ខេត្តកំពង់ចាម ÷ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពង្រីកផ្លូវនៃកំណាត់ផ្លូវជាតិលេខ៧ ពីរគន្លងទៅ ពីរគន្លងមក ប្រវែងជាង ៤៥គីឡូម៉ែត្រ និងមានសួនច្បារនៅចំកណ្ដាល ចាប់ពីចំណុចរង្វង់មូលដំរី ស្រុកជើងព្រៃ នៃខេត្តកំពង់ចាម បន្តរហូតទោដល់ រង្វង់មូលសេះ ក្រុងកំពង់ចាម ប្រយោជន៍ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះជាដើម ដោយសារកន្លងមកធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ និងឧស្សាហ៍កកស្ទះ។

ជាមួយនឹងការស្ថាបនាពង្រីកផ្លូវនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹង លោក លឹមស៊ី ដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីជាច្រើនទៀត បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការបើកការដ្ឋានសាងស្ពាននៅទីតាំងចំនួន ៣ កន្លែង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមាននៅស្រុកកំពង់សៀម ស្រុកព្រៃឈរ និងស្រុកជើងព្រៃ។

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឱ្យដឹងថា ចំពោះក្រុមហ៊ុនដែលដេញថ្លៃបាន គឺក្រុមហ៊ុនBRBC របស់ចិន ដែលមានបទពិសោធន៍រួចហើយក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការងារទាំងនេះ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាននៅស្រុកដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវនេះត្រូវធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យដំណើរការស្ថាបនាផ្លូវប្រព្រឹត្តទៅរលូន៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី









