Friday, December 1, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធហើយក្នុងទីរួមខេត្តក្រចេះ

spot_img

            នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធ ពិធីបើករបស់ខ្លួននៅសាលមហោស្រពខេត្តក្រចេះ  ដោយមានការចូលរួម និង គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ក្រសួងបរិស្ថាន អភិបាលរងខេត្ត យូនីសេហ្វ កម្ពុអ៊ែរ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់យ៉ាងអាធិកអាធមដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោក ក៏ដូចជាសាទរដល់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។ 

            «បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពី មហោស្រពសិល្បៈបុណ្យភូមិ ដែលតែងតែ រៀបចំនៅរាជធានីភ្នំពេញ។ រយ:ពេល១០ឆ្នាំនៃការផ្សព្ធផ្សាយនូវវប្បធម៌​​​​  ប្រពៃណី​ និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ កម្មវិធីនេះគឺតែងតែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដូច្នេះហើយបុណ្យភូមិមានជើង នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដោយជំហានដំបូងនេះ បុណ្យភូមិមានជើង បានធ្វើដំណើរមកកាន់ខេត្តក្រចេះ ដែលជាខេត្តដំបូងនៃការរៀបចំកម្មវិធីរបស់ខ្លួន។

            កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពសិល្បៈ បុណ្យភូមិ និង ជាអ្នកដឹកនាំការរៀបចំកម្មវិធី បុណ្យភូមិមានជើង បានអោយដឹងពីមូលហេតុនៃការបោះជំហាននៅតាមបណ្តាខេត្តថា «យើងចង់ចូលរួមផ្សព្ធផ្សាយពីតំបន់ដែលមានធម្មជាតិស្រស់ស្អាត និង សំបូរទៅដោយវប្បធម៌ ដល់ប្រជាជនកម្ពុជាដែលគាត់មិនដែលបានចាប់អារម្មណ៍។ ជាក់ស្តែងដូចជាខេត្តក្រចេះ ដែលជាខេត្តមួយដែលមានសត្វផ្សោតទឹកសាប ដែលចាត់ទុកថាជាសត្វកម្រមួយ ហើយមានតែនៅក្នុងខេត្តក្រចេះ នៃប្រទេសកម្ពុជា»។ កញ្ញាបានបន្តទៀតថា៖ «ខេត្តក្រចេះគឺជាខេត្តដែលជាប់នៅតាមបណ្តោយទន្លេមេគង្គ ដូច្នេះប្រជាជនដែលរស់នៅតាមប្រាស្រ័យទឹកទន្លេសុទ្ធតែមានវប្បធម៌ និង ប្រពៃណី នៃការរស់នៅដ៏គួរចាប់អារម្មណ៍ ដូច្នេះយើងពិតជាចង់អោយប្រជាជនកម្ពុជាដាក់ខេត្តក្រចេះនៅក្នុងបេះដូងថាជាតំបន់មួយដ៏គួរអោយចាប់អារម្មណ៍នៅក្នុងដួងចិត្តរបស់ពួកគេ»។

កម្មវិធីបុណ្យភូមិមានជើងក៏ទទួលបានកិច្ចសហការពីយូនីសេហ្វក្នុងគោលបំណងរួមគ្នាដើម្បីអបអរសាទរទិវាកុមារពិភពលោក។ ជាផ្នែកមួយនៃការចូលរួមអបអរទិវាកុមារពិភពលោក បុណ្យភូមិមានជើងបានរៀបចំការហ្វឹកហាត់ដល់ ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ដោយបានអញ្ជើញវាគ្មិនកិត្តិយសជាច្រើន មកផ្តល់ចំណេះដឹង និងបទពិសោធ ក្រោមប្រធានបទផ្សេងៗដែលទាក់ទងនឹងអាជីវកម្ម ការធ្វើការងារជាក្រុម ការរកខ្លួនឯងមុនរកអាហារូបករណ៍។ ជាពិសេសទៀតនោះ! យូនីសេហ្វ និងបុណ្យភូមិមានជើង សហការរៀបចំសិក្ខាសាលាចែក រំលែកចំណេះដឹងលើប្រធានបទ សុខភាពផ្លូវចិត្ត អាហារូបត្ថម្ភ ការប្រែប្រួលអាកាសធាតុ និងការអភិរក្សបរិស្ថាន ជូនដល់ឡេឡេផ្សោតប្រមាណជាង១០០នាក់ និងបងប្អូនដែលនឹងមកចូលរួមកម្មវិធីបុណ្យភូមិមានជើង។

            សូមបញ្ចាក់ថា «បុណ្យភូមិមានជើង» នៅខេត្តក្រចេះនេះនឹងធ្វើឡើងរយ:ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ដោយមានការរៀបចំកម្មវិធីពិសេសៗជាច្រើនទៅតាមតំបន់សំខាន់នានានៅក្នុងខេត្តក្រចេះដូចជា 

/ អន្លង់ផ្សោតកាំពី៖ ដែលបុណ្យភូមិមានជើងជ្រើសរើសអន្លង់ផ្សោតព្រោះយើងមានគោលបំណងក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏ល្អឯកមានតែមួយ​គត់នេះឲ្យបានទូលំទូលាយពីការពន្យល់បង្ហាញការថែរក្សាអភិរក្សនូវសម្បត្តិធម្មជាតិមួយនេះ​ដោយមាន​ការចូលរួមធ្វើបទបង្ហាញពី ឡេឡផ្សោត (ក្រុមទេសចរណ៍)។ 

/ សាលមហោស្រពខេត្តក្រចេះ

ដោយបានដាក់ទីតាំងនេះដើម្បីរៀបចំកម្មវិធីប្រកួតសមត្ថភាពរបស់សិស្សានុសិស្សដែលមានការចូលរួមពីបណ្ដា​៣វិទ្យាល័យផ្សេងៗគ្នាដើម្បីប្រកួតប្រជែងគ្នានិងជាការគាំទ្រស្នាដៃទេពកោសល្យរបស់ពួកគេនិងជាការជម្រុញទឺកចិត្តពួកគេក្នុងការចាប់យកក្ដីស្រមៃបន្តទៀត។ 

/ វត្តរកាកណ្ដាលចាស់៖ 

​ជាទីតាំងមួយដែលបាន​កំណត់ដើម្បីមកបើកបង្ហាញការសម្ដែងសិល្បៈបែបប្រពៃណី ការទស្សនាផ្សាយចំណេះដឹងផ្នែកសិល្បៈដោយនៅទីនោះ មានផ្ទះសិល្បៈផងដែរ។ លើសពីនេះទៅទៀតគឺជាការបង្ហាញស្មារតីសាមគ្គីភាពរួមគ្នាដោយមានការមើលល្ខោនស្បែកធំ រាំកម្សាន្ដ និង លេងល្បែងប្រជាប្រិយ។ 

/​ ទីធ្លាវិមានឯករាជ្យនិងមាត់ទន្លេក្រុងក្រចេះ៖

ជាកន្លែងដែលបុណ្យភូមិមានជើងរបស់យើង បាននាំយកនូវភាពរីករាយបន្ថែមមកចែកជូន បងប្អូនដោយមានការរៀបចំនូវការប្រគុំតន្រ្តីសម័យដែល​មាន​ការចូលរួមពីសំណាក់តារាល្បីៗជាច្រើនរូប​នៅវេលាម៉ោង៦ល្ងាចដល់៩និង៣០នាទីល្ងាច​​ ថ្ងៃ​ទី១៩​ខែវិច្ឆិកា។

កម្មវិធីដ៏ធំសម្បើមនេះ ប្រព្រឹត្តទៅបានដោយមានកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្រ្តាលី ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់។

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

លោក រៀម​ ចំរើន

តួនាទី៖ ឡេឡេផ្សោត ផ្នែកទំនាក់ទំនង

ទូរស័ព្ទ៖ 097 5308 312

Telegram: 081 76 44 80

spot_img
×