ដូចដែលប្រិយមិត្ត មហាជនបានទទួលជ្រាប និងហួសចិត្តយ៉ាងក្រៃលែងរួចហើយ ចំពោះនារីម្នាក់ដែលធ្វើខ្លួនជាមនុស្សប្រុស បានតាមយាយីជីវិតរបស់នារីម្នាក់ទៀត ហាក់មិនឲ្យមានសេរីភាពសោះឡើយ ដោយតាមស្ទើរគ្រប់ពេលវេលា ដែលបើតាមដឹង គឺមានរយៈពេល ២ ទៅ ៣ ឆ្នាំទៅហើយ បើទោះជានារីរងគ្រោះប្តឹងសមត្ថកិច្ច ក៏នៅតែតាមដែរ នោះក៏ដោយសារតែសមត្ថកិច្ច ហាក់មិនរវល់ព្រោះស្មានតែរឿងរ៉ាវស្នេហ៍នឹងគ្នាមែនទែន។
តែដោយសារអត់ទ្រាំលែងបាន នៅទីបំផុត នារីរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ចជាថ្មីទៀត រហូតដល់កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ ៣៣ ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតឯកជនរបស់នារីឈ្មោះ វណ្ណ ឌីលក្ខណ៍ តទៅទៀត បើមានករណីកើតឡើងបន្តទៀត ស្រ្តីរូបនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ទោះជាយ៉ាងណា ស្រាប់តែចូលប៉ុស្តិ៍មិនបានជាង ១០ ថ្ងៃ ស្រាប់តែនារីតែងខ្លួនជាប្រុសរូបនេះ បានបន្តជិះម៉ូតូដេញតាម និងសូម្បីកៀរនារីរងគ្រោះទៀត ដែលធ្វើឲ្យរូបនាងពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង។ តែទោះជាបែបនេះក្តី នារីរងគ្រោះពុំបានទៅរំខានសមត្ថកិច្ចនោះទេ ដោយសារនារីរូបនេះ ពុំបន្តរំខានទៀត។
តែដោយឡែក នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ៗនេះ មានរឿងភ្ញាក់ផ្អើលទៀតហើយ ដោយនារីតែងខ្លួនប្រុសរូបនេះ បានជិះម៉ូតូតាមរំខាននារីរងគ្រោះ ហើយនៅពេលសួរនាំ ក៏បានប្រាប់ថា មកសុំទោស និងសារភាពថា ទៅប៉ុស្តិ៍ប៉ូលិសដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមរំខាននោះ គឺខ្លួនបង្ខំចិត្តប៉ុណ្ណោះ។
នេះបើតាមនារីរងគ្រោះ កញ្ញា អាលក្ខណ៍ បាន Live វីដេអូ និងសរសេររៀបរាប់ឲ្យមហាជនបានដឹងទាំងហួសចិត្តថា៖ «អត់ទេ ញ៉ុមសាំខ្លាំងហា ទៅធ្វើការយឺតទៀតហើយ មកតែប៉ុស្ត៍នឹង។ តាំងពីកើតដល់ប៉ុននេះមិនដែលឃើញអាណាតាប៉ែហើយសាំចឹងទេនិយាយមែន។ ធ្វើកិច្ចសន្យាដល់ខណ្ឌហើយ វាថាទៅបង្ខំចិត្ត វាមិនឈប់។ វាយវាក៏ខុស ជេរវាក៏ខុស ខឹងចិត្តណាស់ហា…….អញ….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង