មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញរូបភាពវីដេអូបុរសម្នាក់ ដែលគេអះអាងថា ខាងសមាគមន៍តាក់ស៊ីព្រលានយន្តហោះសៀមរាបអង្គរថ្មី បានបង្ហាញឥរិយាបទដ៏មិនថ្លៃថ្នូរ ដើរកាន់ទូរស័ព្ទថតពីក្រោយភ្ញៀវទេសចរ និងអ្នករត់ PassApp ខណៈកំពុងដើរសំដៅទៅកាន់កង់បី បន្ទាប់ពីពួកគេបានចុះពីយន្តហោះ ហើយ Booking មិនជិះតាក់ស៊ីសមាគមន៍របស់ព្រលាន ដែលជាសិទ្ធិសេរីភាពរបស់អ្នកដំណើរ ឬមកពីបញ្ហាសេវាកម្មមិនល្អដល់ភ្ញៀវ។
យ៉ាងណាមិញ រូបភាពដ៏មិនសមរម្យនេះ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Bong Ji បានបញ្ចេញវីដេអូ និងរៀបរាប់ឲ្យដឹងថា៖ «វីឌីអូនេះបានមកពីរបងខាងរត់ App ផ្ញើរមកគ្រុប ទីតាំងព្រលានយន្តហោះ សៀមរាបអង្គរថ្មី ភ្ញៀវបរទេស គាត់បានកក់កង់បីតាម App ហើយបុរសពាក់អាវស ខោខ្មៅ ខាងសមាគមន៍តាក់ស៊ីព្រលាន គេដើរថត ភ្ញៀវ និងតៃកុងតុតុ ធ្វើដូចគាត់ជាអ្នកសារព័ត៌មាន ឬខាងភ្ញៀវ រួមទាំងតៃកុងតុតុប្រព្រឹត្តអ្វីខុសចឹង។ ការធ្វើបែបនេះធ្វើអោយភ្ញៀវទេសចរណ៍គាត់រងសម្ពាធមែនទែន ក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសិទ្ធសេរីភាពពេញលេញ។ ការធ្វើបែបនេះហើយដែលធ្វើអោយកាត់បន្ថយភ្ញៀវទេសចរជាចម្បង និងប៉ះពាល់ដល់អ្នករត់ កង់បី តុតុ និងឡានតាក់ស៊ីឯកជនជាដើម។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ និងមានមុខរបរជាអ្នកបំរើសេវាកម្មទេសចរណ៍ម្នាក់ផងនោះ សូមគោរពស្នើរអោយមន្ត្រីថ្នាក់លើដែលពាក់ព័ន្ធជួយរកដំណោះស្រាយ ប្រកបដោយតម្លារភាពទាំងអស់គ្នា កុំអោយផលប្រយោជន៍ដែលប្រជាជនគ្រប់គ្នាត្រូវបាន បែរជាបានទៅលើក្រុមមួយក្តាប់តូចជញ្ជក់ឈាម លើភ្ញៀវទេសចរ ដែលគ្មានសិទ្ធជ្រើសរើសការធ្វើដំណើរផ្ទាល់ខ្លួន។
តែក្រោយករណីនេះបានផ្ទុះឡើងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ Sros Nynol ដែលប្រហែលមានប្តី ឬបងប្អូនរត់តាក់ស៊ីខាងសមាគមព្រលាន បានចេញមុខឆ្លើយតបបែបនេះថា៖ «សមាគមគេចំណាយលុយច្រើនណាស់ ដើម្បីបង់ទៅ airport ម្យ៉ាងទៀត គឺដើម្បីរៀបចំអោយៗមានរបៀបរាបរយល្អ មិនអោយមានភាពរញ្ញេរញ្ញៃក្នុងព្រលានផង។ បើទុកអោយអស់លោកមកចាប់ ភ្ញៀវ ស្រាច់តែចិត្ត មិចនឹងកើតទៅ។ បើកាលណាភ្ញៀវមានបញ្ហាអី គេប្រាកដជាចោទទៅតាក់ស៊ីព្រលានហើយណាលោក ពីព្រោះភ្ញៀវទេសចរបរទេសចេញតាមច្រកព្រលាន។ បើអស់លោកចាប់ភ្ញៀវ នៅតាមផ្សារ ឬតាមដងផ្លូវសាធារណ គេមិនទៅថតលោកឯងទេ»។
ទោះជាយ៉ាងណា ក្រោយពីបានឃើញគណនីខាងលើ ចេញមកលើកឡើងបែបនេះ ស្រាប់តែមហាជនជាច្រើន ជាពិសេសអ្នករត់កង់បី តុតុ បានធ្វើការព្រលះទៅវិញឲ្យដឹងបែបនេះថា៖ «សម័យឥឡូវគេមិនរត់ទៅចាប់ភ្ញៀវឆ្វេចឆ្វាចទេ គឺភ្ញៀវកក់ App បើមានបញ្ហា ក្រុមហ៊ុន និងតៃកុងជាអ្នកទទួលខុសត្រូវបង ព្រោះពួកគាត់សុទ្ធតែបានធ្វើប័ណ្ណអាជីវកម្ម, គេអត់បានមកចាប់ភ្ញៀវទេ ភ្ញៀវកក់ជិះដោយខ្លួនឯង មកពីពួកភ្ញៀវមិនមានទំនុកចិត្តតម្លៃសេវាកម្មសមាគមតាក់ស៊ីព្រលាន អ៊ីចឹងហើយបានជាពួកគាត់កក់កង់បី តុតុ ឡានជិះដោយខ្លួនឯងបែបនេះ, បងធ្លាប់ទៅលេងថៃអត់? ធ្លាប់ជិះយន្តហោះទៅប្រទេសផ្សេងទេ? ប្រទេសគេក៏មានសមាគមន៍ដូចគ្នា ក៏ប៉ុន្តែការជ្រើសរើសសេវាកម្ម រឺមធ្យោបាយធ្វើដំណើរវាជាជំរើសរបស់ភ្ញៀវ។ ហើយបុគ្គលដែលពាក់អាវសនឹង ក៏គ្មានសិទ្ធិតាមថតរូបភ្ញៀវដោយគ្មានការអនុញ្ញាតបែបនេះដែរ។ សួរថាបើសិនជាបងទៅលេងប្រទេសណាមួយមានគេមកតាមថតបងបែបនឹង សួរថាវាជាអារម្មណ៍ដែលទទួលការស្វាគមន៍ រឺក៏ទទួលការគំរាមណាមួយ។ មុនធ្វើអ្វីមួយគួរគិតដល់មុខមាត់ប្រទេសខ្លួនឯងផង។ ការធ្វើបែបនេះមិនខុសពីការវាយបំបែកឆ្នាំងបាយខ្លួនឯងទេ, ចឹងសំនួរសួរថា មិចបានភ្ញៀវមិនប្រើសេវាឡានព្រលាន ទៅពិបាកអីហៅapp? ព្រោះគេខ្ពើមតម្លៃពេក, taxiក្នុងប្រលានតម្លៃហួសប្រមាណ អ្នកណាក៏អាចដឹងដែរ នេះជាសម័យអ៊ីនធឺនេត មុនដែលគេមកលេងប្រទេសណា១ គេResearch ហើយ Planing អស់ហើយ។ ចង់មានរបៀបរៀបរយ តែដាក់តម្លៃហួសប្រម៉ាណ មិនចេះសិក្សាពីទីផ្សារ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង