កាលពីថ្ងៃទី១៨ ខែតុលា បណ្តាញទំនាក់ទំនងសង្គម នៅក្នុងប្រទេសវៀតណាម បានចែករំលែកវីដេអូឃ្លីបពីហេតុការណ៍ដ៏ញាក់សាច់មួយ ខណៈពេលដែលរថយន្ត១គ្រឿង បានបើកបំបុកចោរលួចឆ្កែ២នាក់ នៅផ្លូវលំមួយកន្លែង ស្ថិតក្នុងសង្កាត់ Tan Thoi Nhat ខណ្ឌ12 ទីក្រុងហូជីមិញ។
តាមវីដេអូឃ្លីប នោះគឺនៅវេលាម៉ោង៦ និង៥៥នាទីព្រឹក ថ្ងៃដដែល បុរស២នាក់បានជិះម៉ូតូ ដឹកឆ្កែជាច្រើនក្បាលដែលលួចបាន មកឈប់មុខផ្ទះ ក្នុងផ្លូវលំ តាន់ ថូយ ញ៉ឹត ១៧។ ខណៈពេលនោះ យុវជនដែលអង្គុយខាងក្រោយ បានចុះពីម៉ូតូ លើកឆ្កែដែលទើបលួចបានចុងក្រោយមិនងាប់ ដាក់លើដី រួចប្រើជើងជាន់ ហើយបន្ទាប់មក បានលើកដាក់ចូលក្នុងបាវ។
ទោះជាយ៉ាងណា នៅពេលនោះ រថយន្តមួយគ្រឿង ស្រាប់តែបើកមកពីក្រោយ បុកចោរវ័យក្មេងទាំង និងម៉ូតូទាំងកម្រោលតែម្តង។ កម្លាំងបុកបានធ្វើឲ្យយុវជនទាំង២នាក់និងម៉ូតូ ខ្ទាតទៅមុខ ហើយបាវដែលមានឆ្កែជាច្រើនក្បាលធ្លាក់ទៅលើថ្នល់។
ភ្លាមៗនោះ យុវជនដែលបើកម៉ូតូបម្រុងលើកម៉ូតូដើម្បីរត់គេច តែអ្នកបើកបររថយន្តបានបន្តបើកបុកទៀត បណ្តាលឱ្យម៉ូតូធ្លាក់ចូលក្រោមរថយន្ត ហើយត្រូវបានអូសមួយកំណាត់ផ្លូវ។ នៅពេលនោះ ចោរទាំង២បានសម្រេចរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូ សត្វឆ្កែជាច្រើនក្បាល១បាវធំ និងឧបករណ៍ឆក់។ ហេតុការណ៍នេះដ៏ញាក់សាច់នេះ មានរយៈពេលប្រហែល ២ នាទី ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ពេលឮសូរសៀងពេញផ្លូវ ក៏រត់ចេញមកត្រួតពិនិត្យ ឃើញម៉ូតូខូច ត្រូវបានរថយន្តអូសចម្ងាយប្រហែល២០ម៉ែត្រ បាវមួយមានឆ្កែប្រហែល១០ក្បាល និងឧបករណ៍សម្រាប់ធ្វើសកម្មភាពឆក់ឆ្កែ ប៉ុន្តែ ចោរបានរត់ចាកចេញពីកន្លែងកើតហេតុបាត់ទៅហើយ។
ទោះជាយ៉ាងណា ក្រោយទទួលបានវត្ថុតាង និងវីដេអូកាមេរ៉ា ពីប្រទេសពលរដ្ឋ ប៉ូលិសសង្កាត់ Tan Thoi Nhat បានធ្វើការស៊ើបអង្កេត និងទីបំផុត ប្របួចបានចោរឆក់ឆ្កែទាំងពីរដែលមានឈ្មោះ Nguyen Minh Tien (អាយុ ៣២ ឆ្នាំ) និង Tran Phuong Quang (អាយុ ២៨ ឆ្នាំ រស់នៅស្រុក Hoc Mon) បន្ទាប់ពីរត់គេចខ្លួនពីរថយន្តបុកទាំងព្រលឹងចុងសក់។
ជនសង្ស័យទាំងពីរ បានសារភាពថា ពួកគេបានប្រព្រឹត្តិអំពើចោរកម្មលួចឆ្កែអស់ជាច្រើនក្បាល ដោយដើរធ្វើសកម្មភាពក្នុងមួយថ្ងៃៗប្រហែល ១០ ក្បាល ហើយបន្ទាប់មក បាននាំយកទៅលក់នៅផ្សារឆ្កែក្នុងតម្លៃថោកប្រហែល ៣៥,០០០ ដុង/គីឡូក្រាម។ តាមរយៈការផ្ទៀងផ្ទាត់សាវតារ Tien មានប្រវត្តិពីបទ “ប្លន់” ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ។ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ Tien បានណាត់ជួប Quang ម្តងទៀត ហើយបន្តប្រព្រឹត្តបទល្មើសចោរកម្មនេះជាថ្មី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង