ទីក្រុងប៉ារីស ៖ ព្រះរាជសុន្ទរកថាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខួបលើកទី៣០ នៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ យូណេស្កូ ទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី មានព្រះរាជបន្ទូលថា “ពិធីរំឭកខួបលើកទី៧៥ របស់អង្គការយូណេស្កូ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅតែដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំ ជានិច្ច ហើយថ្ងៃនេះ ខ្ញុំ ទទួលបាននូវការទទួលស្វាគមន៍ដ៏រាក់ទាក់ និងកក់ក្តៅរបស់លោកជំទាវ អគ្គនាយិកា ជាថ្មីម្តងទៀត “។
ព្រះអង្គ សូមថ្លែងនូវការកោតសរសើរ និងសូមនាំមកនូវសេចក្ដីថ្លែងអំណរ គុណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកជំទាវអគ្គនាយិកា ។ សម្តេចតជោ ហ៊ុន សែន បានបំពេញការងារអស់រយៈពេលជាង ៣០ឆ្នាំ ដើម្បីការពារ ជួសជុល និងគ្រប់គ្រង រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ លើសពីនេះទៀត ខ្ញុំ សូមធានាចំពោះលោកជំទាវ ដោយក្តីសោមនស្ស រីករាយថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងធានាបន្តនិរន្តរភាពកម្មវិធីដែលបានអនុវត្តកន្លងមក ។
លោកជំទាវ អូដ អាហ៊ូឡាយ (Audrey Azoulay) កម្ពុជានឹងទាញយកនូវអត្ថ ប្រយោជន៍យ៉ាងល្អប្រសើរពីពាក្យពេចន៍នៃសុន្ទរកថារបស់លោកជំទាវ ដែលទើបតបានថ្លែង មុននេះ។ ពាក្យពេចន៍ទាំងនេះ រំលេចឱ្យឃើញនូវភាពស្របច្បាប់ និងមហិច្ឆតាប្រកបដោយ មោទនភាព ដែលដឹកនាំពីការវិវត្តរបស់រមណីយដ្ឋានអង្គរ និងប្រាសាទសំបូរព្រៃគុក រហូត ដល់ដំណាច់ទសវត្សរ៍ឆ្នាំ ២០២៣-២០៣៣ ។
អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុនរបស់យើងបាននិងកំពុងសហការ ជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកប ដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ ។ មកទល់ នឹងពេលបច្ចុប្បន្ននេះ ប្រទេសជាងសាមសិបបានចូលរួមចំណែកក្រោមទម្រង់ផ្សេងៗគ្នា ក្នុង ការការពារបេតិកភណ្ឌដ៏មហិមារបស់យើង ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត ។ យើងសូមសាទរ ក្នុងទម្រង់បច្ចុប្បន្នចំពោះការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ(CIC) សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត ។ ជាការពិតបន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ប្រសើរ នៃស្នាដៃអភិវឌ្ឍឡើងវិញដែលប្រទេសបារាំង និងជប៉ុនបានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ជាពិសេស ក្នុងវិស័យបុរាណវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ស្របតាមគោលបំណងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺផ្ដោតលើការកំណត់គោលនយោបាយមួយពោរពេញដោយមហិច្ឆតា ក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ សំបូរព្រៃគុក នឹងកោះកេរ។ គោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាពនេះ ត្រូវតែរួមបញ្ចូលនូវផែនការ ច្បាស់លាស់ និងហ្មត់ចត់នៃការគ្រប់គ្រងអេកូឡូស៊ីប្រកបដោយបរិយាបន្ន ។
ម្យ៉ាងវិញទៀត យើងមានការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពនៃគណៈកម្មាធិការCIC ទៅកាន់ប្រទេសជាតិផ្សេងទៀតកាន់តែច្រើន ដែលរំលេចពីសាមគ្គីភាពអន្តរជាតិដែលយើងចង់ឃើញមានការរីកសាយកាន់តែខ្លាំងនៅក្នុងពិភពលោករបស់យើង ដែលការបែកបាក់កើត មានច្រើនញឹកញាប់ជាងការរួបរួមគ្នា។ ទាក់ទងនឹងវិសាលភាពនៃការងារអភិរក្ស និងជួសជុល ដ៏អស្ចារ្យជាច្រើនឆ្នាំដែលបានអនុវត្តជាមួយប្រទេសបារាំង និងជប៉ុន ព្រះរាជាណាចក្រកម្ពុជា យើងសូមការអនុញ្ញតសម្ដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេស ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធា រណរដ្ឋឥណ្ឌា សាធារណរដ្ឋអ៊ីតាលី និងការផ្ដល់មូលនិធិសប្បុរសរបស់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស។ គុណភាពដ៏ធំធេងនៃដៃគូទាំងនេះ និងការធ្វើការងារជាមួយធនធានមនុស្ស វ័យក្មេងពោរពេញដោយទេពកោសល្យរបស់យើង បង្កើតឱ្យមានស្មារតីប្រកួតប្រជែងដ៏ល្អ
ឥតខ្ចោះ។ សាមគ្គីភាពអន្តរជាតិ គឺជាតថភាពជាក់ស្ដែងនៅអង្គរ។ សាមគ្គីភាពនេះត្រូវតែការពារ ពង្រីក និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។
សំណេរនៃសុន្ទរកថានេះ មិនទាន់ស្ងួតផងទេ ខណៈពេលដែលព័ត៌មានដ៏អស្ចារ្យន ការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកត្រូវបានប្រកាស ចេញពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅក្នុងឱកាសនៃកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្ម ធិការបេតិកភណ្ឌពិភពលោក។ ប្រទេសកម្ពុជាបានដាក់សំណើបញ្ចូលរមណីយដ្ឋានកោះកេរ ជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១ ។ អាស្រ័យហេតុនេះ គំរូរបស់គណៈកម្មាធិការCIC នឹងត្រូវ យក៍ទៅអនុវត្តចំពោះការអភិរក្ស ជួសជុល និងគ្រប់គ្រងយ៉ាងពិសេសចំពោះប្រាសាទចំនួន៧៦ និងបុរាណវត្ថុចំនួន១៦៩។ សិល្បៈ និងប្រាសាទកោះកេរដ៏អស្ចារ្យបញ្ជាក់ពីអត្ថិភាពនៃនគរដ៏ មានអំណាច និងរុងរឿង ដែលប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបមួយផ្នែកធំត្រូវតែធ្វើការ ស្រាវជ្រាវ និងកត់ត្រាទុក ។
យើងអាចប្រសិទ្ធនាមកិច្ចប្រជុំរបស់យើង “សាមសិបឆ្នាំឬវ័យ នៃភាពចាស់ទុំយ៉ាងពេញលេញ” ។ កាលពី៣២ឆ្នាំមុន ចាប់តាំងពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រះបិតា ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃខ្ញុំ ទ្រង់បានអំពាវនាវឱ្យអង្គការយូណេស្កូចូលរួមអភិរក្សប្រាសាទ អង្គរ។ បន្ទាប់ពីឡើង គ្រងរាជ្យជាលើកទី២នៅឆ្នាំ១៩៩៣ ព្រះបិតារបស់ខ្ញុំមានបំណងចង់ ដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ។ ព្រះបិតារបស់ ខ្ញុំ បាន ផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងឥតងាករដល់អង្គការយូណេស្កូ គណៈកម្មាធិការCIC និងសាលា បារាំងចុងបូព៌ា រហូតដល់ទ្រង់សោយទិវង្គត។ បន្ទាប់មកកម្ពុជាបានស្នើសុំដាក់បញ្ចូលប្រាសាទ ព្រះវិហារ សំបូរព្រៃគុក និងកោះកេរក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិបន្ទាប់ពីរមណីយដ្ឋាន អង្គរ។ ក្នុងអំឡុងពេលនៃការប្រារព្ធខួបលើកទី៧៥ នៃអង្គការយូណេស្ត យើងបានរំឭកជូន វេទិកានេះថា “ស្នាដៃសិល្បៈខ្មែរទាំងនេះគឺជាឫសគល់របស់យើង ហើយការដឹងគុណរបស់ យើងគឺពុំមានព្រំដែនឡើយ ចំពោះអង្គការយូណេស្កូដែលធ្វើសកម្មភាពនៅកម្ពុជា ជាមួយ សមត្ថភាពរបស់ខ្លួនប្រកបដោយឧត្តមភាព”។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជឱង្ការ សូមសាទរចំពោះការងារដ៏អស្ចារ្យរបស់អាជ្ញាធរជាតិអប្សរា ដែលជាអាជ្ញាធរជាតិ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចរបស់គណៈកម្មាធិការCICអង្គរ-សំបូរព្រៃគុក ។ ការគ្រប់ គ្រងប្រាសាទប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍទូទៅលើផ្ទៃដី ៤០,០០០ហិកតា នៃតំបន់ ការពារប្រាសាទអង្គរ-សៀមរាប ការថែរក្សាបារាយណ៍ និងស្ទឹងសៀមរាប ការអភិវឌ្ឍ ទីក្រុង ការគ្រប់គ្រងទេសចរណ៍និងការបណ្តុះបណ្តាលអាជីពជាច្រើននៅអង្គរ-សៀមរាបស្ថិតក្រោម ការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។ ខ្ញុំ ពិតជាចង់ឱ្យគ្រាប់ពូជ ដែលបានសាបព្រោះ បានកើតទៅជាសាលាបុរាណវិទ្យាខ្មែរ និងមុខវិជ្ជាពាក់ព័ន្ធនាពេលអនាគតដែលពោរពេញ ដោយជំនាញការស្រាវជ្រាវ និងការបោះពុម្ពផ្សាយកម្រិតខ្ពស់។
ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីចំណេះដឹង និងចំណេះធ្វើ របស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រដែលស្ថិតក្រោមគណៈកម្មាធិការ CIC ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តចំពោះ ឯកឧត្តមសាស្ត្រាចារ្យ អាហ្ស៊ីឌីន ប៊សឆាអ៊ូច (Azedine Beschaouch) លេខាធិការវិទ្យាសាស្ត្រតាំងពីឆ្នាំ១៩៩៣ និងឯកឧត្តមសាស្ត្រាចារ្យ មូនៀរ ប៊ូភឺណាគី(Mounir Bouchenaki) ។ ការប្តេជ្ញាចិត្តមិនចេះ នឿយហត់របស់ពួកគាត់ ដើម្បីជាប្រយោជន៍ដល់បេតិកភណ្ឌជាតិរបស់កម្ពុជា តាំងពីឆ្នាំ១៩៩១ ត្រូវបានចារនៅក្នុង ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ភស្តុតាងពីភាពជោគជ័យដ៏ធំធេងនៃការងាររបស់គណៈកម្មាធិការCIC គឺក្នុងមួយឆ្នាំៗ ពេញប្រជាពលរដ្ឋខ្មែររាប់លាននាក់ជាមួយនឹងក្រុមគ្រួសារ បានមកបន់ស្រន់ និងបួងសួងនៅ ក្នុងប្រាសាទនានា។ បន្ទាប់មកជោគជ័យនៃការគ្រប់គ្រងប្រាសាទ និងរមណីយដ្ឋានបុរាណ វិទ្យាដោយគណៈកម្មាធិការCIC បានទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកពីជុំវិញពិភពលោក។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសគ្រប់ជាតិសាសន៍ ត្រូវបានទាក់ទាញដោយទេព កោសល្យស្ថាបត្យកម្មខ្មែរ ដែលបានធ្វើឱ្យមានការចោទសួរនៅក្នុងកន្លែងដ៏ពិសិដ្ឋទាំងនេះនូវ សំណួរដែលពាក់ព័ន្ធយ៉ាងជ្រាលជ្រៅនឹងមនុស្សជាតិ ពោលគឺភាពអមតៈ ។
ប្រសិនបើឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឯកភាព ចូរយើងផ្ដោតលើ លទ្ធផលការងារដែលសម្រេចបាននៅក្នុងរយៈពេលមួយភាគបួន នៃសតវត្សរ៍ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។ រយៈពេល២៥ឆ្នាំនេះ ត្រូវបានកំណត់ដោយការកើនឡើងនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនាជាតិ។ ជាមួយគ្នានេះដែរ សម្រាប់កិច្ចខិតខំប្រឹងប្រែង និង ជោគជ័យរយៈពេល៣០ឆ្នាំនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ យូណេស្កូ អគ្គនាយក-អគ្គនាយិកា លោក ហ្វ្រេដឺរីកូ ម៉ាយោ(Federico Mayor) និងលោក កូយឈីរ៉ូ ម៉ាត់ស៊ុយរ៉ (Koichiro Matsuura) លោកស្រី អ៊ុរីណា បូកូវា (Irina Bokova) និងលោកជំទាវ អូដ អាហ្ស៊ីឡាយ(Audrey Azoulay)។ ភាពរឹងប៉ឹង ភាពក្លាហាន និងការ សម្រេចចិត្តដ៏ត្រឹមត្រូវជាការកំណត់ពីការដឹកនាំរបស់លោកជំទាវ ហើយចំពោះការដឹកនាំនេះ គឺពោរពេញដោយក្តីស្រលាញ់ពិតប្រាកដចំពោះ ព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នមានសន្តិភាពនិងកំពុងក្លាយជារដ្ឋទំនើប អង្គការ យូណេស្កូកំពុងអភិវឌ្ឍកម្មវិធីរបស់ខ្លួន ជាពិសេសទាក់ទងនឹងការអប់រំ និងការបណ្តុះបណ្តាល វិជ្ជាជីវៈ។ យុវជនកម្ពុជា ឆ្លើយតបដោយការស្រេកឃ្លានក្រេបជញ្ជក់នូវចំណេះដឹង និងភាព រីកចម្រើន ។ វិស័យទេសចរណ៍ បរិស្ថាន ការបណ្ដុះបណ្តាលជំនាញជួសជុលប្រាសាទ ការបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ការការពារនិងគ្រប់គ្រងបឹងទន្លេសាប ដែលអង្គការយូណេស្កូចាត់ជាតំបន់ជីវមណ្ឌលបម្រុងដំបូងគេនៅកម្ពុជា គឺជាវិស័យការងារ របស់អង្គការយូណេស្កូ បន្ថែមទៅលើកម្មវិធីប្រពៃណ៍ផ្សេងទៀតរបស់អង្គការ ។ ប្រទេសកម្ពុជា ចង់មានស្តង់ដារប្រកបំដោយមហិច្ឆតា ប៉ុន្តែអាចសម្រេចបាននៅក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស ។ ក្នុងស្មារតីនេះ ការបង្កើតមជ្ឈមណ្ឌលឯកសារចីរភាពដ៏ធំមួយ នឹងក្លាយជាសម្បត្តិ ដ៏មានតម្លៃ ហើយយើងនឹងខិតខំប្រឹងប្រែងសម្រេចកិច្ចការនេះ ។ មជ្ឈមណ្ឌលឯកសារនេះនឹង ក្លាយជាការចងចាំនៃអង្គរ ។
តាំងពីដើមមក អង្គការយូណេស្កូបានកំណត់អាទិភាពរបស់ខ្លួនលើវិស័យអប់រំ ។ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយ៍ករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានបង្ហាញពីឆន្ទៈយ៉ាងមោះមុត របស់សម្ដេច ក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការ សកម្មភាពរបស់រាជរដ្ឋាភិបាល។ បញ្ហាប្រឈម មានច្រើន ដូចជាក្តីសង្ឃឹមរបស់យុវជនយើង។ នៅក្នុងពិភពលោកដែលមានភាពប្រទាក់ក្រឡាគ្នា ការបណ្តុះបណ្តាលមានការវិវត្ត ហើយការ បង្រៀនក៏ត្រូវការកិច្ចអភិវឌ្ឍថ្មីដែរ ។ ខ្ញុំពិតជាជឿជាក់ថាការប្ដេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋ ភិបាលនឹងទទួលបានការគាំទ្រ ហើយ ខ្ញុំសូមអំពាវនាវដល់អង្គការយូណេស្កូ ឱ្យចូលរួម ចំណែកក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្តាលថ្មីៗ ។ នៅប្រទេសកម្ពុជា អង្គការយូណេស្កូនឹង ទទួលបាននាពេលបច្ចុប្បន្ននេះ ក៏ដូចជានាពេលអនាគតនូវការប្តេជ្ញាចិត្តផ្តល់កិច្ចសហប្រតិ បត្តិការមិនងាករពីសំណាក់យុវជន និងអាជ្ញាធរ រដ្ឋាភិបាល និងស្ថាប័នរបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី