ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ កាលពីពេលថ្មីៗនេះ ជនជាតិវៀតណាមមួយក្រុម បានធ្វើឲ្យប្រជាជនខ្មែរ ផ្ទុះប្រតិកម្មយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូរបស់ពួកគេ បង្ហាញសកម្មភាពថតនៅឯប្រាសាទអង្គរវត្ត ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីថៃ ហើយបង្ហោះនៅលើបណ្តាញសង្គម ដោយភ្ជាប់ចំណងជើងថា៖ «Hello Thailand» ដែលប្រែជាភាសាខ្មែរថា៖ «សួស្តីប្រទេសថៃ» ហើយក្នុងវីដេអូក៏បានដាក់បញ្ចូលរូបស្តេចថៃទៀតផង ដោយមិនដឹងថាពួកគេមានបំណងអ្វីឲ្យពិតប្រាកដនោះទេ?។
ទោះជាយ៉ាងណា នេះជាទង្វើមិនត្រឹមតែមិនសមរម្យទេ គឺថែមធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងបេតិកភណ្ឌដ៏ផូរផង់របស់ប្រទេសកម្ពុជា ដែលអាចធ្វើឲ្យជនបរទេសផ្សេងៗទៀត មានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ដែលស្ថិតក្នុងខ្លឹមសារនៃរូបភាពវីដេអូនេះ គឺជារបស់ថៃតែម្តង។
យ៉ាងណាមិញ ក្រោយពីបានឃើញប្រជាជនខ្មែរ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានផ្ទុះប្រតិកម្ម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរអប្សរា ក៏បានចេញសេចក្តីបំភ្លឺទាក់ទងនឹងករណីនេះ ប៉ុន្តែ ពុំបានបង្ហាញពីចំណាត់ការផ្លូវច្បាប់ដ៏ម៉ឺងម៉ាត់ណាមួយទុកជាការព្រមាន ទៅលើក្រុមជនជាតិវៀតណាមដ៏ព្រហើនទាំងនោះឡើយ ដោយបានត្រឹមបញ្ជាក់បែបនេះថា រាល់វីដេអូដែលមានលក្ខណៈញុះញុងទាំងនោះ ខាងអាជ្ញាធរស្នើរសុំក្រុមហ៊ុន TikTok ធ្វើការលុបចោលរួចហើយ និងសំណូមពរដល់សាធារណជន ឈប់បន្តធ្វើការផ្សព្វផ្សាយតទៀត។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺក្រោយអាជ្ញាធរបានចេញសេចក្តីបំភ្លឺរួច សម៉ីខ្លួនម្ចាស់ឃ្លីបជនជាតិរៀតណាមនេះ ដែលត្រូវបានគេដឹងថា ជាភេទទី៣ និងជាអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម បានចេញមុខសុំទោសមហាជន ជាពិសេសប្រជាជនខ្មែរ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា «Hứa Quốc Anh»។
ទោះជាយ៉ាងណា ការចេញមុខសុំទោសនេះ គឺបានធ្វើឲ្យប្រជាជនខ្មែរហួសចិត្ត និងកាន់តែផ្ទុះកំហឹងទ្វេដង ព្រោះថាមើលទៅកាយវិការ និងទឹកមុខ ប្រៀបបីដូចជាផ្គើន និងឌឺដងមកកាន់ប្រជាជនខ្មែរទៅវិញ។ ក្នុងនោះ សូម្បីតែអ្នកលេងបណ្តាញសង្គមជនជាតិវៀតណាមដូចគ្នា ដែលបានដឹងច្បាស់ថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសកម្ពុជា ក៏បានចូលទៅខមិនព្រលះឲ្យបែបនេះថា៖ «កុំល្បិច… ឆ្លាតល្មមដឹងហើយថា ខ្លួនខុសតាំងពីដើម តែនៅតែព្យាយាមធ្វើវា ហើយបន្ទាប់មក ធ្វើជាមកលាងជម្រះកំហុសខ្លួនដោយពាក្យសុំទោស… ដឹងថាម្នាក់ៗគឺដើម្បីជីវិតហើយ ប៉ុន្តែកុំកំសាកដល់ថ្នាក់បែបនេះពេក!, ខ្ញុំចង់សួរថា អ្នកបានដឹងថាប្រាសាទអង្គរវត្តជារបស់ខ្មែរ ចុះហេតុអ្វីបានជាអ្នកធ្វើវីដេអូដែលមានទង់ជាតិថៃ និងព្រះមហាក្សត្រថៃ? ឬមួយអ្នកចង់បានអ្នក viewers ពីប្រទេសថៃ ឬអ្នកចង់អោយថៃសរសើរពីទង្វើដ៏មិនគប្បីរបស់អ្នក?, ទោះបីជាអ្នកបានទទួលការអប់រំក៏ដោយ អ្នកកំពុងធ្វើអ្វីៗដូចជាមនុស្សគ្មានសីលធម៌ និងមិនដឹងខ្លួន។ បើមិនចូលចិត្តស្រុកខ្មែរ កុំទៅស្រុកខ្មែរទៀតអី។ វប្បធម៌នៃកន្លែងសក្ការៈបំផុតនៅក្នុងប្រទេសកម្ពុជា កំពុងត្រូវបានយកមកធ្វើជាល្បែងលេងសើច នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក ដើម្បីទទួលបានការចូលចិត្ត និងទស្សនាបែបនេះ អ្នកកំពុងធ្វើអ្វីៗដែលប៉ះពាល់ដល់រវាងប្រទេសទាំងពីរយ៉ាងខ្លាំង។ សូមក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គមជាតិ ឈប់ធ្វើរឿងអាស្រូវបែបនេះទៅ, សុំទោសប៉ុន្មានដង ទម្លាប់របស់អ្នកមិនចេះកែមែន!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










