ភ្នំពេញ ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានចេញដីកាឲ្យឃុំខ្លួន មនុស្សចំនួន៨នាក់ ជាសន្តិសុខក្រុមហ៊ុនឯកជន ដែលក្លែងជាសមត្ថកិច្ច និងប្រើប្រាស់ អាវុធខុសច្បាប់ យាមនៅតាមធនាគារមួយចំនួន ។
ជនសង្ស័យទាំង៨នាក់នេះ ត្រូវបានលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពាក់ព័ន្ធរឿង ធ្វើជាក្រុមសន្តិសុខយាមធនាគារ ហើយបន្លំខ្លួនជាកងកម្លាំងនគបាល និងយោធា រួមនឹងប្រើអាវុធ ដោយខុសច្បាប់។
ជនត្រូវចោទទាំង ៨នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបាន កម្លាំងនគរបាល នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយនគរបាលជំនាញ បើកការស្រាវជ្រាវ រកឃើញថា ពួកគេបានប្រើប្រាស់តួនាទី ជាកងកម្លាំងនគរបាលជាតិ ជាយោធា និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីទៅបម្រើការជាសន្តិសុខ យាមនៅមុខ ធនាគារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ ជនសង្ស័យទាំង ១២នាក់ បានប្រើប្រាស់លិខិត ឯកសណ្ឋាន ជាកងកម្លាំង នគរបាលជាតិ និងយោធា កងយោធពលខេមរភូមិន្ទ ក្លែងក្លាយ និងមានប្រដាប់ដោយអាវុធ ទៅបំពេញមុខងារជាសន្តិសុខឯកជន នៅធនាគារមួយចំនួន ដូចជា ធនាគារ ABA Bank ធនាគារ May Bank ធនាគារ RHB Indochina Bank និងធនាគារ Hong Le Ong Bank។ ដោយក្នុងនោះ ជនសង្ស័យ ចំនួន ៨ នាក់ ដែលត្រូវបញ្ជូនទៅកាន់តុលាការ រួមមាន៖ ទី១ ឈ្មោះ សរ វិរៈ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេនគរបាល ដើរប្រកាសជ្រើសរើស នគរបាលចូលក្របខ័ណ្ឌ កងកម្លាំងនគរបាលជាតិ និងបំពាក់អាវុធ ដោយមានលិខិតបញ្ជាបេសកម្មក្លែងក្លាយ ដល់កម្លាំងដែល រូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារខាងលើ។ ទី២ ឈ្មោះ ឃិត សុខឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេយោធា ដើរប្រកាសជ្រើសរើស ទាហានឲ្យចូលក្របខ័ណ្ឌ កងខេមរភូមិន្ទ និងបំពាក់អាវុធ ដោយមានលិខិតបញ្ជាបេសកម្មក្លែងក្លាយ ដល់កម្លាំងដែល រូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារខាងលើ។ ទី៣ ឈ្មោះ ឡូច ម៉េងហួង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ ទី៤ ឈ្មោះ វ៉ន សុផានិត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ ទី៥ ឈ្មោះ លី ឃាន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ ទី៦ ឈ្មោះ ផុស សឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ ទី៧ ឈ្មោះ ក្រាក់ ទៀង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ និងទី៨ ឈ្មោះ ឌិន ធុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ។
សូមបញ្ជាក់ថា កម្លាំងនគរបាល នៃនាយកដ្ឋាន គ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ក្រុមជនសង្ស័យ សរុបចំនួន ១២នាក់ កាលពីអំឡុងថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមគោលដៅ ធនាគារធំៗខាងលើ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួន ដូចជា៖ អាវុធខ្លីចំនួន ១០ដើម (ម៉ាករ៉ូឡូ ៣ដើម ម៉ាកកា៥៩ ចំនួន៣ដើម ម៉ាកកា៥៤ ចំនួន៣ដើម និងម៉ាកMAC CAL 9mn ចំនួន១ដើម) វិទ្យុទាក់ទង ចំនួន ៨គ្រឿង និងលិខិតក្លែងក្លាយ រួមទាំងសម្ភារៈមួយចំនួនធំ៕ ដោយ៖បញ្ញាស័ក្តិ