បុរសឥណ្ឌាម្នាក់ ដែលបានបំបែកកំណត់ត្រាពិភពលោក ក្នុងការរក្សាក្រចកដៃបានវែងបំផុតក្នុងលោកបានសម្រេចចិត្តកាត់ក្រចកដៃដ៏វែងរបស់គាត់ចេញហើយ បន្ទាប់ពីទុកវា មិនដែលកាត់អស់រយៈពេល ៦៦ឆ្នាំ។
ក្រចកដៃដ៏វែងមិនធម្មតារបស់ លោក Shridhar Chilal ត្រូវបានកាត់ចេញ និងត្រូវបានគេដាក់បង្ហាញនៅសារៈមន្ទីរមួយនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិច។
ក្រចកដៃរបស់លោកតា វ័យ ៨២ឆ្នាំខាងលើ មានប្រវែងសរុបចំនួន ៩០៩,៦ សងទីម៉ែត្រ។ ក្រចកមេដៃរបស់គាត់វែងជាងគេបំផុត ដោយមានប្រវែង ជិត ២ម៉ែត្រ។
លោក បញ្ជាក់ថា គាត់មានការពិបាកសម្រេចចិត្តខ្លាំងណាស់ ក្នុងការកាត់ក្រចកដៃរបស់គាត់។ ប៉ុន្តែនៅពេលគាត់ដឹងថា ក្រចករបស់គាត់នឹងត្រូវគេយកទៅដាក់តាំងបង្ហាញ និងធ្វើការរក្សាឲ្យបានល្អ គាត់បានធ្វើការសម្រេចចិត្ត ហើយការសម្រេចចិត្តនោះជារឿងត្រឹមត្រូវ៕ សុភ័ក្ត្រ
ប្រភព៖ News Sky