ក្នុងឃ្លីបមួយដែលត្រូវបានបង្ហោះដោយប្រជាពលរដ្ឋ ដើម្បីព្រមានពីចោរលួចមាន់នៅក្នុងមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានចោរវ័យក្មេង២នាក់ បានលេចមុខ ខណៈពេលជិះម៉ូតូកាត់តំបន់នោះ ហើយលួចមាន់មួយប៉ព្រិចភ្នែក។ .
ជាក់ស្តែង នៅពេលមកដល់ចំណុចផ្ទះប្រជាពលរដ្ឋ ដែលមានចិញ្ចឹមមាន់នៅសងខាងផ្លូវ ស្រាប់តែមានចោរម្នាក់ ក្នុងចំណោម២នាក់ បានលោតចុះពីម៉ូតូ ហើយមិនពិបាកក្នុងការចាប់មាន់គក១ក្បាល ដែលកំពុងស្ថិតនៅចិញ្ចើមផ្លូវ ហើយរត់គេចខ្លួនយ៉ាងលឿនដោយសុវត្ថិភាព។
ជាការកត់សម្គាល់ នោះវិធីសាស្ត្ររបស់ចោរទាំងពីរ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិត ជឿជា ពួកគេមានជំនាញក្នុងការលេងមាន់ជល់តែម្តង។ ដោយសារពួកគេបានកាន់មាន់ជល់១ក្បាលធ្វើជានុយ ដើម្បីល្បួងមាន់ពណ៌ស ឲ្យរត់មកក្នុងបំណងចង់ប្រយុទ្ធ ជាឱកាសធ្វើឱ្យ «សត្វក្អែក» ងាយស្រួលចាប់យកចេញតែម្តង។
បច្ចុប្បន្ននេះ វីដេអូនេះ នៅតែត្រូវបានចែករំលែកតៗគ្នាពេញបណ្តាញសង្គម ដើម្បីជាការព្រមានដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានចំណូលចិត្តចិញ្ចឹមមាន់ជល់នៅផ្ទះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង