ថ្មីៗនេះ វីដេអូខ្លីមួយបានកំពុងទទួលការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាឡើងព្រោងព្រាតតែម្តង ពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ខណៈនៅក្នុងវីដេអូបានបង្ហាញឲ្យឃើញស្រ្តីជាប្រពន្ធម្នាក់ បានធ្វើរឿងដ៏ចម្លែកខ្លាំង ដោយគាត់បានយកបាល់ចាស់មើលមួយភ្លែតស្មានតែពងទាកូន មកដាក់ក្នុងឆ្នាំងសម្ល ដែលមានគ្រឿងគ្រៅជីខ្ទឹមយ៉ាងទំនង ដើម្បីត្រៀមស្ងោរឲ្យលោកប្តីហូប ដែលចូលចិត្តដើរតែលេងបាល់មិនចេះជួយការងារផ្ទះ។
ជាក់ស្តែង ស្រ្តីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ «បង នួន» កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះវីដេអូ និងរៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំថា៖ «សួស្ដីបងប្អូន! ថ្ងៃនេះស្ងោរជ្រក់បាល់ឲ្យប្ដីហូប ពេលមកពីលេងបាល់វិញអត់មានអីប៉ូវកម្លាំង។ អ្នកណាមានប្ដីពូកែលេងបាល់ដូចខ្ញុំ ស្ងោរជ្រក់បាល់ឲ្យហូបទៅ ទើបមានកម្លាំងលេង។ ប្ដីមិនចេះនៅជួយលក់ដូរប្រពន្ធ រវល់តែពីរឿងទៅលេងបាល់។ ទោះប្រពន្ធរវល់ហត់លក់ដូរប៉ុណ្ណាក៏ដោយ បាល់សំខាន់ជាង»។ ស្ត្រីជាប្រពន្ធបានរៀបរាប់បន្តថា៖ «ប្រពន្ធរវល់លក់ដូរ មានពេលឯណាដាំស្លឲ្យហូប អ៊ីចឹងមានតែបាល់នៅក្បែរផ្ទះ រហ័ស បានយកមកស្ងោរជ្រក់ឲ្យហូប ដើម្បីឲ្យមានកម្លាំងលេងបន្ដ…»។
ក្រោយពីបានទស្សនាការបង្ហោះនេះរួចភ្លាម មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញពីអារម្មណ៍អស់សំណើចយ៉ាងខ្លាំង ដោយម្នាក់ៗបានចូលខមិនយ៉ាងដូច្នេះថា៖ «ទំនងណាស់ ជាតិណាស់បង, ដល់ថ្នាក់ហ្នឹងផងចែ, ចេះរកនឹកឃើញបងនួន ប៉ូវបងកុំអោយអស់កម្លាំង,…»។
តែក្នុងនោះ មានមហាជនមួយចំនួន បានបង្ហាញការមិនពេញចិត្តចំពោះទង្វើរបស់ស្ត្រីជាប្រពន្ធ ដោយបានចូលទៅបញ្ចេញមតិ លើកឡើងបែបនេះថា៖ «ប្ដីលេងកីឡាខុស ទាល់តែប្ដីជក់ថ្នាំផឹករាល់ថ្ងៃ បានសប្បាយចិត្តមើលទៅ។ នេះគាត់ចេះលេងបាល់ដើម្បីសុខភាព មិនស្ទះសរសៃឈាម បំបាត់ស្ត្រេស ចុះបើគាត់ទៅផឹកស៊ី KTV មានស្រីវិញ ចែនឹងទឹកភ្នែកជាមិនខាន»។
ក្រោយឃើញគេនាំគ្នារិះគន់ម្តាយរបស់ខ្លួនបែបនេះ ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ Jenie Jen ដែលអះអាងថាជានារីជាកូនស្រី បានចូលខមិនឆ្លើយតបថា៖ «ប៉ាញុមជំងឺ 100 មុខណាបង មើលលែងជាហើយ ម៉ែញុមអោយគាត់នៅផ្ទះដើម្បីថែរសុខភាព»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង