ថ្មីៗនេះ តារាកំប្លែងជើងចាស់ នាយ ក្រឹម បានធ្វើឱ្យមហាជនផ្ទុះកំហឹង និងរិះគន់យ៉ាងខ្លាំង ក្រោយឃើញតារាកំប្លែងរូបនេះបានការប្រើប្រាស់ពាក្យសម្ដី ហាក់មិនសមរម្យទៅកាន់បេក្ខជនម្នាក់ ដែលហាក់ចជារើសអើង និងមិនឱ្យតម្លៃ ក្រោយដឹងថាបេក្ខជនរូបនោះគឺជាមនុស្សប្រុសស្រលាញ់ភេទដូចគ្នា។
ជាក់ស្តែង តារាកំប្លែងជើងចាស់ និងមានប្រជាប្រិយភាពរូបនេះ បានខមិនលើកឡើងយ៉ាងដូច្នេះថា៖ «ចិត្តលោកផ្ទាល់ពិតជាមិនចង់ឱ្យមានមនុស្សដែលស្រលាញ់ភេទដូចគ្នាកើនឡើងច្រើននោះទេ ព្រោះថាកាលណាមានមនុស្សស្រលាញ់ភេទដូចគ្នា កើនកាន់តែច្រើនឡើង គឺមិនអាចបន្តពូជមានកូនបានដូចជាមនុស្សដទៃធម្មតា ដែលវាគឺជាផលប៉ះពាល់ ធ្វើឱ្យបាត់បង់ធនធានមនុស្ស»។
បន្ទាប់ពីបានឃើញវីដេអូ ការលើកឡើងរបស់តារាកំប្លែងជើងចាស់រូបនេះហើយ ស្រាប់តែអ្នកលេងបណ្ដាញសង្គម រួមទាំងអ្នកសិល្បៈជាច្រើនបង្ហាញប្រត្តិកម្មយ៉ាងខ្លាំងៗតែម្តង។ ក្នុងនោះ អ្នកសិស្បៈ អ្នកនាង ពេជ្រ សូលីកា បានលើកឡើងចំៗថា៖ «ភេទទី៣ ឫអ្នករើសអើងហៅថា «ខ្ទើយ» អាចនិយាយបានថា 90% ដែលមានភេទដូចជាពួកគាត់នៅក្បែរខ្លួនខ្ញុំរាល់ថ្ងៃ និងបានជួយកាងារដល់ខ្ញុំជាច្រើន រួមកាងារផង រួមសុខរួមទុក្ខផង មនុស្សដែលពេញលក្ខណៈ «ខ្លះ» សន្ដានមិនបាននឹងពួកគាត់ផង គ្មានទំនួសខុសត្រូវ មិនអោយតម្លៃមនុស្សស្រី លើកដៃវៃស្រី អាងអីអាងខ្លួនជាប្រុស ទោះពួកគាត់ជាភេទអ្វី ក៏ពួកគាត់នៅតែប្រឹងប្រែងខំធ្វើការដោយកម្លាំងញើសឈាមរបស់គាត់ដូចតែយើងអ៊ីចឹង លើលោកនេះគ្មានអ្នកណាអាចកំណត់ជោគវាសនាខ្លួនឯងបានទេ ហើយកាន់តែមិនអាចហាមឃាត់ធម្មជាតិបាន ទោះភេទខុសគ្នា តែក៏ជាមនុស្ស»។
រីឯលោក Peypey Dy បានដាក់ឲ្យកប់ៗបែបនេះថា៖ «សូមលោកពូក្រឡេកមើលភេទទី3មួយចំនួនធំ គេមាន business មានការងារល្អ មានចំណូល ចង់ពន្ធជូនរដ្ឋដូចគ្នា តើធនធានមនុស្សសំដៅតែចំពោះភេទប្រុសនិងភេទស្រី ឬយ៉ាងម៉េច? ក្រែងលោកពូ ធ្លាប់សម្តែងធ្វើជាភេទទី3ដែរតើ មិនចឹង? ភេទទី3មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យលើភេទទេពូ វាអាស្រ័យលើខួរនិងទង្វើររបស់មនុស្ស ពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី3ច្រើន តែខ្ញុំខ្លាចមនុស្សនិយាយច្រើនបាត់ខួរ»។
ដោយឡែក ស្រីស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Rern Nat ក៏បានចំអកឲ្យលោក ក្រឹម ឡើងចុកៗថា៖ «សុទ្ធតែអ្នកស្រាលាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបាន តែបើបង្កើតគេហើយគ្មានទំនួលខុសត្រូវលើគេដូចពូ កុំបង្កើតគេមកល្អជាង គ្រួសារពូ ខ្ញុំស្គាល់ច្បាស់ណាស់… តែដឹងត្រឹមថាខ្ញុំមិនចង់ឲ្យសង្គមមួយនេះមានធនធានមនុស្សប្រុសសុទ្ធដូចជាពូច្រើនទេ ព្រោះពូមិនមែនជាបុរសល្អ មិនមែនជាប្តីល្អ មិនមែនជាឪពុកល្អ»។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នាយ ក្រឹម នៅមិនទាន់បានចេញមុខបកស្រាយជុំវិញរឿងដែលបានកើតឡើងនោះទេ ខណៈមហាជន ជាពិសេសតារាក្មេងៗបានផ្ទុះប្រតិកម្ម រិះគន់ដាក់ឲ្យយ៉ាងធ្ងន់ៗ ព្រោះមិនពួកគេមិនពេញចិត្ត ទៅនឹងពាក្យសម្ដីរបស់លោក ដែលហាក់មានការរើសអើងភេទទី៣ជាខ្លាំង ខណៈនៅក្នុងសង្គមបច្ចុប្បន្ន មិនថាតែក្នុងប្រទេសកម្ពុជានោះទេ ពោលគឺប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក កំពុងតែពួតដៃគ្នាយ៉ាងខ្លាំងក្លា ដើម្បីលុបបំបាត់នូវគំនិតរើសអើង និងមិនឱ្យតម្លៃទៅលើអ្នកភេទទី៣ ព្រោះគ្រប់មនុស្សជាតិសុទ្ធតែមានសិទ្ធិស្មើៗគ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង