អន្ទិត សាន សុជា អតីតព្រះធម្មកថិកដ៏ល្បី ដែលបានលាចាកសិក្ខាបទបានត្រឹមជាង២ខែ ហើយក៏បានភ្ជាប់ពាក្យជាមួយនារីរូបស្រស់ឈ្មោះ ឡៅ ដានេ ធ្វើឲ្យមហាជនផ្ទុះការរិះគន់ឡើងកក្រើករួចមកនោះ នៅទីបំផុត បានដឹកដៃគូដណ្តឹង [ជាអតីតសង្សារគេ] ចូលរោងការហើយ ដែលត្រូវបានធ្វើឡើងនៅសាលមង្គល លំដាប់ថ្មី ផ្លូវក្រវាត់ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
តែអ្វីដែលធ្វើឲ្យគ្រប់គ្នា នៅក្នុងបណ្តាញសង្គម ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តខ្លាំងនោះ គឺបន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក កំពុងត្រូវបានចែករំលែកតៗគ្នាឡើងព្រោងព្រាត បង្ហាញពីទិដ្ឋភាពព្រះសង្ឃរាប់សិបអង្គ បានទៅចូលរួមក្នុងពិធីមង្គលការរបស់អន្ទិត សាន សុជា ប្រៀបដូចជាភ្ញៀវទៅហូបការអ៊ីចឹង។
ជាក់ស្តែង ថ្មីៗនេះ (ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣) គណនីហ្វេសប៊ុកឈ្មោះ Keth Koeut បានបញ្ចេញរូបភាពដ៏ភ្ញាក់ផ្អើល និងភ្ជាប់ Caption ចំអកឲ្យឡើងម៉ាឆ្ងាញ់ថា៖ «អើវ៉ី! ស្លៀកក្រហមអ៊ីចឹងទៅ កុំឱ្យពិបាក គេសួរថាខាងប្រុសឬខាងស្រី! ហើយអាចុងភៅណាហ្នុង ក៏វាចេញម្ហូបយូរទៀត! កែវក៏អត់ CHIVA ក៏អត់ ទឹកកកក៏អត់»។
ក្រោយពីបានរូបភាពនេះដ៏ហួសចិត្តនេះរួចភ្លាមៗ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាបញ្ចេញមតិដាក់ឲ្យបន្ថែមបែបៗនេះថា៖ «មិត្រព្រះធម៌, មិត្តរួមស្បង់, មានមួយទើបនឹងឃើញ, ទោះគេមិនសួរ គេមិនប្រាប់ក៏ដឹងថាភ្ញៀវខាងប្រុសដែរ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង