យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត Mothership របស់ប្រទេសសិង្ហបុរី, បុរសម្នាក់បានប្រញាប់ចូលបណ្តាញសង្គម ដើម្បីព្រមានដល់អ្នកដទៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីគាត់ត្រូវបានស្ត្រីម្នាក់ចូលទៅជិត ហើយសួរនាំយ៉ាងចម្លែកដែលទំនងសង្ស័យជាអ្នកដើរដាក់ថ្នាំតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅច្រកព្រំដែន Johor Bahru ដែលស្ថិតនៅចន្លោះព្រំដែននៃប្រទេសសិង្ហបុរី និងម៉ាឡេស៊ី កាលពីវេលាម៉ោង ១០ និង ២០ នាទី យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ពួកគេបានជួបគ្នានៅហាងស្ករគ្រាប់ Rotiboy នៅអគារគយ Sultan Iskandar នៅច្រកទ្វារព្រំដែន Johor Bahru ជាកន្លែងដែលជនជាតិសិង្ហបុរីជាច្រើនមកញឹកញាប់។
ពេលស្ត្រីនោះចូលទៅជិត ហើយសួរសំណួរមួយចំនួន បុរសរូបនោះដែលមានឈ្មោះ Jayden បានប្រាប់ថា គាត់ចាប់ផ្តើមមានអារម្មណ៍ស្រឡាំងកាំងភ្លាមៗ។ ប៉ុន្តែ ជាសំណាងល្អ ដែលគាត់បានព្យាយាមអស់ពីសមត្ថភាព ដើម្បីរក្សាខ្លួនគាត់ឱ្យប្រុងប្រយ័ត្នតាមដែលអាចធ្វើទៅបាន និងមានពេលចាកចេញយ៉ាងលឿន បើមិនដូច្នេះទេ ប្រាកដជាគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងចំពោះគាត់នោះទេ។
Jayden បានរៀបរាប់ឲ្យដឹងថា៖ «ខ្ញុំទើបតែមកដល់ Johor Bahru ។ ខ្ញុំនៅជិតហាងលក់ទំនិញ Rotiboy នៅអគារគយ, អន្តោប្រវេសន៍ និងកន្លែងដាច់ពីគេ ហើយស្ត្រីជនជាតិចិនម្នាក់បានសួរខ្ញុំថា ‘តើអ្នកធ្វើការនៅប្រទេសសិង្ហបុរីទេ? ថ្ងៃស្អែកជាថ្ងៃដំបូងរបស់ខ្ញុំដែលធ្វើការនៅប្រទេសសិង្ហបុរី តើអ្នកដឹងការងារក្រៅម៉ោងណាមួយដែលអ្នកអាចណែនាំខ្ញុំបានទេ?»។
Jayden បានបន្តថា៖ «ខ្ញុំឆ្លើយថាអត់ដឹងទេ។ នៅពេលដែលខ្ញុំឮសំលេងរបស់នាង ទោះជាខ្ញុំទប់ដង្ហើមក៏ដោយ ក៏ខ្ញុំនៅតែធុំក្លិនអ្វីមួយពីនាង ហើយខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍វិលមុខ។ បន្ទាប់មក ខ្ញុំបានប្រាប់នាងថាខ្ញុំមិនមានពេលទេ។ ខ្ញុំគិតថា នាងជាក្រុមអ្នកធ្វើពុតត្បុត។ ប៉ុន្តែសំណាងល្អ ដែលខ្ញុំបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព»។
លោក Jayden ក៏បានថតរូបខ្នងរបស់ស្ត្រីដែលនិយាយជាមួយគាត់ ហើយបង្ហោះរឿងនេះតាមអ៊ីនធឺណិតដើម្បីព្រមានអ្នកដទៃ។
ក្រោយបង្ហោះភ្លាម អត្ថបទរបស់បុរសរូបនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយត្រូវបានគេចែករំលែកជាង ៧០០០ ដង។ មនុស្សជាច្រើនក៏បានបញ្ចេញមតិដោយបញ្ជាក់ថា ស្ត្រីរូបនោះគឺជាសមាជិកនៃក្រុមធ្វើពុត ដែលបានទៅគ្រប់ទីកន្លែង ក្នុងគោលបំណងបោកប្រាស់មនុស្សដែលមិនមែនការប្រុងប្រយ័ត្ន។ ក្រៅពីនេះក៏មានមនុស្សមួយចំនួនបានគិតថា បុរសនោះប្រហែលជាទទួលរងឥទ្ធិពលថ្នាំ របស់ស្រ្តីរូបនោះហើយ ប៉ុន្តែ សំណាងដែលគាត់អាចប្រញាប់ដកខ្លួនចេញទាន់។
ក្នុងនោះផងដែរ ក៏មានមនុស្សម្នាក់បានលើកជាសំណួរថា ហេតុអ្វីបានជាបុរសនោះរងគ្រោះដោយក្លិនក្រអូបចម្លែកពីមនុស្សស្រី ប៉ុន្តែ នាងបែរជាមិនមានបញ្ហាអ្វី? អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បានសន្និដ្ឋានថា បុរសនោះអាចនឹងមានអារម្មណ៍វិលមុខ ព្រោះគាត់ទប់ដង្ហើមយូរពេក។
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើស្ត្រីអាថ៌កំបាំងដែលលោក Jayden លើកឡើងនោះ គឺជាមនុស្សដែលមានសមត្ថភាពក្នុងការធ្វើពុតត្បុត ក្នុងគោលបំណងបោកប្រាស់ ឬយ៉ាងណានោះទេ ប៉ុន្តែនៅក្នុងខែមេសា ឆ្នាំ២០២៣ មានករណីស្ត្រីម៉ាឡេស៊ីម្នាក់ត្រូវបានបោកប្រាស់តាមរបៀបស្រដៀងគ្នានេះ ដោយបានប្រគល់គ្រឿងអលង្ការមាសរបស់ខ្លួនមានតម្លៃ 70,000 Ringgit (ស្មើជិត ១,៥០០០ ដុល្លារ) និងសាច់ប្រាក់ចំនួន 1,600 Ringgit (ស្មើនឹងជាង ៣០០ ដុល្លារ) ដល់ជនចម្លែកជាលើកដំបូង បន្ទាប់ពីធ្លាក់ក្នុងស្ថានភាពសន្លប់បាត់បង់ស្មារតី។
ករណីផ្សេងទៀត គឺស្ត្រីម្នាក់ខណៈកំពុងលក់ដូរ ស្រាប់តែមានស្ត្រីម្នាក់រត់មកពីកន្លែងណាមួយ មកយំអង្វរស្ត្រីរងគ្រោះ ដោយនិយាយថា នាងចង់ជួយសង្គ្រោះកូនស្រីរបស់នាង។ រំពេចនោះ ក៏មានស្ត្រីម្នាក់ទៀត បានបង្ហាញខ្លួនដែរ ហើយនិយាយថានាងស្គាល់ «អ្នកជំនាញ ដែលអាចជួយបាន។ ពេលនោះជនរងគ្រោះបាននាំនារីចម្លែកទាំងពីរនាក់មកផ្ទះ ប្រគល់គ្រឿងអលង្ការឱ្យពួកគេទាំងអស់ ហើយថែមទាំងដកប្រាក់ប្រគល់ឱ្យពួកគេថែមទៀតផង។ ក្រោយពេលកើតហេតុ ទើបដឹងថាចាញ់បោកគេ ក៏ទៅប៉ុស្តិ៍ប៉ូលិសដើម្បីរាយការណ៍ពីករណីនេះ។ តែក៏មិនច្បាស់ទេថា ប៉ូលីសបានជួយនាងយកលុយពីអ្នកបោកប្រាស់មកវិញឬអត់ ប៉ុន្តែរឿងនេះបានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងចោទជាសំណួរថា តើការដាក់ថ្នាំសណ្តំពិតជាមានមែនទេ?។
ដើម្បីពន្យល់ពីរឿងនេះ អ្នកជំនាញនិយាយថា សមត្ថភាពដាក់ថ្នាំសណ្តំ គឺពិតជាមានពិត ប៉ុន្តែមនុស្សដែលមានសមត្ថភាពដ៏មិនធម្មតាមួយនេះ គឺកម្រណាស់ ដែលបង្ហាញខ្លួនតែក្នុងប្រទេសមួយចំនួនជុំវិញពិភពលោកប៉ុណ្ណោះ។ អ្វីដែលគេហៅថាទម្រង់នៃការដាក់ថ្នាំសណ្តំ ដើម្បីប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃ តាមពិតគ្រាន់តែជាប្រភេទក្លិនក្រអូបដែលមានធាតុផ្សំ ដែលអាចបណ្តាលឱ្យវងេ្វងស្មារតី និងបាត់បង់ឆន្ទៈបណ្តោះអាសន្ន។
ក្លិនក្រអូបអាចជាថ្នាំទឹក ឬក្លិនក្រអូបដែលត្រាំចូលទៅក្នុងវត្ថុ ហើយនៅពេលវាឆ្លងកាត់មុខជនរងគ្រោះ ធ្វើឱ្យស្ពឹកស្រពន់លែងដឹងបណ្តោះអាសន្ន។ លើសពីនេះ វិធីនេះក៏អាចប្រើល្បិចរួមផ្សំគ្នា ដូចជាការប្រើពាក្យសម្តីដើម្បីបង្វែរអារម្មណ៍ ឬប្រើដៃរហ័ស និងភ្នែករហ័សដើម្បីធ្វើឱ្យជនរងគ្រោះ ជាធម្មតាមនុស្សចាស់ដែលមានការរ៉េផ្លេចយឺត ឬអ្នកដែលមានស្មារតីទន់ខ្សោយ មិនអាចគ្រប់គ្រងទ្រព្យសម្បត្តិបានឡើយ។
ដូច្នេះដើម្បីទប់ស្កាត់ករណីទាំងនេះ នៅពេលជួបមនុស្សចម្លែក គឺត្រូវយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ពួកគេ។ ប្រសិនបើអ្នកគ្រាន់តែជួបពួកគេ ហើយពួកគេសុំឱ្យអ្នកបិទទូរស័ព្ទ ឬអានសំបុត្រ ឬធ្វើអ្វីផ្សេងទៀត សូមកុំធ្វើវាឱ្យសោះ ព្រោះវាងាយធ្លាក់ក្នុងអន្ទាក់របស់ពួកគេ។ ជៀសវាងឈរក្បែរពួកគេ យកល្អគួរតែរក្សាចម្ងាយ ឬចាកចេញទៅកន្លែងផ្សេងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង