រដ្ឋធានីវ៉ាស៊ីនតោន៖ ជម្លោះរបស់អ៊ីស្រាអែល វាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន បានបង្កឲ្យផ្ទុះកំហឹង ចេញពីកងកម្លាំងជីវពលប្រដាប់អាវុធនានា គាំទ្រដោយអ៊ីរ៉ង់ ចាប់ផ្ដើមវាយប្រហារ ទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ហើយឥឡូវនេះ ប្រធានាធិបតិសហរដ្ឋអាមេរិក បានព្រមានចំៗ ទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ថា មន្រ្ដីមួយរូបរបស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) បានច្រានចោលនូវការធ្វើអត្ថាធិប្បាយរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានព្រមាន មកលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមេនី (Ali Khamenei) អំពីការវាយប្រហារនានា ទៅលើមូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោកប្រធានាធិបតី ចូ បៃដិន បានព្រមាន កាលពីថ្ងៃពុធ (ទី២៥ ខែតុលា) ដល់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ថា ប្រសិនបើរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ (Tehran) បន្ដធ្វើសកម្មភាព វាយប្រហារ ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ គឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបវិញ។
នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ជាមួយនឹងនាយករដ្ឋមន្រ្ដីអូស្រ្ដាលី លោក អានថូនី អាល់បានីស (Anthony Albanese) នៅឯសួនផ្កាកូឡាបរបស់សេតវិមាន លោកប្រធានាធិបតី បៃដិន បានសង្កត់ធ្ងន់ ថា «ការព្រមានរបស់ខ្ញុំ ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមេនី (Khamenei) ប្រសិនបើពួកគេបន្ដធ្វើសកម្មភាព ប្រឆាំងនឹងកងទ័ពរបស់យើង យើងនឹងឆ្លើយតបវិញ ហើយគាត់គួរតែប្រយ័ត្នខ្លួន»។
ដោយឡែក មន្រ្ដីមួយរូបរបស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) បានបដិសេធ ចំពោះការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ចូ បៃដិន ដោយនិយាយ ថា លោក បៃ ដិន បានព្រមាន មកលើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី អំពីការវាយប្រហារទៅលើកងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោក ម៉ូហាមម៉េដ ចេមស៊ីឌី (Mohammad Jamshidi) នាយករងការិយាល័យនយោបាយរបស់ប្រធានាធិបតីអ៊ីរ៉ង់ ហាក់ដូចជាទទួលស្គាល់ ថា សារនេះត្រូវបានផ្ញើ ចេញពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទៅកាន់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ប៉ុន្តែគាត់បានអះអាង ថា សារទាំងនោះ គ្រាន់តែជា«សំណើ» ប៉ុណ្ណោះ ហើយវាមិនមែនជាការព្រមាននោះឡើយ។
លោក ម៉ូហាមម៉េដ ចេមស៊ីឌី បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គម X ដែលពីមុនគេស្គាល់ ជាបណ្ដាញសង្គម Twitter ថា «សាររបស់សហរដ្ឋអាមេរិក មិនមែនសំដៅទៅកាន់មេដឹកនាំបដិវត្តន៍អ៊ីស្លាម (Khamenei) ក៏គ្មានអ្វីក្រៅ អំពីសំណើសុំពីភាគីអ៊ីរ៉ង់ នោះដែរ។ ប្រសិនបើលោកប្រធានាធិបតី បៃដិន គិតថា គាត់បានព្រមានអ៊ីរ៉ង់ គាត់គួរតែសួរទៅក្រុមការងាររបស់គាត់ ដើម្បីបង្ហាញអំពីខ្លឹមសារ នៃសារនោះ ដល់គាត់»
កងទ័ពសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា បានប្រឈមមុខនឹងការវាយប្រហារជាបន្ដបន្ទាប់ ដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូន និង មីស៊ីលជាច្រើនលើក ចាប់តាំងពីការផ្ទុះសង្គ្រាមវាយប្រហារគ្នា រវាងអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធហ៉ាម៉ាស់ (Hamas) របស់ប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមក។ ជាមួយគ្នានេះ ក្រុមសកម្មប្រយុទ្ធ មានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់ បានគំរាមវាយប្រហារសងសឹក ប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ជួយដល់ប្រទេសអ៊ីស្រាអែល នៅក្នុងសង្រ្គាម ជាមួយនឹងក្រុមហាម៉ាស់។
មន្រ្ដីបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី២៤ ខែតុលា) ថា ដ្រូនជាច្រើនគ្រឿង និង គ្រាប់មីស៊ីលជាច្រើនគ្រាប់ បានវាយប្រហារ មកលើកងទ័ពសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី យ៉ាងតិច ចំនួន១៣ដង នៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ។

លោកឧត្ដមសេនីយ៍ ផេត រ៉ៃដឺរ (Pat Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយ ដោយសំដៅទៅលើក្រុមចម្រុះអន្តរជាតិ ប្រឆាំងនឹងក្រុមភេរវករ ISIS ថា «ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា កងកម្លាំងសហរដ្ឋអាមេរិក និង ក្រុមចម្រុះអន្ដរជាតិ បានរងការវាយប្រហារ យ៉ាងហោចណាស់ ចំនួង១០ដង ដាច់ដោយឡែកពីគ្នា ទាំង នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ចំនួន៣លើកដាច់ដោយឡែកពីគ្នា នៅក្នុងប្រទេសស៊ីរី»។
បើទោះជាយ៉ាងណា អ្នកនាំពាក្យ មន្ទីរបញ្ចកោណ មិនបានបញ្ជាក់ អំពីក្រុមជីវពលណា ដែលទទួលខុសត្រូវ ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ ប៉ុន្ដែគាត់បានអះអាង ថា ក្រុមអ្នកវាយប្រហារ មកលើកងទ័ពសហរដ្ឋអាមេរិក គឺគាំទ្រដោយអ៊ីរ៉ង់ និង កងឆ្មាំបដិវត្ដន៍អ៊ិស្លាម(IRGC) របស់អ៊ីរ៉ង់។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក នៅតែបន្ដរក្សាវត្ដមានទាហានរបស់ខ្លួន ប្រមាណ ៩០០ នាក់ នៅក្នុងប្រទេសស៊ីរី និង ២ ៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់។ កងទ័ពសហរដ្ឋអាមេរិក ទាំងនេះ ក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS ដែលពីមុន ក្រុមភេរវករទាំងនេះ បានកាន់កាប់ទឹកដីដ៏ធំបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី។ ប៉ុន្តែក្រុម ISIS ត្រូវបានវាយបករុញច្រានវិញ ដោយកងកម្លាំងក្នុងស្រុក ដោយមានការគាំទ្រ ពីកងទ័ពអាកាសអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ សារាយSN











