ពិតមែនហើយ មនុស្សជាច្រើនមានការងារធ្វើនៅក្នុងទីក្រុង ប៉ុន្តែមិនអាចមានលទ្ធភាពស្នាក់នៅបានទេ ដោយសារតម្លៃលំនៅដ្ឋានក្នុងទីក្រុងខ្ពស់ពេក ហើយការចំណាយសម្រាប់ការរស់ប្រចាំថ្ងៃក៏ខ្ពស់។ តែមិនមែនមានន័យថា ពួកគេមិនអាចរកគូជីវិតដែលសមរម្យបានទេ។ ដូច្នេះហើយ ជំនួសឱ្យការព្យាយាមស្នាក់នៅក្នុងទីក្រុង យុវជនមួយចំនួនបានជ្រើសរើសរស់នៅជនបទឱ្យសមស្របនឹងលក្ខខណ្ឌ និងមិនចាំបាច់ធ្វើការខ្លាំងពេកទេ។ តែបើចង់រស់នៅជនបទ ត្រូវមានផ្ទះ ដី និងការងារផងដែរ។
ទាក់ទងរឿងនេះ ទំព័រ163 បានចុះផ្សាយរឿងអំពីនារីអាយុ ២៨ ឆ្នាំម្នាក់ ដែលធ្វើការនៅទីក្រុងរយៈពេល ២ ឆ្នាំ បន្ទាប់មកបានផ្លាស់ទៅស្រុកកំណើតរបស់នាងវិញ ដើម្បីចាប់ផ្តើមអាជីព និងធ្វើការនៅចំការ។ នាងជឿថាជីវិតនៅទីក្រុងមិនសមនឹងនាងទេ។ ជីវិតកសិករនៅជនបទ នឹងធ្វើឱ្យនាងមានអារម្មណ៍សុខស្រួល រីករាយជាមួយធម្មជាតិ និងមិនចាំបាច់មានបន្ទុកច្រើនពេក។ នាងព្យាយាមធ្វើការយ៉ាងលំបាក សន្សំប្រាក់ និងរីករាយជាមួយភាពសប្បាយរីករាយដ៏សុខសាន្តនៃជនបទ។ ទោះជាយ៉ាងណា មានពេលខ្លះដែលនាងគិតអំពីការស្វែងរកដៃគូជីវិតដ៏ស័ក្តិសម ព្រោះនាងមិននៅក្មេងទៀតទេ។
នៅតំបន់ជនបទមួយចំនួននៃប្រទេសចិន នារីមិនទាន់រៀបការដែលមានអាយុលើសពី ៣០ ឆ្នាំ នឹងត្រូវប្រឈមមុខនឹងភ្នែកញាតិ ហើយចាត់ទុកថា “មិនទាន់រៀបការ”។
ដូចមនុស្សជាច្រើននាក់ទៀតដែរ នារីរូបនេះក៏មានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការស្វែងរកដៃគូជីវិតសមរម្យ។ ទោះយ៉ាងណាក៏ដោយ មនុស្សដែលនាងចង់ជ្រើសរើសត្រូវតែជាបុរសអ្នកទីក្រុង ឬធ្វើការនៅក្នុងទីក្រុង។ នាងជឿជាក់ថាជាមួយនឹងរូបរាង និងលក្ខខណ្ឌបច្ចុប្បន្នរបស់នាង នាងនឹងអាចស្វែងរកបុរសទីក្រុងដែលនាងចង់បាន។
ដូច្នេះហើយ នារីរូបនេះបានបង្ហោះរឿងរបស់នាងតាមបណ្តាញសង្គម ដោយបានអួតថា បច្ចុប្បន្ននាងមានផ្ទះ៤ខ្នង និងដី១០ហិចតា។ បុរសណាដែលព្រមរៀបការជាមួយនាង នឹងមិនបាច់ព្រួយបារម្ភរឿងលុយទិញផ្ទះទេ ដោយបុរសនោះអាចរើផ្ទះមករស់នៅជាមួយនាងបានភ្លាមៗ។ ល្អបំផុត គឺនាងក៏មិនត្រូវការលុយច្រើនសម្រាប់តម្លៃកូនក្រមុំទៀតផង។
ជាមនុស្សស្រីម្នាក់ដែលមានរូបរាងស្អាត នារីរូបនេះមានទំនុកចិត្តខ្លាំងណាស់។ តែទោះជាយ៉ាងណា ក្រោយបង្ហោះរឿងនេះប៉ុន្មានថ្ងៃ លទ្ធផល បែរជាផ្ទុយស្រឡះទាំងស្រុងដ៏មិននឹកស្មានទៅវិញ។ ព្រោះថា សហគមន៍អនឡាញមិនសូវសាទរចំពោះរឿងរបស់នាងទេ ពោលគឺគ្មានបុរសណាម្នាក់ ហាក់ចាប់អារម្មណ៍ទៅទ្រព្យសម្បត្តិដែលនាងមាននោះទេ ហើយក៏មិនមានអ្នកណាសុំស្វែងយល់បន្ថែមទៀតដែរ។ អ្នកខ្លះថែមទាំងពោលពាក្យបែបនេះថា៖ «សុខចិត្តនៅលីវល្អជាង ទៅរស់នៅស្រុកស្រែចម្ការ តើទ្រព្យសម្បត្តិនៅជនបទនោះតម្លៃប៉ុន្មាន?»។
ពិតណាស់ ក្នុងវីដេអូបង្ហោះលើបណ្ដាញសង្គម នារីរូបនេះបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត។ ប៉ុន្តែ ស្ទីលស្លៀកពាក់របស់នាង ត្រូវបានគេចាត់ទុកថាបុរាណណាស់ ខណៈផ្ទះនៅខាងក្រោយខ្នងនាង គឺសុទ្ធតែសង់ពីឥដ្ឋ ហើយមើលទៅចាស់ខ្លាំង។ ពួកគេគិតថា នេះជាតំបន់ជនបទក្រីក្រខ្លាំងណាស់។ ទោះបីនាងមានផ្ទះ៤ខ្នង ក៏គ្មានតម្លៃដែរ។ គ្មានអ្នកណាសុខចិត្តធ្វើជាកូនប្រសានៅជនបទឡើយ។
អ្នកខ្លះទៀតគិតថា នាងគួរតែស្វែងរកមនុស្សដែលនាងស្គាល់នៅជនបទដូចគ្នា ដើម្បីរៀបការទៅ។ ពួកគេនឹងទទួលយកជីវិតនៅជនបទបានយ៉ាងងាយស្រួល ហើយសមនឹងនាងកាន់តែប្រសើរទៀតផង។ វាពិបាកណាស់ សម្រាប់បុរសដែលកំពុងចាប់ផ្តើមអាជីពនៅក្នុងទីក្រុង ក្នុងការទទួលយក និងសម្របខ្លួនទៅនឹងជីវិតបែបនេះ។
នាងក៏មិននឹកស្មានថា ការបង្ហោះ “ការជ្រើសរើសកូនកំលោះ” របស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងមិនទទួលបានការឆ្លើយតបណាមួយពីបុរសនៅទីក្រុងនោះទេ។
មានគេណែនាំនាងឱ្យរីករាយនឹងជីវិតនៅលីវ ជាមួយទ្រព្យសម្បត្តិនោះថា៖ «មិនអីទេបើអត់មានប្តី ខ្ញុំគិតថាគួររីករាយនឹងជីវិតនៅជនបទ រីករាយនឹងរបស់ដែលនាងមាន។ បុរសមិនចូលចិត្តពឹងផ្អែកទៅលើស្ត្រីពេកទេ ជាពិសេសអ្នកដែលមានអាជីពនៅក្នុងទីក្រុង អ្នកគួរតែពិចារណារឿងនេះ។
ក្រោយរកមិនឃើញមិត្តប្រុសជាច្រើនថ្ងៃ នារីរូបនេះហាក់ខកចិត្តជាខ្លាំង។ ទោះជាយ៉ាងណា នាងនៅតែបន្តមិនបោះបង់ក្តីសង្ឃឹមរហូតដល់រកឃើញមនុស្សប្រុសដែលត្រូវការ។ នាងជឿថា មនុស្សស្អាត និងមានទ្រព្យសម្បត្តិដូចនាង ច្បាស់ជាយកបានប្តីអ្នកទីក្រុងមិនខាន។ នាងក៏មិនភ្លេចរំលឹកដែរថា ជីវិតនៅជនបទគឺគួរឱ្យចាប់អារម្មណ៍ណាស់ មានផាសុកភាព អ្នកអាចធ្វើអ្វីៗតាមចិត្តបាន ទំនេរ និងចំណាយពេលតិចទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង