មហាជនយ៉ាងច្រើន បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង និងសឹងតែអស់ការគាំទ្រទាំងស្រុង ក្រោយពីបានទស្សនាការប្រកួតគូមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា ដែលជាគូទន្ទឹងរង់ចាំចុងក្រោយគេ រវាងកីឡាករ ព្រំ សំណាង និង ដាវ លីឌុច នោះក៏ព្រោះតែកីឡាករលំដាប់A ព្រំ សំណាង ហាក់គ្មានក្បាច់គុនអ្វីមកបង្ហាញពិភពលោក ដែលធ្វើឲ្យ ដាវ លីឌុច វាយស្ទើរសន្លប់ និងឡើងពោរមុខតែម្តង។
ដូចដែលបានដឹងស្រាប់ហើយថា កីឡាករ ព្រំ សំណាង ដែលគេចាត់ទុកថាជា កីឡាករលំដាប់ A ផុតគេនៅស្រុកខ្មែរ មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនរិះគន់ជាបន្តបន្ទាប់ ព្រោះតែគេបានមើលឃើញថា កីឡាករចាស់វស្សារូបនេះធ្លាក់ចុះខ្លាំង ពោលគឺសឹងតែគ្មានក្បាច់ណាមួយ គួរឲ្យចាប់អារម្មណ៍ល្អមើល និងសង្ឃឹមជឿជាក់ទៀតនោះទេ ដោយកីឡាកររូបនេះមានតែក្បាច់ចូល «ឱប» ប៉ុណ្ណោះ ដែលសូម្បីតែ ដាវ លីឌុច កាលមុនប្រកួត ក៏ធ្លាប់បានផ្កែផ្កាឲ្យ ព្រំ សំណាង ដែលប្រកួតចាញ់ពិន្ទុកីឡាករអាមេរិកថា «គូនេះចប់ការប្រកួតរៀបការជាមួយគ្នា!» ទៀតផង។
ជាក់ស្តែង កាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដូចដែលមហាជនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរជាច្រើនគិតស្មានមិនខុសមែន គឺកីឡាករ ព្រំ សំណាង បានបង្ហាញភាពហាក់ខ្លាចរអាជាខ្លាំង និងពុំមានក្បាច់អ្វីវ៉ៃចេញគួរឲ្យកត់សម្គាល់សោះឡើយ ដោយបានត្រឹមដកថយចាំ «រង» កណ្តាប់ដៃវាយយ៉ាងសន្ទាប់ពី ដាវ លីឌុច ប៉ុណ្ណោះ។ ហើយជាលទ្ធផល គឺសំណាងហើយដែលមិនសន្លប់ តែត្រូវ «បែកមុខ» យ៉ាងដំណំគួរឲ្យអាណិត។
ទោះជាយ៉ាងណា បន្ទាប់ពីការប្រកួតនេះត្រូវបានធ្វើឡើង ខណៈលទ្ធផលតាមច្បាប់ការប្រកួត Mas Fight វ៉ៃត្រឹមតែ១ទឹក (៩នាទី) បើអត់មានអ្នកសន្លប់គឺ «ស្មើគ្នា» ក៏ដោយ តែមហាជនជាច្រើនបានកំពុងការរិះគន់ឡើងកក្រើកតែម្តង។ ក្នុងនោះ អ្នកនិយមកីឡាប្រដាល់ និងគាំទ្រគុនខ្មែរ បានបញ្ចេញមតិរិះគន់ហួសចិត្តផ្សេងៗគ្នាយ៉ាងដូច្នេះថា៖ «ប្រដាល់គូឯកថ្ងៃនេះ ខ្ញុំខ្មាស់បរទេសណាស់, ៥គូមុន គាំទ្រល្អមើលណាស់ តែគូពិសេសនេះមើលតឹងទ្រូង!, លំដាប់Aដូរទៅលំដាប់zzzzz គួរចូលនិវត្តន៌ទៅ, គ្មានឃើញពូណាងម៉ាត់សោះ ទាត់ទប់ៗខ្លាចសន្លប់ ដូចខ្ញុំថាគ្រូច្រើនពេកប្រតិកម្មវិជ្ជាគុនមែន គាំងក្បាច់អស់, ខំចាំមើល ព្រុំសំណាង វ៉ៃ អត់វ៉ៃសោះ គេចគេរហូត ឯណាក្បាច់គុនបូរាណខ្មែរ?,…»។
ដោយឡែក នៅពេលមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថា «ប្រកួតបែបការទូត បែបហ្នឹងហើយ គេសម្តែងទេ» ស្រាប់តែមានអ្នកឆ្លើយតបយ៉ាងចាក់ដោតទៅវិញថា «អូហ៍ ប្រហែលការទូតហើយមើលទៅ តែមុខ ព្រំ សំណាង ឡើងដំណំមើលសឹងលែងស្គាល់, ទទួលស្គាល់ការពិតទៅ ព្រោះយើងគ្មានក្បាច់អ្វីតតាំងនឹងគេ, មិនអាចបិទភ្នែកបិទមាត់បិទត្រចៀកមហាជនបានទេ ព្រោះគេឃើញជាក់ស្ដែង មិនដឹងជានយោបាយឬក៏ជាល្បិចកលអ្វីទេ កីឡាបើវ៉ៃតែរបៀបនេះទោះបីជាអ្នកញៀនមើលកីឡាយ៉ាងណាក៏ដោយ ក៏លេងចង់មើលតទៀតដែរ»។
ទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្តដល់កីឡាករ ព្រំ សំណាង ដោយបានលើកហេតុផលបែបនេះថា «ឈ្នះ100ដង ចាញ់1 ចាប់ផ្ដើមជាន់ពន្លិច 🥲ស្ដេចប្រដាល់ថៃ BuKaw មិនហ៊ានវាយផង ចុះគាត់ហ៊ានវាយ 🥲គាត់ខំអស់ហើយនៅតែមិនត្រូវចិត្តទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











