Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ក្រសួងធម្មការ និងសាសនា នឹង​ចាត់វិធានការ​យ៉ាងណា ទៅលើ​គ្រូ​ស្រី​យក «ស្បង់​ចីវរ» មក​ស្លៀក​ធ្វើ​ដូច​ព្រះ ខណៈ​ក្រសួង​បាន​ចេញ​សារចរ​ណែនាំ​ប៉ុន្មាន​ចំណុច​នេះ​រួចហើយ

ថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូគ្រូស្រីនៅខេត្តក្រចេះដែលអះអាងចេះមន្តអាគម ដោះអំពើអំពាន់ និងអាចព្យាបាលជំងឺរាប់រយមុខ បានយក «ស្បង់ចីវរ» របស់ព្រះសង្ឃមកស្លៀក អង្គុយពែនភ្នែនក្នុងចានកាធុនរចនាជាផ្កាឈូក ធ្វើដូចខ្លួនជាព្រះអ៊ីចឹង ខណៈខ្លួនត្រឹមតែជាគ្រូ មិនពាក់ព័ន្ធនឹងព្រះពុទ្ធឡើយ។

ពិតណាស់ ក្រោយពីបានឃើញពីសកម្មភាពហាក់ឆ្កូតឡប់ខ្លាំងបែបនេះ មហាជនជាច្រើនបានចូលទៅបញ្ចេញមតិរិះគន់ឡើងព្រោងព្រាត និងក៏ដូចជាស្នើដល់ក្រសួងធម្មការ និងសាសនា សូមមេត្តាជួយពិនិត្យករណីគ្រូស្រីរូបនេះផង ព្រោះនេះជាទង្វើដែលរំលោភបំពាន និងធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនាព្រះពុទ្ធយ៉ាងខ្លាំង ដែលមិនគួរលើកលែងឲ្យសោះឡើយ។

ទោះជាយ៉ាងណា គិតមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះ គេពុំទាន់ឃើញខាងក្រសួងធម្មការ និងសាសនា បង្ហាញពីប្រតិកម្ម និងក៏ដូចមានចំណាត់ការទៅលើគ្រូស្រីរូបនេះនៅឡើយ ដោយមិនដឹងថា ក្រសួងបានឃើញវីដេអូនេះ ឬយ៉ាងណានោះទេ​ ខណៈមហាជនកំពុងចែករំលែកឡើងផ្អើលពាសពេញបណ្តាញសង្គម។

តែទាក់ទងនឹងករណីនេះ បើយោងតាមសារាចរណែនាំមួយរបស់ក្រសួង ដែលបានចុះកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានឲ្យដឹងថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនាតាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឲ្យប្រើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូកករ ដែលទង្វើទាំងនេះ មិនស្របទៅនឹងមាត្រាទី៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន។

សារាចរណែនាំរបស់ក្រសួង ក៏បានបន្តថា ឈរលើស្មារតីនេះ ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំចំនួន៤ចំណុចរួមមាន៖ ១- ហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកដណ្ដប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុដែលធ្វើឲ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។ ២- ហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្ម តាមគ្រប់រូបភាពរួមមានមាន ទេសនា បង្រៀនធម៌ ផ្សព្វផ្សាយប្រាសចាកធម៌វិន័យ សេចក្ដីពិតនៃព្រះធម៌ មន្តអាគមឧមអាម សីលវិជ្ជាការ (ទុវិជ្ជា) ដែលជាសកម្មភាពមានលក្ខណៈបោកប្រាស់។ ៣- ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល ឬបក្ខពួកក្រុមរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម និងទី៤ ហាមយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុងកំប្លែង ធម៌រ៉េប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ហាមយកព្រះពុទ្ធរូបឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ក្នុងហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ និងទ្រនាប់ជើងជាដើម។

ទទួលបានសារាចរណែនាំចំនួន៤ចំណុចនេះ មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នឹងសហការអនុវត្តឲ្យមានប្រសិទ្ធភាព និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងផងដែរ។

គួរបញ្ជាក់ផងដែរថា គ្រូស្រីដែលបានយកស្បង់ចីវររបស់ព្រះសង្ឃមកស្លៀក ធ្វើដូចខ្លួនជាព្រះខាងលើនេះ ត្រូវបានគេស្គាល់មានឈ្មោះថា «អ្នកគ្រូនី» បច្ចុប្បន្នកំពុងតែរស់នៅក្នុងភូមិអូរឫស្សី១ សង្កាត់អូរឫស្សី១ ក្រុងក្រចេះ ខេត្តក្រចេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×