ព្រោះតែប្រាក់ចំណូលទាប បុរសជាប្តីអាយុ ៣៥ ឆ្នាំ ម្នាក់ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន បានសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅធ្វើការនៅកន្លែងផ្សេង។ ដើមឡើយ បុរសរូបនេះគិតថា ការខិតខំប្រឹងប្រែងរបស់គាត់ នឹងជួយគ្រួសាររបស់គាត់ មានជីវិតកាន់តែប្រសើរ។ ប៉ុន្តែថ្ងៃមួយ គាត់បានទទួលទូរស័ព្ទដ៏មិននឹកស្មានដល់ ពីម្តាយគាត់ដែលបានប្រាប់ថា មានរឿងចម្លែកបានកើតឡើងចំពោះប្រពន្ធរបស់គាត់។
ម្តាយរបស់បុរសនេះបាននិយាយថា មានពាក្យចចាមអារ៉ាមចម្លែកមួយនៅក្នុងភូមិ អំពីកូនប្រសាស្រីរបស់គាត់ ដែលគេតែងឃើញចេញក្រៅផ្ទះជាញឹកញាប់ទាំងកណ្តាលយប់។ ដូច្នេះ គាត់ក៏ទូរស័ព្ទប្រាប់កូនប្រុសគាត់តែម្តងទៅ។ បន្ទាប់ពីដាក់ទូរស័ព្ទរួច គាត់ក៏មានអារម្មណ៍មិនល្អដែរ ព្រោះគាត់ស្គាល់បុគ្គលិកលក្ខណៈរបស់ម្តាយគាត់ច្បាស់។ ប្រសិនបើស្ថានភាពមិនអាក្រក់ទេ ម្តាយរបស់គាត់ប្រហែលជាមិននិយាយអ្វីទាំងអស់។ លុះដល់ថ្ងៃទី១៥ តុលា គាត់ក៏សម្រេចចិត្តធ្វើដំណើរត្រឡប់មកផ្ទះវិញ ដើម្បីស្វែងរកការពិតនូវអ្វីដែលបានកើតឡើង។
ពេលមកដល់ផ្ទះ គាត់ក៏បានកត់សម្គាល់ឃើញថានៅផ្ទះសាច់ញាតិជិតខាង មានបំពាក់កាមេរ៉ា CCTV។ ក្នុងនាមជាមនុស្សដែលស្និទ្ធនឹងគ្នា ដូច្នេះគាត់ក៏សុំឆែកមើលកាមេរ៉ា ហើយអ្វីដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើល និងគួរស្លុតចិត្តខ្លាំង គឺឃើញសកម្មភាពប្រពន្ធធ្វើបែបហ្នឹងស្ទើរគ្រប់ពេល ដែលគាត់មិននៅផ្ទះ។
សាច់ញាតិរបស់គាត់ បាននិយាយថា រាល់ពេលប្រពន្ធគាត់ចេញក្រៅ នាងតែងស្លៀកពាក់យ៉ាងស្រស់ស្អាតមិនធម្មតា និងពេលខ្លះស្លៀកពាក់សិចស៊ីទៀតផង។ នាងបានចេញពីផ្ទះទាំងកណ្តាលអធ្រាត្រ ហើយត្រឡប់មកវិញនៅពេលព្រឹក។ រឿងនេះកើតឡើងស្ទើរតែរាល់ថ្ងៃប្រហែល ២០ ដង ក្នុងមួយខែ។ ជាក់ស្តែង ក្នុងខែមុន នាងមកវិញជាមួយនឹងភួងផ្កា។ នាងបានធ្វើវាអស់រយៈពេល៤ឆ្នាំមកហើយ ហើយសាច់ញាតិរបស់គាត់មានឃ្លីបវីដេអូនៃភស្តុតាងដែលបានរក្សាទុកក្នុងរថយន្តផងដែរ។
ទោះបីមុនគាត់ត្រឡប់មកផ្ទះវិញ គាត់បានត្រៀមចិត្តខ្លះហើយ។ ប៉ុន្តែពេលឃើញរូបភាព និងពាក្យសម្ដីច្បាស់ៗពីសាច់ញាតិ វាធ្វើឲ្យគាត់ពិបាកនិយាយ ព្រោះប្រពន្ធបានលួចលាក់ធ្វើបែបនេះពីក្រោយខ្នងអស់៤ឆ្នាំ ដោយនាងប្រហែលជាគិតថាគ្មានអ្នកណាដឹង។ ប៉ុន្តែមនុស្សគ្រប់គ្នានៅជុំវិញបានដឹង លើកលែងតែខ្លួនគាត់ និងម្តាយរបស់គាត់ប៉ុណ្ណោះ។
បន្ទាប់ពីការប្រឈមមុខដាក់គ្នា ទីបំផុត ប្រពន្ធរបស់គាត់បានសារភាពទាំងទឹកមុខក្រៀមក្រំថា ពេលប្តីមិននៅផ្ទះ នាងមានអារម្មណ៍ថាឯកោណាស់។ អស់រយៈពេល៤ឆ្នាំមកនេះ នាងបានធ្វើរឿងសម្ងាត់ពីក្រោយខ្នងប្តីជាច្រើនដង ហើយថ្មីៗនេះ នាងបានលង់ស្នេហ៍ជាមួយបុរសអាយុ ២៤ ឆ្នាំម្នាក់ ខណៈបាច់ផ្កាដែលបានឃើញ គឺជាកាដូរបស់បុរសនោះតែម្តង។ ឮពាក្យពិតចេញពីមាត់ប្រពន្ធយ៉ាងដូច្នេះ បុរសជាប្តីបានផ្ទុះកំហឹង និងចង់លែងលះនាងភ្លាម។ ប៉ុន្តែ នៅពេលអារម្មណ៍ហាក់ស្ងប់ស្ងាត់ គាត់គិតអំពីអនាគតរបស់កូនគាត់។ គាត់គិតថា បើឪពុកម្តាយបែកគ្នា កូនត្រូវទៅរស់នៅជាមួយនរណាម្នាក់ពិបាកខ្លាំងហើយ។ រហូតមកដល់ពេលនេះ លោកនៅមិនទាន់អាចសម្រេចចិត្តបានឡើយ។
ក្រោយពីរឿងរ៉ាវបុរសជាប្តីខាងលើ ត្រូវបានលាតត្រដាងតាមប្រព័ន្ធអ៊ីនធឺណិត ឃើញថាទទួលបានការចាប់អារម្មណ៍ពីមហាជន រហូតក្លាយជាប្រធានបទរិះគន់យ៉ាងក្តៅគគុក។ មនុស្សជាច្រើនបានចូលទៅបញ្ចេញមតិ និងជជែកដេញដោលគ្នា។ ក្នុងនោះ ក៏មានអ្នកណែនាំឱ្យគាត់លែងលះឱ្យបានឆាប់ ព្រោះវាហាក់ដូចជានាងមិនអាចផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់នាងបានទេ ដោយសារតែនាងធ្លាប់ក្បត់ចិត្តជាច្រើនលើកច្រើនសារមកហើយ។ ទោះជាយ៉ាងនេះក្តី ក៏មានមហាជនមួយចំនួនយល់ថា ភាគីខាងស្រីបានសារភាពថា អ្វីៗដែលនាងធ្វើគឺពិតជាខុស។ ប៉ុន្តែគាត់ក៏ជាផ្នែកមួយនៃបុព្វហេតុ ដែលទុកឱ្យនាងរស់នៅម្នាក់ឯងជាមួយកូនក្នុងគ្រួសារ នាងប្រហែលជាមានអារម្មណ៍ឯកោណាស់!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង