ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ បន្ទាប់ទៅរំលូតកូនចេញពីក្នុងផ្ទៃ ដែលទើបមានអាយុ ៥ សប្តាហ៍ ខណៈស្រ្តីជាពេទ្យឆ្មបមធ្យមម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីនេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅបណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទៅឲ្យពេទ្យឆ្មបមធ្យមឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីរំលូតកូនឲ្យ ខណកូនក្នុងផ្ទៃមានអាយុ ៥ សប្តាហ៍។
ប្រភពបន្តថា អំឡុងដំណើរការរំលូត ពេទ្យឆ្មបខាងលើ បានធ្វើប្រើ «ទុយោបូមកូនចេញ» ដែលបណ្តាលឲ្យជនរងគ្រោះមានសភាពធ្ងន់ធ្ងរ រហូតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។ តែជាអកុសល ដោយសារតែសភាពធ្ងន់ធ្ងរខ្លាំង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង កាលពីវេលាម៉ោង ១ និង ៥០ នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
ក្រោយករណីនេះបានកើតឡើង សាច់ញាតិដែលត្រូវជាបងបង្កើតជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ហើយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ អាយុ ៥២ ឆ្នាំ (មុខរបរពេទ្យឆ្មបមធ្យម) បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក បើយោងតាមលោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ឲ្យដឹងបន្ថែមថា បច្ចុប្បន្នជនសង្ស័យឈ្មោះ ធឿន នឿន ដែលជាឆ្មបមធ្យមរូបនេះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរួចរាល់ហើយ ដើម្បីអនុវត្តបន្ដតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង