នេះជាខណៈពេលដ៏រន្ធត់ណាស់ នៅពេលដែលបានឃើញអ្នកដំណើរតាមម៉ូតូ ត្រូវបានទឹកជំនន់ហូរនាំយកចេញពីផ្លូវ និងកំពុងតស៊ូជីវិតនៅក្នុងទឹកដ៏ល្ហល្ហេវ ស្របពេលដែលមានអ្នកដំណើរល្អៗ បាននាំគ្នារត់ទៅជួយ ដោយមិនគិតពីគ្រោះថ្នាក់។
យ៉ាងណាមិញ ហេតុការណ៍ក្នុងឃ្លីបនេះ ត្រូវបានដឹងថាបានកើតឡើងកាលពីវេលាម៉ោង១២ និង ០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ស្ថិតកំណាត់ផ្លូវហូជីមិញ (ឆ្លងកាត់ឃុំ Phuc Dong ស្រុក Huong Khe ខេត្ត Ha Tinh) ប្រទេសវៀតណាម។ ដោយសារឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេលយូរ ទឹកបានហក់ឡើងយ៉ាងលឿន បង្កឱ្យមានការលិចលង់ផ្លូវទាំងស្រុង ធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។
ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ អាជ្ញាធរបានដាក់ស្លាកសញ្ញា និងរឹតបន្តឹងមិនឲ្យឆ្លងកាត់ផ្លូវលិចផ្លូវនោះទេ។ ដោយមានតែយានជំនិះពីរបីប្រភេទប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់តំបន់នេះបាន ដូចជាកុងតឺន័រ និងត្រាក់ទ័រ ប៉ុន្តែម៉ូតូ ឬរថយន្តធុនតូចមិនត្រូវបានអនុញ្ញាតទេ។ ទោះជាយ៉ាងនេះក្តី អ្នកបើកម៉ូតូក្នុងឃ្លីប នៅតែមិនប្រុងប្រយ័ត្ន ដោយប្រថុយបើកឆ្លងកាត់ផ្លូវលិចទឹកនេះ ហើយក៏ជួបគ្រោះថ្នាក់តែម្តង។
ដោយឃើញហេតុការណ៍នេះ ប្រជាពលរដ្ឋជាច្រើននាក់ដែលនៅជុំវិញនោះ មិនខ្វល់ពីគ្រោះថ្នាក់នោះទេ ហើយបានប្រញាប់ចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងមានទុក្ខ។ ទស្សនាឃ្លីបនេះហើយ មនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ដោយភ័យព្រួយរហូតដល់ពេលវេលាវីដេអូចុងក្រោយ។ ជាសំណាងល្អ ឧបទ្ទវហេតុនេះមិនបានបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរណាមួយឡើយ ហើយគ្រប់គ្នាមានសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង