សួនសត្វមួយនៅក្នុងប្រទេសអេហ្សីបរងការចោទប្រកាន់ថា បានយកសត្វលាមកលាបថ្នាំ និងគូរឲ្យ មើលទៅដូចសត្វសេះបង្កង់។
ទោះយ៉ាងណា មន្ត្រីនៅក្នុងសួនសត្វ បានបដិសេធចោលការចោទប្រកាន់នោះ។
លោក Mahmoud Sarhan បានថតរូបភាពនៅឧទ្យាន International Garden Municipal Park ស្ថិតក្នុងរដ្ឋធានី Cairo ប្រទេសអេហ្សីប បន្ទាប់ពីលោក បានសម្គាល់ឃើញថា សត្វសេះបង្កង់ ដែលគេដាក់បង្ហាញនៅក្នុងសួនសត្វ ទំនងជាសត្វលា ដែលគ្រាន់តែគេគូរ និងលាបថ្នាំឲ្យដូចប៉ុណ្ណោះ។
បើតាមរូបភាព បានបញ្ជាក់ថា ឆ្នូតនៅលើផ្ទៃមុខ ហាក់មិនដូចឆ្នូតនៅលើផ្ទៃមុខសេះបង្កង់សោះ។
ពេទ្យសត្វម្នាក់ ដែលបានធ្វើការវិភាគលើរូបភាពនោះ បាននិយាយថា ពណ៌នៅលើផ្ទៃមុខរបស់សត្វទាំងនោះ មិនស៊ីគ្នាជាមួយនឹងរូបរាងសេះបង្កង់ទេ ចំនែកឆ្នូតរបស់វាវិញ មើលទៅមិនស្របគ្នាសោះ។
លោក Mohamed Sultan ដែលជាអ្នកគ្រប់គ្រងនៅក្នុងសួនសត្វបានថ្លែងប្រាប់ស្ថានីយ៍វិទ្យុ នៅក្នុងស្រុកថា សត្វទាំងអស់នៅក្នុងសួនសត្វ សុទ្ធតែសត្វពិត៕ សុភ័ក្ត្រ
ប្រភព៖ UPI