ក្នុងរយៈពេលប៉ុន្មានមកនេះ ករណីគ្រូស្រីគ្រូទស្សន៍ទាយជោគវាសនា និងមើលជំងឺនៅឯខេត្តក្រចេះ ដែលមានឈ្មោះ «សុខ នី» ឬហៅថា «អ្នកគ្រូនី» បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង ក្រោយពីបានឃើញគ្រូស្រីរូបនេះ បានយក «ស្បង់ចីពរ» របស់ព្រះសង្ឃ មកស្លៀក រួចអង្គុយសម្មាធិពែនភ្នែនក្នុងចានកាធុនរចនាជាផ្កាឈូកធ្វើដូចខ្លួនជាព្រះពុទ្ធអ៊ីចឹង។
ជាការពិតណាស់ បន្ទាប់ពីបានទស្សនាវីដេអូនៃសកម្មភាពដ៏មិនគួរគប្បីនេះ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនាព្រះពុទ្ធ មហាជនជាច្រើនបានផ្ទុះការរិះគន់ឡើងព្រោងព្រាត និងក៏បានធ្វើការអំពាវនាវសូមឲ្យក្រសួងធម្មការ និងសាសនា ជួយត្រួតពិនិត្យមើលករណីរបស់គ្រូស្រីរូបនេះផង។
ដូចការរំពឹងទុកមែន គឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រសួងធម្មកា និងសាសនាខេត្តក្រចេះ បានសហការជាមួយរដ្ឋបាលក្រុងក្រចេះ រួមទាំងព្រះសង្ឃ បានចុះទៅដល់លំនៅដ្ឋានគ្រូស្រីរូបនេះតែម្តង ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យាទុកជាការព្រមាន។
ក្នុងកិច្ចសន្យា គ្រូស្រី «សុខ នី» ដែលមានអាយុ ៣៨ ឆ្នាំ បានទទួលស្គាល់កំហុសរបស់ខ្លួនយ៉ាងដូច្នេះថា៖ «កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នាងខ្ញុំបានយកស្បង់ចីពររបស់ព្រះសង្ឃព្រះពុទ្ធសាសនា មកស្លៀកពាក់ ហើយថតបង្ហោះទៅលើបណ្ដាញសង្គម ដោយពុំបានដឹងថាខុសច្បាប់រដ្ឋ និងឆ្គាំឆ្គងក្នុងធម្មវិន័យព្រះពុទ្ធសាសនាឡើយ។ ក្រោយពីទទួលបានការណែនាំអាជ្ញាធរ នាងខ្ញុំសូមទទួលកំហុស និងព្រមលុបវីដេអូឃ្លីបចេញពីបណ្ដាញសង្គមវិញ»។
គ្រូស្រីរូបនេះក៏បានសន្យាថា៖ «តទៅថ្ងៃក្រោយ នាងខ្ញុំនឹងឈប់យកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាទៀតហើយ។ ប្រសិនបើថ្ងៃក្រោយធ្វើដូច្នេះទៀត នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ដើម្បីជាសក្ខីភាព និងជាភស្តុតាងក្នុងផ្លូវច្បាប់ នាងខ្ញុំសូមផ្ដិចមេដៃស្ដាំទុកជាភស្តុតាង»។
គួរបញ្ជាក់ផងដែរថា គ្រូស្រី «សុខ នី» ដែលមានទីលំនៅស្ថិតក្នុងភូមិអូរឬស្សី១ ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ គឺជាគ្រូទាយ និងបានអះអាងថា អាចព្យាបាលជំងឺទូទៅដោយប្រើពេលត្រឹមតែ ១០ ទៅ ១៥ នាទី នឹងជាសះស្បើយហើយ។ តែទោះជាយ៉ាងណា គេក៏មិនដឹងថា តើគ្រូស្រីរូបនេះជាគ្រូទេវតាដូចការអះអាងខាងលើ ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង