Wednesday, May 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​ផ្សារណាត់​បន្លែ និង ផលិតផល​សុវត្ថិភាព នៅ​ខេត្ត​សៀមរាប​ដើម្បី​ធានា​ឲ្យមាន​ទីផ្សារ​តម្លៃ​កសិផលស​ម្រាប់​កសិករ ក្នុង​រយៈពេល​វែង​

spot_img

​សៀមរាប​៖ ដើម្បី​ធានា​ឲ្យមាន​ទីផ្សារ​តម្លៃ​កសិផលស​ម្រាប់​កសិករ ក្នុង​រយៈពេល​វែង ក៍​ដូចជា​ធានាបាន​នូវ​ផលប្រយោជន៍​សម្រាប់​កសិក​រ និង​លើកទឹកចិត្ត​ដល់​កសិករ​ជា​អ្នក​ផលិត និង លើកស្ទួយ​ផលិតផល​កសិកម្ម​របស់ជាតិ គួរ​ត្រូវ​បាន​ពិនិត្យ​ពិចារណា​លើ​ការកែលំអរ​ចនាស​ម្ព័​ន្ឋ​ខ្សែក្រវ៉ាត់​ផលិតកម្ម​បន្លែ លំហូរ​ការផ្គត់ផ្គង់​ផលិតផល​បន្លែ មធ្យោបាយ​ដឹកជញ្ជូន ព្រមទាំង​មធ្យោបាយ​ត្រួតពិនិត្យ តាម​គោលការណ៍​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​(GAP)​ដែល​បាន​ណែនាំ​ឲ្យ​កសិករ​អនុវត្ត​កន្លងមក ។ លោក រដ្ឋមន្ត្រី​កសិកម្ម ក៏​បាន​ស្នើ​ឲ្យ​កសិករ​និង​អ្នកប្រើប្រាស់​ថ្នាំពុល​គីមី ត្រូវ​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ ។​

​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​រៀបចំ​បើក​ផ្សារណាត់​បន្លែ​សុវត្ថិភាព​និង​ផលិតផល​សុវត្ថិភាព ដែល​បាន​ធ្វើឡើង​នៅ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​លោកស្រី លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កសិកម្ម និង​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ តំណាង​ក្រុមហ៊ុន និង បងប្អូន​ប្រជាកសិករ​ដាំ​ដុះ សរុប​ចំនួន​ជាង​៥០០​នាក់​ចូលរួម ។​

​តាម​របាយការណ៍​របស់លោក ទា គឹម​សុទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​ថា ៖​ស្រុក គោលដៅ​ចំនួន​៦ និង​ចែក​ជា​២​ផ្នែក ផ្នែក​ទី​១ (​បន្លែ​) ចំនួន​៤​ស្រុក បាន​អនុវត្ត​សកម្មភាព​ផ្តោតទៅលើ​ការផលិត​បន្លែ​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ចូល​ទីផ្សារ និង ផ្នែក​ទី​២(​ស្រូវ​) បាន​ផ្តោត​ទៅលើ​ផលិតកម្ម​ស្រូវពូជ​-​ស្រូវ​ចំណី ។ តាម​ការសិក្សា​ពី​តម្រូវការ​ទីផ្សារ​បន្លែ (​ផ្សារ​សាមគ្គី​) ក្នុង​ខេត្ត​សៀមរាប​ឃើញថា ៖ បន្លែ​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​មាន​មាន​ពី ៣០ ទៅ​៤០ មុខ​បន្លែ ក្នុង​បរិមាណ​ពី ៣៥ ទៅ ៤០ តោន ក្នុង​មួយ​ថ្ងៃ ។​

​លោក ឃឹម ប៊ុន​សុង បាន​លើកឡើង​ថា ការបើក​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព នាពេលនេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការផ្សព្វផ្សាយ​នូវ​កសិផល ដែល​ប្រជាកសិករ​ផលិត​បាន ប្រកបដោយ​សុវត្ថិភាព​អនាម័យ​ល្អ តាម​ស្តង់ដារ និង​មិន​ធ្វើឲ្យប៉ះពាល់​ដល់​សុខុមាភាព​អ្នក​បរិភោគ​ឡើយ ។ ម្យ៉ាងវិញទៀត​ការរៀបចំ​ឲ្យមាន​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព នាពេលនេះ គឺ ជា​ការជួបជុំ​គ្នា រវាង ផលិត​ករ ដៃគូរ​អភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ក្នុង​ការផ្លាស់ប្តូរ បទពិសោធន៍ មតិយោបល់​នានា រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម ដែល​កើតមានឡើង​កន្លងមក​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​ទៅ​នឹង​កត្តា​ប្រឈម​នានា ។ លោក អភិបាលខេត្ត​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​សហការ​ជាមួយ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​នានា ដើម្បី​ស្វែងរក​ទីផ្សារ​កសិផល ពង្រឹងគុណភាព​ទំនិញ​កសិកម្ម ព្រមទាំង​វិធានការ​បង្ការ​គ្រោះមហន្តរាយ នៃ​ជម្ងឺ​សត្វ ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​យន្តការ​ដទៃទៀត ។ ត្រូវ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​មុខ​ជំនាញ​បច្ចេកទេស​ថ្មីៗ ដល់​កសិករ ផលិត​ករ ពី​ការជ្រើសរើស​ពូជ ការប្រើប្រាស់​ជី​កសិកម្ម ថ្នាំ​កសិកម្ម ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​តាម​ស្តង់ដារ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ ដោយ​ខេត្ត​សៀមរាប​ជា​តំបន់​ទេសចរណ៍ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក វេង សាខុន បាន​មានប្រសាសន៍ថា វិស័យ​កសិកម្ម​ជា​ឆ្អឹងខ្នង​នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ វិស័យ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ធានា​ឲ្យមាន​សន្តិសុខ​ស្បៀង​ថ្នាក់ជាតិ និង ការបង្កើន​សុវត្ថិភាព​ចំណីអាហារ ។ លោក រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា ការបើក​ផ្សារណាត់​បន្លែ​សុវត្ថិភាព​និង​ផលិតផល​សុវត្ថិភាព​ខេត្ត​សៀមរាប​ជា​ផ្សារ​ទី​៧​ហើយ ក្នុងចំណោម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស ។ បច្ចុប្បន្ន​ក្រសួង​បាន​នឹង​កំពុង​កសាង​គោលនយោបាយ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០៣០ ។ ចក្ខុវិស័យ​កសិក​ម្ម​កម្ពុជា ជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិយា​ប័ណ្ណ ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង និរន្តរភាព​ដែល​នាំ​ដល់​ការកើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ វិបុលភាព និង សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។​

​លោក បញ្ជាក់ថា ថ្នាំពុល​គីមី គឺ​ជា​អាវុធ​មុខ​ពីរ បើ​យើង​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ​នោះ​វា​នឹង​ផ្តល់​ប្រយោជន៍​ល្អ​ដល់​យើង ។ ផ្ទុយទៅវិញ​បើ​យើង​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ​នោះ វា​នឹង​ផ្តល់​ផល​អវិជ្ជមាន​ជាច្រើន ដូចជា​ខាតបង់​ថវិកា ប៉ះពាល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​ជា​ដើម​ផង ។ ដូច្នេះ​ក្នុង​ការប្រើប្រាស់​ត្រូវអនុវត្ត ទៅតាម​បទដ្ឋាន​បច្ចេកទេស និង គោលការណ៍​សុវត្ថិភាព​ឲ្យបាន​ម៉ឺងម៉ាត់ ដោយ​ត្រូវ​ពិភាក្សា​ជាមួយ​អ្នកបច្ចេកទេស ដើម្បី​ប្រើប្រាស់​ឲ្យបាន​ចំ​ទិសដៅ និង ត្រូវ​អនុវត្ត​គោលការណ៍​គ្រប់គ្រង​ជីវជាតិ​ដី​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​រក្សា​នូវ​និរន្តរភាព​ផលិតកម្ម​កសិកម្ម​និង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ឋបរិស្ថាន ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×