Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុង​ជ្រលក់​ថ្នាំ​ការពារ​ជំងឺ និង​ថ្នាំពេទ្យ ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ស្ទឹងត្រែង​

​ស្ទឹងត្រែង ​៖ ដោយសារ​ការលិចលង់​ដោយ​ទឹកជំនន់ ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ​នោះ ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​តំបន់​មួយចំនួន ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នេះ ត្រូវបាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព និង​ដើម្បី​ការពារ​ពី​សុខភាព​ផ្ទាល់ខ្លួន ក្រសួង​សុខាភិបាល បាន​បញ្ជូន​មុង​ជ្រលក់​ថ្នាំ​ការពារ​មូស​ទិច ចំនួន ៤០០០​មុង និង​ថ្នាំពេទ្យ បាន​ដឹក​ទៅដល់​គោល​​ដៅ និង​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ស្ទឹងត្រែង ជា​ពិសេស​កុមារ ទទួល​បាន​ការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​តម្កាត់ ផ្សេងៗ​ផងដែរ​។​

​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ប្រាប់ថា ជំនួយ​បន្ថែម ជា​មុង​ជ្រលក់​ថ្នាំ​ចំនួន ៤០០០​មុង និង​ថ្នាំពេទ្យ ក្រសួង​បាន​ដឹក​ទៅ​ដល់​គោលដៅ និង​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ស្ទឹងត្រែង រួចរាល់​ហើយ ។ ក្រុម​គ្រូពេទ្យ​ស្មគ្រ័ចិត្តច​ល័ត របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ុង សូ​វៀត សហការ​ជាមួយ​មណ្ឌល​សុខភាព​សៀម​ប៉ាង បាន​ចុះ​ទៅ ភូមិ ញាំ​ង​ស៊ុធំ ឡា​កាយ និង​ទីទួល​សុវត្ថិភាព កោះ​ទន្សាយ ឃុំ​សន្តិភាព នឹង​បាន​ចែក​មុង​ជ្រលក់​ថ្នាំ​ចំនូ​ន​១៥០​មុង​(​មុង​អង្រឹង​១០០ មុង​គ្រែ​៥០ ផ្តល់​ថ្នាំ​បង្ការ ជំងឺ​កញ្ជ្រឹល និង​គ្រុន​ស្វិតដៃជើង​ដល់​កុមារ ចំនួន​៥០​នាក់ ចែក​ថ្នាំ chloramine ១៧.០០០ គ្រាប់ អប់រំ​សុខភាព បាន​២០៨​នាក់ និង​ពិនិត្យ​ព្យាបាល​ជំងឺ បាន​ចំនួន​១២៣​នាក់ ។​

​លោក​រដ្ឋមន្ត្រី ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់ ការពារ​សុខភាព​តាមរយៈ​ការហូប​ស្អាត​ទឹក​ស្អាត និង​កុំ​ឲ្យ​កូន​តូចៗ លេង​ទឹក ព្រោះ​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។​

​ចំណែក​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានប្រកាសថា កម្ពស់​ទឹក​ទន្លេសេកុង ក្នុង​ខេត្ត​ស្ទឹងត្រែង នា​ម៉ោង ៩ យប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ ៖ មក​ដល់​វេលាយប់​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេសេកុង បាន​បន្ត​ហក់​ឡើង​លើស​កម្រិត កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ហើយ ។ គិត​ត្រឹម​ម៉ោង ៩ យប់​នេះ ទឹក​ទន្លេសេកុង​មាន​កម្ពស់ ១១,៦០ ម៉ែត្រ ខណៈ​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រយ័ត្ន​គឺ ១១,៥០ ម៉ែត្រ ។​

គិម​មក​ដល់​វេលា​យប់​នេះ ទឹកជំនន់​ដែល​ហូរ​ចេញពី​ការបាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បាន​មក​ដល់​ព្រំដែន​ប្រទេស​កម្ពុជា​ជា​បណ្តើរៗ​ហើយ និង​បាន​លិច​ចូល​តំបន់​មួយចំនួន នៅក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បង្ខំ​ឲ្យ​អាជ្ញាធរ​ត្រូវ​ជម្លៀល​ប្រជាជន​ទៅ​រក​កន្លែង​សុវត្ថិភាព ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×