Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឮ​ហើ​យស្លុ-ត​ចិត្ត​ណាស់! នារី​ម្នាក់​ចូលបន្ទប់​ទឹក ត្រូវ​បាន​បុរស​រោ-គ​ចិត្ត នៅក្នុង​រី​សត​មួយ​កន្លែង លប​ធ្វើសកម្មភាព​ថត លុះ​ចាប់បាន​សួរនាំ បែរជា​ឆ្លើយ​ដោះ​សារ​បែបនេះ…

នេះជារឿងមួយដ៏ហួសចិត្ត និងគួរឲ្យខ្ពើមជាទីបំផុត នៅពេលដែលបានដឹងថា នារីជាភ្ញៀវទៅដើរលេងកម្សាន្ត ត្រូវបានបុរសវ័យក្មេងម្នាក់ បានធ្វើសកម្មភាព «ដ៏រោគចិត្ត» លបលួចថត ខណៈនាងកំពុងស្ថិតក្នុងបន្ទប់ទឹក។ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺបុរសរោគចិត្តរូបនោះ ត្រូវបានដឹងថា គឺជាកូនអ្នកលក់ដូរ នៅក្នុងរីសតមួយកន្លែងលើភ្នំគីរីរម្យ តែម្តង។

ជាការពិតណាស់ តាមរយៈវីដេអូបានបង្ហាញសាច់ញាតិ ក្រុមគ្រួសារនារីរងគ្រោះ បានចាប់បានស្តែងៗ ខណៈបុរសនោះកំពុងសំងំនៅក្នុងបន្ទប់ទឹក ដោយពុំបានរត់ទៅណានោះទេ បន្ទាប់ពីបានធ្វើសកម្មភាពដ៏គួរឲ្យខ្ពើមនេះរួច។ ចំណែកនារីរងគ្រោះវិញ បានទ្រហ៊ោយំឥតឈប់ឈរនោះទេ ព្រោះតែខ្លួនប្រាណ «កេរ្តិ៍ខ្មាស» របស់នាង ត្រូវបានគេលួចថតបែបនេះ។ តែអ្វីដែលហួសចិត្តខ្លាំងទៀតនោះ គឺខណៈប្រឈមមុខជាមួយគ្រួសារនារីរងគ្រោះ បុរសរូបនេះបែរជាបដិសេធថា ខ្លួនពុំបានលួចថតនោះទេ ដោយអះអាងថា ខ្លួនស្រវឹងស្រា ហើយចូលបន្ទប់ទឹកស្រ្តីច្រឡំប៉ុណ្ណោះ។

ជាក់ស្តែង ហេតុការណ៍នេះត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Kakada Mkt ដែលត្រូវជាបងស្រីនារីរងគ្រោះ បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «សូមប្រយ័ត្នប្អូនៗនារី ដែលទៅបោះតង់ប្រើបន្ទប់ទឹករួម។ នេះជារឿងដែលឈឺចាប់បំផុតកើតឡើងលើគ្រួសារខ្ញុំផ្ទាល់ គឺមានបុរសរោគចិត្តម្នាក់ ត្រូវជាកូនរបស់បងស្រីម្នាក់ លក់ម្ជូរក្នុងរីសតមួយកន្លែងលើភ្នំគីរីរម្យ ដែលបានចូលទៅសំងំក្នុងបន្ទប់ទឹកស្រី រួចធ្វើការលួចថតប្អូនស្រីខ្ញុំ។ ដោយពេលនោះម៉ោង១១និង០០នាទីយប់ ប្អូនស្រីខ្ញុំបានចូលទៅបន្ទប់ទឹកតែម្នាក់ឯ។ អំឡុងពេលកំពុងនៅក្នុងបន្ទប់ទឹកម្នាក់ឯង ប្អូនស្រីខ្ញុំខ្លាចខ្មោច បានមើលលើមើលក្រោម ក៏ប្រទះឃើញគេលូកកាមេរ៉ាមកថតគាត់ តាមចន្លោះជញ្ជាំងខាងក្រោមនៃបន្ទប់ទឹក។ ពេលនោះ ប្អូនស្រីខ្ញុំគាត់ភ័យណាស់ ក៏រត់ទៅប្រាប់ ខ្ញុំទាំងភ័យតក់ស្លុត»។

បងស្រីនារីរងគ្រោះបានសរសេររៀបរាប់បន្តថា៖ «លុះពេលមកដល់ក៏គោះទ្វារ មួយសន្ទុះ ទម្រាំ បុរសម្នាក់នោះបើកទ្វារ (ពេលកំពុងគោះទ្វារប្រហែលបុរសរោគចិត្តនោះកំពុងលុបវីដេអូហើយ)។ ពេលបើកទ្វារមក បុរសនោះថាស្រវឹង ច្រឡំចូលខុសបន្ទប់ទឹក ហើយឲ្យឆែកទូរសព្ទគាត់ រួចបដិសេធថាមិនបានថតទេ ទាំងដែលប្អូនស្រីខ្ញុំបានឃើញផ្ទាល់ភ្នែក។ ពេលនោះ ខាងម្ចាស់រីសតក៏បានហៅទៅដោះស្រាយស្ងាត់ៗ ដោយមេការអ្នកគ្រប់គ្រងខាងរីសតសុំខាងខ្ញុំដោះស្រាយនៅថ្ងៃស្អែក ដោយយកលេសថា ជនរោគចិត្តស្រវឹងស្រា មិនអាចនិយាយគ្នាបាន និងបានសន្យាទៅលើការបែកធ្លាយវីដេអូដែលបានថត។ ស្ថិតក្នុងករណីបែបធ្លាយនឹងទទួលខុសត្រូវ ដោយខាងរីសតផ្ទាល់ ។ លុះស្អែកឡើងរង់ចាំការដោះស្រាយ ជនរោគចិត្តនោះនៅតែមិនដឹងកំហុស ប្រកែកថា មិនបានថត និងមិនបានសូម្បីនិយាយពាក្យសុំទោសទៅកាន់ប្អូនស្រី អីមួយម៉ាត់។ សូមបងប្អូនជួយពិចារណាផង គ្រួសារខាងខ្ញុំស្លូតពេកហើយ មិនប្ដឹងសូម្បីប៉ូលិស ដោយសារអាណិតម្តាយ និងមិនចង់វែងឆ្ងាយ បានត្រឹមទទួលរឿងឈឺចាប់ ត្រលប់មកផ្ទះវិញ។ ខាងក្រុមគ្រួសារខ្ញុំគ្មានចង់បានអីទេ គ្រាន់ចង់ឲ្យបុគ្គលម្នាក់នោះ ចេះដឹងកំហុស និងធ្វើការសុំទោសឲ្យប្អូនស្រីខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ។ នេះជាមេរៀនមួយមិនគួរទៅបន្ទប់ទឹក ពេលយប់ស្ងាត់តែឯងទេ គួរតែមានមិត្តភក្តិឬបងប្អូនទៅជាមួយ។ ចៀសវាងជនរោគចិត្តអាចធ្វើរឿងមិនគប្បី។ សូមបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ថ្មីៗនេះ នៅរីសតមួយកន្លែង។ សូមជួយ Share ផងបងប្អូន»។

តែក្រោយករណីនេះបានកើតឡើង អ្នកគ្រប់គ្រងរីសតនោះ បានចេញមុខទទួលស្គាល់ការពិត និងធានាអះអាងចំពោះមុខក្រុមគ្រួសារនារីរងគ្រោះថា នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើមានរូបភាព ឬវីដេអូណាមួយ បានលេចឡើងនៅលើអ៊ីនធើរណែត ហើយករណីដែលបានឃើញផ្ទាល់ភ្នែកនេះ សូមដោះស្រាយជូននៅព្រឹកស្អែក។

ទោះជាយ៉ាងណា ក្រោយពីបានជ្រាបពីហេតុការណ៍ខាងលើនេះរួចភ្លាម មហាជនជាច្រើនបានបង្ហាញពីអារម្មណ៍ខឹងសម្បារ ទៅកាន់បុរសរោគចិត្តរូបនោះយ៉ាងខ្លាំង ខណៈមហាជនមួយចំនួនបានសម្តែងការហួសចិត្តផងដែរ ចំពោះខាងរីសត នោះក៏ព្រោះតែពុំបានដោះស្រាយផ្តល់ភាពយុត្តិធម៌ជូននារីរងគ្រោះ ដូចការសន្យានៅយប់ថ្ងៃកើតហេតុភ្លាមៗនោះទេ ដោយគិតមកទល់ពេលនេះ គឺមានរយៈពេលជាង ៥ ថ្ងៃ ហើយ។ នេះបើតាមគណនីហ្វេសប៊ុកបងស្រីនារីរងគ្រោះដដែល បានបញ្ចាក់ឲ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទាំងហួសចិត្តថា៖ «អត់ដោះស្រាយអោយហើយនិយាយលូយទៀត» ខណៈខាងរីសតហាក់ពុំចង់ដោះស្រាយ បែរជាសួរថាតើនារីរងគ្រោះមានរូបភាពភស្តុតាងបន្ថែមទេ បើទោះជានាងបានឃើញផ្ទាល់ភ្នែកស្តែងៗ រត់ចេញទាំងភ័យញាប់ញ័រ និងយំយ៉ាងសស្រាក់រួចហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×