Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា តទៅ ស្លាក​យីហោ បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លែង​មាន​វត្តមាន​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ ទៀតហើយ​

spot_img

​ខេត្ត​ព្រះវិហារ​៖ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ ត​ទៅ​ស្លាក​យីហោ បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន​ស្រុក ក្រុង ឃុំ សង្កាត់ និង​តាម​ភូមិ​នានា​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​នឹង លែង​មាន​វត្តមាន​ទៀតហើយ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ចុះ​អនុវត្ត​ការងារ​នេះ ក្រោយ​ពី​តុលាការ​កំពូល​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​កន្លងមកនេះ​បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​២០១៧​នេះ អាជ្ញាធរ​មូលដ្ឋាន បាន​ទម្លាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្តាល របស់ គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​សង្កាត់​កំពង់​ប្រណាក និង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ដឹកនាំ​ដោយ លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ក្រោយ​ពី​តុលាការ កំពូល​កាត់ទោស​រំលាយចោល និង​ការចេញ​សេចក្តីប្រកាស​របស់​ក្រសួង​មហាផ្ទៃ​រួច​មក​។​

មន្ត្រី​ដដែល​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ តទៅ ស្លាក​យីហោ​, បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន​ស្រុក ក្រុង ឃុំ សង្កាត់ និង​តាម​ភូមិ​នានា​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ លែង​មាន​វត្តមាន​ទៀតហើយ​។​

សូមបញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃទី​១៦​វិច្ឆិកា​២០១៧ កន្លងទៅ តុលាការ​កំពូល​របស់​កម្ពុជា បានប្រកាស​សាលដីកា​សម្រេច​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ថ្ងៃ​ចេញ​ដីកា​នេះ​តទៅ ដោយសារ​តែ​គណបក្ស​នេះ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ជា​ប្រព័ន្ធ​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ជាមួយគ្នានេះ តុលាការ​កំពូល ក៏​បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ មិនឲ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ផង​ដែរ​។

​ក្រោយ​ពី​តុលាការ​កំពូល​ចេញ​ដីកា​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ឲ្យ​រក្សា​ភាព​ស្ងប់ស្ងៀម ហើយ​ចូលរួម​ថែរក្សា​សន្ដិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស ហើយ​សម្តេច​តេជោ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រកាស ប្ដេជ្ញា​ធានា​ដល់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស របស់​កម្ពុជា​ព្រមទាំង​ធានា​ដល់​ការបោះឆ្នោត ដែល​នឹង​ធ្វើឡើង​ជា​បន្ដបន្ទាប់​នៅ​ឆ្នាំក្រោយ​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​ 

 

spot_img
×