Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាវ លី​ឌុច បញ្ចេញ​រូប​ដ៏​ចាក់ដោត ផ្តាំ​ទៅ ព្រំ សំណាង លើកក្រោយ​បើ​ចង់​ឱប កា-ត់​ក្រចក​ផង ឥឡូវនេះ ប្រពន្ធ​ខ្លួន​ប្រច័ណ្ឌ​ខ្លាំ​ង ដល់​ថ្នាក់​ត្រូវ​សុំទោស

spot_img

ដូចដែលប្រិយមិត្តជាច្រើន ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់ បានទទួលជ្រាបរួចហើយ ទាក់ទងរឿងរ៉ាវនៃលទ្ធផលការប្រកួតរវាងកីឡាករ ព្រំ សំណាង និងកំពូលជើងខ្លាំងភូមា ដាវ លីឌុច ដែលបានធ្វើឲ្យមហាជនផ្ទុះការរិះគន់ដល់កីឡាករ ព្រំ សំណាង ឡើងកក្រើកតែម្តង ព្រោះតែអ្នកទន្ទឹមរង់ចាំទស្សនាម្នាក់ៗ បានមើលឃើញថា ព្រំ សំណាង ហាក់គ្មានក្បាច់គុនខ្មែរអ្វីសូម្បីតែ១ក្បាច់ ដើម្បីវាយទៅលើគូប្រកួត ពោលគឺមានការខ្លាចរអាតាំងពីដើមទឹក ដែលជាហេតុធ្វើឲ្យ ដាវ លីឌុច យកប្រៀបលើ ហើយបានផ្តល់កណ្តាប់ដៃយ៉ាងធ្ងន់ៗ ជាលទ្ធផលបណ្តាលឲ្យឡើងពោរមុខតែម្តង។

តែទន្ទឹមនឹងត្រូវបានមហាជនអ្នកតាមដាន ផ្ទុះការរិះគន់ស្ទើរមួយប្រទេស កីឡាករ ព្រំ សំណាង ក៏បានចេញមុខសុំទោសមហាជនទាំងសភាពផ្ទៃមុខឡើងពោរគួរឲ្យអាណិត និងបញ្ជាក់មូលហេតុដែលខ្លួនហាក់គ្មានក្បាច់អ្វីវ៉ៃចេញទាល់តែសោះនោះ គឺដោយសារតែក្នុងអំឡុង២នាទីដំបូង នៃដើមទឹក ខ្លួនបានធ្វេសប្រហែស ត្រូវកីឡាករ ដាវ លីឌុច ព្រលែងមួយកណ្តាប់ចំកណ្តាលមុខយ៉ាងធ្ងន់ បណ្តាលឲ្យដួលគ្រឹបងងឹតមុខឈឹង ស្រុតកម្លាំងខ្លាំងតែម្តង ហើយខ្លួនខំប្រឹងងើបឡើងមានតែទឹកចិត្តប៉ុណ្ណោះ ដើម្បីវាយទប់ រហូតដល់ចប់ទឹក (៩ នាទី) ដើម្បីទទួលបានលទ្ធផលស្មើគ្នា ជៀសវាងចុះចាញ់ ឬសន្លប់។

តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចខ្លាំងនោះ គឺក្រោយរលកមតិរិះគន់ហាក់ស្ងប់ស្ងាត់ ទាំងអ្នកខ្លះក៏ទទួលយកការបកស្រាយហេតុផលនេះ និងអ្នកខ្លះទៀតក៏នៅតែសើចចំអកថា «បើចាញ់គេ ទទួលស្គាល់ការពិតទៅ» ស្រាប់តែកីឡាករភូមា ដាវ លីឌុច បានបង្ហោះរូបភាពស្ទើរតែមិនគួរឲ្យជឿ បង្ហាញនៅជុំវិញ.ករបស់ខ្លួន បន្សល់ទុកនូវស្នាកស្នាម «ខ្វាច» យ៉ាងដំណំ ពីក្រញ៉ាំ «ក្រចក» របស់ ព្រំ សំណាង ដោយបានសរសេរបែបលេងសើច តែក្នុងន័យចំអកឌឺដងជាភាសាខ្មែរ និងភូមា តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះយ៉ាងចាក់ដោតថា៖ «បងសំណាង លើកក្រោយបងអាចកាត់ក្រចកបានទេ? ពេលនេះប្រពន្ធខ្ញុំប្រច័ណ្ឌខ្ញុំហើយ ថែមទាំងគិតថាខ្ញុំមានស្រីផ្សេងទៀត»។

បន្ទាប់មក ដាវ លីឌុច ក៏បានបង្ហោះរូបភាពគួរឲ្យអស់សំណើច ក្នុងកាយវិការលើកដៃសំពះប្រពន្ធ ដោយភ្ជាប់ Caption យ៉ាងចាក់ដោតទៀតថា៖ «អូនសម្លាញ់ បងសូមស្បថ​នឹងអូន​ថា ស្នាមខ្វាច​នៅ​ក​របស់បង គឺមក​ពី​ការ​ប្រកួត​ដ៏​ធំ​របស់​បង។ បងស្រលាញ់អូន»។

ជាមួយគ្នានេះផងដែរ ក្រឡេកមើលមតិអ្នកខមិនវិញ គេក៏បានឃើញអ្នកលេងបណ្តាញសង្គមម្នាក់ បានខមិនរូបដ៏លេចធ្លោ១សន្លឹក ដោយយករូប ព្រំ សំណាង កាត់តជាមួយរូបស្វ៊ីតមួយសន្លឹករបស់ប្តីប្រពន្ធ ដាវ លីឌុច និងភ្ជាប់ Caption ថា «ល្មមដល់ពេលរៀបការហើយ ដាវ លីឌុច» ដែលឃើញហើយពិតជាគួរឲ្យអស់សំណើចខ្លាំងតែម្តង។

គួរឲ្យកត់សម្គាល់ថា កីឡាករ ដាវ លីឌុច បានចាប់ផ្តើមបង្ហោះរូបភាពនេះឡើង គឺបន្ទាប់ពីកីឡាករ ព្រំ សំណាង បានចេញមុខចោទប្រកាន់ថា ដាវ លីឌុច ជាមនុស្ស «កូរ» ព្រោះពេលការប្រកួតចូលមកដល់ ស្រាប់តែឡាំប៉ាមិនពាក់ «ហ្កង់» ដោយបែរជាទាមទាររុំ «អំបោះឆៅ» ទើបយល់ព្រមប្រកួត ហើយខ្លួនក៏យល់ព្រមធ្វើតាមក្នុងនាមជាកីឡាករគុនខ្មែរ មិនខ្លាចឡើយ។ ទោះជាយ៉ាងណា ក្រោយឃើញកីឡាករ ព្រំ សំណាង ចោទឡើងបែបនេះ ស្រាប់តែ ដាវ លីឌុច បានឆ្លើយតបតាមរយៈខមិនទៅកាន់គណនីហ្វេសប៊ុកឈ្មោះ Sophea Shin ដែលបានសួរនាំអំពីរឿងនេះបញ្ជាក់ផ្ទុយស្រឡះបែបនេះថា៖ «យើងសូម្បីនិយាយពីរឿងនេះនៅការិយាល័យនាយករដ្ឋមន្ត្រីដែលថា យើងនឹងប្រកួតដោយប្រើអំបោះប្រពៃណីដូចអ្នកចំបាំងសម័យបុរាណ។ គ្រប់គ្នាសុទ្ធតែដឹងរឿងនេះ។ ខ្ញុំមិនប្រកួតដោយប្រើហ្គង់ទេ។ ខ្ញុំទទួលយកការប្រកួតដោយមិនប្រើក្បាលបោក ហើយលក្ខខណ្ឌជាមួយប្រម៉ូទ័រ គឺខ្ញុំវាយនឹងអំបោះឆៅ។ វាជាលើកទី១ សម្រាប់ខ្ញុំជាមួយអំបោះឆៅ ប៉ុន្តែ ព្រំ សំណាង បានវាយរួចហើយជាមួយអំបោះឆៅ នៅថៃហ្វៃ។ ដូច្នេះ វាមិនថ្មីទេសម្រាប់គាត់ ប៉ុន្តែវាជាលើកទី១ សម្រាប់ខ្ញុំ»។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មហាជនពុំទាន់ឃើញ ព្រំ សំណាង បានចេញមុខឆ្លើយតបទៅនឹងរូបភាពដែលចង់បញ្ជាក់ថា «លេងខូច» ទាំងនេះនៅឡើយនោះទេ ខណៈមហាជនក៏ចង់ដឹងដែរថា តើវាជាការពិត ឬជាប្រឌិតឡើងរបស់ ដាវ លីឌុច?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×