Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​សរសើរ​ព្រោងព្រាត ក្រោយ​ឃើញ​ក្មេងប្រុស​បរទេស​ម្នាក់ ចេះ​រាំ​បទ​ប្រពៃណី​ខ្មែរ​យ៉ាង​សមសួន នឹកស្មាន​មិនដល់

ក្មេងប្រុសជនបរទេសម្នាក់ ដែលមានវ័យប្រមាណ ១០ ឆ្នាំ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង នោះក៏ព្រោះតែក្មេងប្រុសរូបនេះ ចេះរាំបទប្រពៃណីខ្មែរ «សារ៉ាយនឹមអូន» ចង្វាក់ក្បាច់យ៉ាងល្អ ដែលធ្វើឱ្យភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ នាំគ្នាផ្អើលមកមើល និងថតរូបឈូឆរតែម្តង ស្ថិតនៅតំបន់ភ្ញៀវទេសចរ ផាប់ស្រ្ទីត (ផ្សាររាត្រី) ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

យ៉ាងណាមិញ ក្រោយវីដេអូនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ក៏ឃើញមានមហាជនជាច្រើន បានចូលខមិនឡើងព្រោងព្រាត ជាមួយការកោតសរសើរទៅលើក្មេងប្រុសជនជាតិបរទេសម្នាក់នេះជាខ្លាំង ព្រោះម្នាក់ៗកម្រឃើញមានក្មេងជាជនជាតិបរទេស ចេះរាំបទប្រពៃណីខ្មែរបានយ៉ាងល្អបែបនេះនោះទេ។ លើសពីសនេះ ជាមួយកាយវិការរាំក្បាច់ ប្រកបដោយទឹកមុខញញឹមយ៉ាងស្រស់ស្រាយ ខណៈក្រម៉ាខ្មែរបង់កយ៉ាងសមសួន ក៏បានធ្វើឲ្យមហាជនជាច្រើនជឿថា ក្មេងប្រុសរូបនេះ និងគ្រួសាររបស់គាត់ ប្រហែលជាស្រឡាញ់វប្បធម៌ សិល្បៈរបាំបុរាណខ្មែរខ្លាំងហើយ។

ចំពោះមតិរបស់មហាជនវិញ ក្រោយពីបានឃើញកូនជនជាតិបរទេសស្រលាញ់សិល្បៈវប្បធម៌ខ្មែរ និងធ្វើបានល្អបែបនេះ ក៏បាននាំគ្នាចូលខមិនបញ្ចេញមតិលើកសរសើរជាហូរហែថា៖ «គួរអោយស្រលាញ់ណាស់ក្មេងតូច ហាត់រាំប៉ុន្មានខែហើយ បានជាចេះរាំដល់ម្លឹង?, ពិតជារំភើបណាស់ ពេលបានឃើញវីដេអូនេះ, សូម្បីតែកូនក្មេងបរទេសក៏ស្រលាញ់វប្បធម៌ខែ្មរដែរ ចឹងយើងជាកូនខ្មែរត្រូវតែរក្សាវប្បធម៌ជាតិយើងទាំងអស់គ្នា!, គេមិនមែនជាខ្មែរតែគេស្រលាញ់សិល្បៈ វប្បធម៌ ប្រពៃណីយ៍ខ្មែរ មិនដូចខ្មែរមួយចំនួនអត់ប្រយោជន៍ចូលចិត្តណាស់ អាបែកស្លុយ, អរគុណណាស់ ដែលបានជួយលើកស្ទួយ»។

ជាការពិតណាស់ ចំពោះបទប្រពៃណីខ្មែរយើង គឺពិតជាពិរោះខ្លាំងណាស់ ប៉ុន្តែ ចំណែកឯកការហាត់រាំ និងច្រៀងវិញ គឺក៏ពិបាកធ្វើខ្លាំងណាស់ រហូតដល់មានកូនខ្មែរមួយចំនួនសឹងតែមិនចេះរាំក៏មានដែរ ប៉ុន្តែ បែរជាក្មេងប្រុសបរទេសរូបនេះ អាចធ្វើបាន ជាហេតុធ្វើឲ្យបងប្អូនខ្មែរយើង ឃើញហើយលួចសរសើរមិនដាច់ពីមាត់បែបនេះ។

តែយ៉ាងណាមិញ បើតាមគណនីហ្វេសប៊ុកឈ្មោះ So Channou ដែលជាគ្រូផ្នែករំបាំនៅខេត្តសៀមរាប បានឲ្យដឹងថា តាមពិតក្មេងប្រុសបរទេសរូបនេះ គឺជាកូនសិស្សរបស់អ្នកគ្រូ ដែលរូបគេគឺជាសិស្សរបស់ក្រុមសិល្ប: អប្សរាសង្វារពេជ្រ Apsara Sangva Pich។ ហើយជាមួយគ្នានេះផងដែរ ម្តាយបង្កើតរបស់ក្មេងប្រុសរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Catherine Boramei ក៏បានចូលខមិនបង្ហាញអារម្មណ៍រីករាយថា៖ «អរគុណ អ្នកគ្រូសម្រាប់មេរៀនដ៏មានតម្លៃរបស់អ្នកគ្រូ។ កូនប្រុសរបស់ខ្ញុំ សប្បាយចិត្តណាស់!»។ ខណៈលោកគ្រូខាងលើក៏បានឆ្លើយតបទៅវិញថា៖ «ខ្ញុំសប្បាយចិត្តពេលដែលឃើញកូនអ្នកស្រឡញ់វប្បធម៌សិល្ប:របាំបុរាណខ្មែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×