កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីលក់ដូរយ៉ាងនឿយហត់ពេញមួយថ្ងៃ ប្តីប្រពន្ធមួយគូដែលមាននាមត្រកូល Li នៅទីក្រុង Shuangabshan ខេត្ត Heilongjiang ប្រទេសចិន បានខ្ចប់គ្រឿងអលង្ការមាសទាំងអស់នៅក្នុងហាងគ្រឿងអលង្ការរបស់ពួកគេ ហើយនាំយកវាទៅផ្ទះវិញដូចសព្វមួយដង។
តែអ្វីដែលនឹកស្មានមិនដល់នោះ គឺនៅព្រឹកបន្ទាប់ ពេលភ្ញាក់ពីគេង ពួកគេពិតជាស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលរកឃើញថា គ្រឿងអលង្ការមាសមានតម្លៃជាង ៣ លានយន់ (ស្មើ 410,000 ដុល្លារ) ស្រាប់តែបានបាត់អស់រលីងតែម្តង។
យោងតាមសារព័ត៌មានក្នុងស្រុក លី និងភរិយា បានប្រកបរបរលក់គ្រឿងអលង្ការមាសដ៏ធំមួយ នៅក្នុងទីក្រុង Shuangabshan។ ដើម្បីការពារទំនិញដ៏មានតម្លៃរបស់ពួកគេ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ពួកគេតែងបានរក្សាទម្លាប់ខ្ចប់មាស និងគ្រឿងអលង្ការមាសទាំងអស់រៀងរាល់ល្ងាច ហើយយកទៅផ្ទះ និងនៅព្រឹកថ្ងៃបន្ទាប់ យកមកហាងវិញ។
ទម្ងន់គ្រឿងអលង្ការមាសទាំង៣សាខា សរុបជាង៣០គីឡូក្រាម ប៉ុន្តែប្តីប្រពន្ធមួយគូនេះ មិននឿយហត់អ្វីទាំងអស់ នៅតែឧស្សាហ៍ដឹកទៅមក ដើម្បីសុវត្ថិភាពក្នុងការទប់ស្កាត់ចោរកម្ម។ តែទោះជាមានការប្រុងប្រយ័ត្នយ៉ាងណា ក៏មាសរបស់ពួកគេនៅតែត្រូវបានគេលួចបាត់។
ក្រោយការស៊ើបអង្កេតជាច្រើនថ្ងៃ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យជាបុរសឈ្មោះ តុន ដែលមានប្រវត្តិបទល្មើសចោរកម្មជាច្រើន។ នៅពេលចាប់ខ្លួន លោក តុន បានបដិសេធថា មិនបានលួចមាសរបស់គ្រួសារ លី នោះទេ។ លុះពេលគេរកឃើញវត្ថុតាងជាច្រើនដូចជា៖ មាសដែលបានលួច ដបស្រាដ៏ល្បីនិងថ្លៃៗ វត្ថុបុរាណ អាវក្រោះ… នៅក្នុងផ្ទះជួល, Ton បានសារភាពថា មុននឹងប្រព្រឹត្តអំពើនេះ រូបគេបានស្រាវជ្រាវព័ត៌មានពីម្ចាស់ហាងយ៉ាងយកចិត្តទុកដាក់។
ជនសង្ស័យ តុន បានបន្តថា លុះព្រឹកឡើង រូបគេបានប្រើរន្ទាសំណង់ឡើងលើយ៉រជាន់ទី៥ នៃផ្ទះឈ្មោះ លី និងប្រើកាំបិតកាត់កញ្ចក់បង្អួច រួចឆ្លៀតឱកាស ខណៈម្ចាស់ផ្ទះកំពុងដេកលក់ ក៏បានលួចមាស និងវត្ថុផ្សេងៗនៅក្នុងផ្ទះតែម្តង។ នៅពេលប្រព្រឹត្តបទល្មើលនេះ Ton មានការភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែដោយសារតែគាត់ចង់ក្លាយជាសេដ្ឋីភ្លាមៗ រូបគេក៏សម្រេចចិត្តប្រថុយបែបនេះទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង