែកថា៖ «អរគុណសម្រាប់ការស្រលាញ់របស់អ្នកចំពោះ Minh Tu អរគុណច្រើន»។
ជាមួយគ្នានេះដែរ តារាម៉ូដែល Lan Khue បាននិយាយថា បន្ទាប់ពីដួលហើយ រឿងដំបូងដែល Minh Tu និយាយទៅកាន់អ្នកគ្រប់គ្នា គឺការសុំទោស និងលួងចិត្តគ្រូបង្វឹក ទោះបីជាដៃរបស់ Minh Tu ហូរឈាមក៏ដោយ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែល Minh Tu ជួបបញ្ហានៅឆ្នាំនេះ។ កាលពីខែមិថុនា Minh Tu បានជួបឧបទ្ទវហេតុជាមួយនឹង flycam ហើយបាក់ចង្កាជាង ៥ សង់ទីម៉ែត្រ ដោយត្រូវការដេរ ១០ ថ្នេរ។ តារាស្រីរូបនេះក៏បានលុបចោលកម្មវិធីមួយចំនួន ដោយសារគ្រោះថ្នាក់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង