ជាការពិតណាស់ មនុស្សម្នាក់ជាធម្មតាគឺមានប្រវត្តិ និងការតស៊ូខុសៗគ្នា ដើម្បីទទួលបានជោគជ័យ និងយ៉ាងហោចណាស់ក៏អាចមានជីវភាពល្អប្រសើរ ដោយឆ្លងកាត់ការលំបាកនៃជីវិតរាល់ថ្ងៃ គឺមិនងាយស្រួលនោះទេ។ តែយ៉ាងណាមិញ បុរសថៃម្នាក់បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលព្រោងព្រាត និងងឿងឆ្ងល់គ្រប់ៗគ្នាតែម្តង នៅពេលបានឃើញបុរសរូបនេះស្រាប់តែយក «ម៉ូតូ១គ្រឿង» ទៅចតទុកនៅយ៉ក្រោមដំបូលផ្ទះជាន់ទី២ ដោយមិនដឹងថាមានហេតុផលអ្វីនោះទេ។
បើយោងតាមប្រភពព័ត៌មានថៃ sanook បានលាតត្រដាងរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យដឹងថា លោក Bunchot Sukkarn ជាម្ចាស់ផ្ទះបានប្រាប់ថា ម៉ូតូនេះជាម៉ូតូជាទីស្រលាញ់ ដែលធ្លាប់ជា «មធ្យោបាយ» ដែលបានជួយដោះស្រាយការលំបាករបស់គាត់ នាពេលកន្លងមក។ ហេតុនេះ វាត្រូវបានយកទៅចតនៅលើយ៉រ ដើម្បីរំលឹកថា «កាលណាយើងមានការលំបាក គឺមានម៉ូតូនេះជាទីពឹង និងជួយដោះស្រាយបញ្ហា»។ គាត់ថា ធ្លាប់មានគេសុំទិញដែរ ប៉ុន្តែគាត់មិនលក់ទេ ហើយនៅពេលសង់ផ្ទះរួច គាត់ក៏មានគំនិតចង់ដាក់ទុកវាជាអនុស្សាវរីយ៍បែបនេះតែម្តងទៅ។
លោក Bunchot បានឲ្យដឹងផងដែរថា គាត់មានដើមកំណើតមកពីខេត្ត Trang។ កាលពី២០ឆ្នាំមុន គាត់បានធ្វើដំណើរទៅខេត្ត Krabi ដោយជិះម៉ូតូធំនេះ ដើម្បីស្វែងរកការងារធ្វើ។ ពេលនោះគាត់មិនមានអ្វីជាប់ខ្លួនទេ គឺមានតែម៉ូតូនេះប៉ុណ្ណោះ។ ដូច្នេះ គាត់បានដាក់បញ្ចាំម៉ូតូនេះក្នុងតម្លៃ ៤.៥០០ បាត ដើម្បីយកប្រាក់ទុកចាយវាយបណ្ដោះអាសន្ន ក្នុងអំឡុងពេលកំពុងស្វែងរកការងារធ្វើ។ លោក Bunchot បានបន្តថា កាលខ្ញុំនៅវ័យជំទង់ លុយដែលរកបានត្រូវចំណាយស្ទើរទាំងស្រុង ដោយសល់ទុកតែ ៧៥០ បាត ប៉ុណ្ណោះ។
ក្រោយមក គាត់បានដាក់ពាក្យធ្វើជាសន្តិសុខមួយរយៈ និងបានប្តូរមកធ្វើការនៅសណ្ឋាគារមួយនៅ Ao Nang រហូតសន្សំបានលុយគ្រប់ចំនួន ដើម្បីយកទៅរំលស់ម៉ូតូនេះមកវិញ។ ក្រោយមក លោកបានប្តូរមុខរបរមកជាបុគ្គលិកហាងលក់ទំនិញ និងពេលទំនេរ គាត់ក៏ដើរស៊ីឈ្នួលធ្វើការងារទូទៅរកលុយបន្ថែម។ ចាប់តាំងពីពេលនោះមក ខ្សែជីវិតរបស់គាត់ហាក់មានភាពប្រសើរឡើង រហូតដល់អាចមានប្រាក់គ្រប់គ្រាន់ទិញដី និងសាងសង់ផ្ទះមួយខ្នងនេះដែលកន្លែងលក់ដូរសព្វថ្ងៃផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង