ភ្នំពេញ៖ប្រធានគណបក្សយុវជនកម្ពុជា បានស្នើដល់តុលាការត្រូវពិចារណាឡើងវិញ ករណីព្រះរាជអាជ្ញារងចោទប្រកាន់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប និងបញ្ជូនទៅចៅក្រមស៊ើបសួរ ហើយថាធាតុផ្សំនៃបទល្មើសមិនគ្រប់គ្រាន់ ហើយសកម្មភាពជាក់ស្តែង ក៏មិនបានកើតឡើងផងដែរ។
បើតាមផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៨ខែវិច្ឆិកានេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា “គឺជារឿងអយុត្តិធម៌មួយសម្រាប់ពួកគាត់ទាំងពីរនាក់នេះ ដោយហេតុធាតុផ្សំនៃបទល្មើសមិនគ្រប់គ្រាន់ ហើយសកម្មភាពជាក់ស្តែង ក៏មិនបានកើតឡើងផងដែរ ដូច្នេះតុលាការត្រូវពិចារណាឡើងវិញចំពោះការចោទប្រកាន់លើបុគ្គលពីររូបនេះដើម្បីធានាឲ្យស្មារតីច្បាប់មានភាពសុក្រឹត ដូច្នេះការចោទប្រកាន់ទៅលើរូបពួកគាត់ គឺជាការបង្ហាញនូវការរំលោភសិទ្ធិអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរបំផុត”។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានបន្ថែមថា” ក្នុងន័យនេះ ក្នុងនាមខ្ញុំជាអ្នកនយោបាយជំនាន់ក្រោយ សូមអំពាវនាវដល់អ្នកអនុវត្តច្បាប់គួរតែពិចារណាចំពោះការចោទប្រកាន់លើជនណាមួយឲ្យមានទម្ងន់ទោសត្រឹមត្រូវ និងផ្អែកទៅលើភស្តុតាងសុក្រឹតនិយម ជៀសវាងធ្វើឲ្យច្បាប់ក្លាយទៅជាអាវុធដ៏សាហាវសម្លាប់មនុស្សក្នុងសង្គមនីតិរដ្ឋ”។
អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកានេះ ។ សំណុំរឿងនេះ នឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី នៅម៉ោង ១ និង ៣០ នាទី ដើម្បីសម្រេចថា ឃុំខ្លួន ឬមិនឃុំខ្លួន៕ ដោយ៖បញ្ញាស័ក្តិ